ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម (ក្រៅពី​អង្ករ) ​សរុប​ជាង ៥ ​លាន​តោន​នៅ​ក្នុង​រយៈពេល ១១ ​ខែ​ ឆ្នាំ​ ២០២០ កើន​​ប្រមាណ​ ៤៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៩។ នេះ​បើ​យោង​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ទិន្នន័យ​បង្ហាញ​ថា​ក្នុង​រយៈពេល ១១ ​ខែ​នៃ​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​​ (ក្រៅពី​អង្ករ) ជា​ផ្លូវការ​ចំនួន ៦៧ ​មុខ​ទៅ​ប្រទេស​ចំនួន ៤៦ ក្នុង​បរិមាណ​សរុប​ ៥,០៥ លាន​តោន។ ​ផលិតផល​នាំ​ចេញ​សំខាន់ៗ​មាន​ដូចជា ដំឡូងមី​ក្រៀម​ ១,៣១ លាន​តោន ផ្លែ​ចេក​ស្រស់ ៣០០ ១៧៤ តោន ជ័រកៅស៊ូ ២៩០ ៧០០ ​តោន​ គ្រាប់​ស្វាយ​ចន្ទី ២១៤ ៧២១ ​តោន និង​​គ្រាប់ពោត​មាន​ចំនួន ១៩៤ ៥០០ ​តោន។ ​ចំណែក​ផ្លែ​ស្វាយស្រស់​មាន​ ៩០ ៨០១ ​តោន ម្ទេស​ស្រស់ ៦២ ៤៣២ ​តោន ល្ង ៥ ៧៩៩ ​តោន ដំណាប់​ស្វាយ ៥ ៧៥៥ ​តោន ម្រេច ៤ ៩៨២ ​តោន គ្រាប់​ឈូក ៣ ៨១៥ ​តោន និង​ម្ទេស​ក្រៀម ១៨០០ ​តោន។

លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា ជាមួយ​នឹង​ការកំណត់​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​កិច្ចខិតខំ​របស់​អ្នក​ពាក់ព័ន្ធ​បាន​ធ្វើ​ឱ្យ​បរិមាណ​នៃ​ការដាំដុះ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កើនឡើង​​ជា​បន្តបន្ទាប់​។

លោក​ថ្លែង​ថា៖ ​«​ការប្រមូលផល​ និង​ការបញ្ជា​ទិញ​មាន​កាន់តែ​ច្រើន ស្រប​ពេល​ការទទួល​បាន​ទីផ្សារ​ថ្មីៗ​បន្ថែម​នោះ​បាន​ធ្វើ​ឱ្យ​ការនាំចេញ​ផលិតផល​កសិកម្មកម្ពុជា​ក្នុង​រយៈពេល ១១ ខែ​នេះ​កើនឡើង​​ប្រហែល ៤៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​ឆ្នាំ​មុន​»​។

ទោះ​យ៉ាង​ណា​លោក សាខុន អះអាង​ថា សម្រាប់​ស្ថានភាព​ជាក់ស្តែង​ការនាំ​ចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​មាន​បរិមាណ​លើស​ពី​ចំនួន​នេះ​​។

លោក ហុង វណ្ណៈ អ្នក​ទទួល​បន្ទុក​សេដ្ឋកិច្ច​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ថា វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ហេតុ​នេះ​បើ​វា​មាន​សញ្ញា​វិជ្ជមាន​នោះ គឺជា​ការល្អ​ណាស់ ព្រោះ​តាមរយៈ​កំណើន​​ការនាំ​ចេញ​នេះ វា​ក៏​បង្ហាញ​ពី​ការធានា​បាន​​​ភាពរឹងមាំ​របស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា និង​ការបង្កើត​ការងារ​សម្រាប់​ប្រជាកសិករ​ផង​ដែរ។

លោក​និយាយ​ថា៖ ​«ដើម្បី​ឱ្យ​ផលិតផល​កសិកម្ម​​កម្ពុជា​កាន់តែ​មាន​សក្តានុពល​សម្រាប់​ការនាំ​ចេញ​​នោះ វា​ទាមទារ​ចាំបាច់​ការចូលរួម​របស់​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការតម្រង់​ទិស​ពី​ការប្រើប្រាស់​ពូជ ជី និង​វិធីសាស្រ្ត​ដាំដុះ​ដល់​ប្រជាកសិករ​ផង​ដែរ​ ខណៈ​បច្ចុប្បន្ន​ប្រជាកសិករ​ភាគច្រើន​តែង​​ធ្វើ​តាម​គ្នា ឬ​តាម​ទម្លាប់»។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​វិស័យ​កសិកម្ម​មាន​ភាពរឹងមាំ​ក៏​ដូចជា​កសិករ​មាន​ទំនុក​ចិត្ត​​លើ​ការដាំដុះ​​នោះ អាជ្ញាធរ​ក៏​គួរ​តែ​គិតគូរ​ពី​ការធានា​ស្ថិរភាព​ទីផ្សារ និង​តម្លៃ​ផង​ដែរ​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​វិនិយោគ​លើ​កសិដ្ឋាន​ដាំ​ចេក​ក្នុង​ខេត្ត​កំពត​លើ​ផ្ទៃដី​ជាង ១ ពាន់​ហិកតា​ក្នុង​ខេត្ត​កំពត​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​តុលា​ថា កម្ពុជា​ពិតជា​មាន​សក្តានុពល​ក្នុង​ការពង្រីក​ចង្វាក់​ផលិតកម្ម​លើ​ផលិតផល​កសិកម្ម​ ដើម្បី​បម្រើ​ដល់​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ជាក់ស្តែង​ការនាំចេញ​ចេក​អំបូង​លឿង​របស់​កម្ពុជា​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ចាប់ពី​ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​នាំចេញ​ដោយ​ផ្ទាល់​កាលពី​ឆ្នាំ​មុន។

លោក​ថ្លែង​ថា​៖ «​ការនាំចេញ​ចេកអំបូង​លឿង​របស់​យើង​កើនឡើង​ខ្ពស់​ ដោយសារ​ចេក​យើង​មាន​ស្តង់ដា​អនាម័យ​គោរព​តាម​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​ចិន​»​។

កាលពី​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ (ក្រៅ​ពី​អង្ករ) ​ជា​ផ្លូវការ​​ក្នុង​បរិមាណ​សរុប ៤ ១៦៤ ៧៦០ ​តោន​។ នេះ​បើ​​តាម​​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕ ​LA