ភ្នំពេញៈ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បាន​អះអាង​ថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​កសិផល​ពី​ខេត្ត​នេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ប្រមាណ ៨៧ ៦០៤ ​តោន​ ស្មើនឹង​តម្លៃ ៣៧ ​លាន​ដុល្លារ​។

ការអះអាង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ខេត្ត​រតនគិរី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​។

លោក ថង សាវុន បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិផល​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​វិនិយោគ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ ​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​។ ក្រុមហ៊ុន​ទាំងនោះ​កំពុង​វិនិយោគ​លើ​ដំណាំ កៅស៊ូ ស្វាយចន្ទី ចេកអំបូង​លឿង ស្វាយ ស្រកានាគ ខ្នុរ ដូង ទុរេន មៀន និង​ក្រូច ជាដើម​។

លោក​បន្តថា គិត​មកទល់​ពេល​នេះ​ក្រុមហ៊ុន​ទាំងនោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​សរុប ១២៤ ៦៦៩ ហិកតា ក្នុង​នោះ​ការអនុវត្ត​ដាំដុះ​លើ​ផ្ទៃដី ៥៥ ០៤៣ ​ហិកតា​។

លោក​បញ្ជាក់ថា លើស​ពី​នេះ​ខេត្ត​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ចំនួន ៧ ​ទីតាំង និង​សិប្បកម្ម​កៅស៊ូ​សន្លឹក​ចំនួន ៩ ​ទីតាំង ដែល​មាន​សមត្ថភាព​ផលិត​កែច្នៃ​ជ័រកៅស៊ូ​ក្រែប​ជា​មធ្យម ៣០ ៤៧៩ ​តោន​ក្នុង ១ ​ឆ្នាំ​។

សព្វថ្ងៃ​ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ប្រមាណ ១១ ១៣៦ ​នាក់​។ លោក​និយាយថា​៖ «​ជាក់ស្តែង​បច្ចុប្បន្ន​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២ ០០០ ​នាក់​បន្ថែមទៀត​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​»​។

យោងតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំចេញ​កសិផល​របស់​កម្ពុជា​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង ឆ្នាំ​ ២០២០ នេះ​សម្រេច​បាន​ជាង ៤ ​លាន​តោន​។

របាយការណ៍​បង្ហាញថា កសិផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ផ្លូវការ រួមមាន អង្ករ ដំឡូងមី ម្រេច កៅស៊ូ ស្វាយ ស្វាយចន្ទី ចេក ពោត សណ្តែកសៀង បន្លែ និង​ថ្នាំជក់​។ ចំណែក​ការនាំចេញ​ក្រៅ​ផ្លូវការ​គឺ​ស្រូវ និង​ដំឡូងមី​ស្រស់​ទៅ​ប្រទេស​វៀតណាម​។

អ្នកស្រី ភ្លុក បុទុមបុប្ផា ម្ចាស់​ចម្ការកៅស៊ូ ម្រេច ដូង ទុរេន ដែល​ដាំដុះ​លើ​ផ្ទៃដី​សរុប​ជាង ២០០ ​ហិកតា​ នៅ​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រមូលផល​កៅស៊ូ​របស់​អ្នកស្រី​ជា​មធ្យម ១ ០០០ ​តោន​ ក្នុង ១​ ឆ្នាំ​ដែល​អាច​ផ្តល់​ចំណូល​ជា​មធ្យម ៨ ០០០ ​ដុល្លារ បន្ទាប់ពី​កាត់ថ្លៃ​ចំណាយ​រួច ខណៈ​ការប្រមូលផល​ម្រេច​បាន ៦៥ ​តោន ​នៅ​រដូវ​ប្រមូល​ឆ្នាំ ២០២០ នេះ​ (៧៥ ​តោន​ឆ្នាំ​ ២០១៩) ​ក្នុងនោះ​ម្រេច​សល់​ក្នុង​ស្តុក​ជាង ២៥ ​តោន​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​សព្វថ្ងៃ​តម្លៃ​កៅស៊ូ​ជា​មធ្យម ១ ០២៣ ០០០ ​រៀល​ ក្នុង ១ ​តោន ​ដែល​តម្លៃ​នេះ​ទាប​ជាង​ឆ្នាំមុន​។ រីឯ​ម្រេច​វិញ​មាន​តម្លៃ ៨ ០០០ ​រៀល ​ក្នុង ១ ​គីឡូក្រាម ​ដែល​តម្លៃ​នេះ​គឺ​អត់​ចំណេញ​ទេ ព្រោះ​តម្លៃ​ធ្លាក់​រាល់​ឆ្នាំ ជាក់ស្តែង​ខ្ញុំ​សល់​ក្នុង​ស្តុក​ប្រមាណ ២៥ ​តោន​ពេលនេះ​»​។

របាយការណ៍​ក្រសួង​កសិកម្ម​បាន​​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​មាន​តម្លៃ​ជាង ៥,៤ ​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​រួមមាន អង្ករ ម្សៅដំឡូងមី ដំឡូងមី​ស្រស់ គ្រាប់ស្វាយចន្ទី ពោត ស្វាយ និង​បន្លែ ជាដើម​៕