ភ្នំពេញៈ ការនាំ​ចេញ​កៅស៊ូ​បាន​កើនឡើង ២១ ភាគរយ​នៅ​ឆមាស​ទី ១ ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧ ខណៈ​កម្ពុជា​បន្ត​បង្កើន​សមត្ថភាព​ប្រមូលផល​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​​កសិកម្ម​បាន​ថ្លែង​​ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​បាន​នាំ​ចេញ​កៅស៊ូ ៨៤ ៤១៩ តោន​ក្នុង​អំឡុង ៦ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៨ ដែល​កើនឡើង ១៤ ៣៧៦ តោន​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​ផ្ទៃដី​ដាំដុះ​កៅស៊ូ​ សរុប​មាន​ចំនួន ៤៣៦ ២៩៩ ហិកតា ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ១៧៣ ០១៧ ហិកតា​ដែល​ស្មើនឹង ៣៩ ភាគរយ​នៃ​ការដាំដុះ​សរុប​។

លោក ប៉ុល សុផា បន្ត​ថា​តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង ៦ ខែ​ដំបូង​ឆ្នាំ​នេះ ដោយ​តម្លៃ​នាំ​ចេញ​ជា​មធ្យម​នៃ​កៅស៊ូ​ធម្មជាតិ​ បាន​ធ្លាក់​ចុះ ១៨,៩៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មក​នៅត្រឹម​ ១៤៣៤ ដុល្លារ​ក្នុង​មួយ​តោន​។

លោក​បាន​ថ្លែង​ថា ​និន្នាការ​ដាំដុះ និង​ការនាំ​ចេញ​កំពុង​រក្សា​កំណើន​ដែល​ជា​សញ្ញា​ល្អ​មួយ ប៉ុន្តែ​តម្លៃ​កៅស៊ូ​កំពុង​ប្រែប្រួល ដោយសារ​តែ​ទីផ្សារ​​ពិភពលោក និង​ភាព​ចម្រូង​ចម្រាស​របស់​បណ្ដា​ប្រទេស​នានា​ដូចជា​អាមេរិក ចិន និង​កូរ៉េ​ខាង​ជើង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បញ្ហា​ប្រឈម​របស់​យើង​ចំពោះ​កៅស៊ូ​គឺ​មាន​តែ​ការប្រែប្រួល​តម្លៃ​ប៉ុណ្ណោះ ប៉ុន្តែ​ការនាំ​ចេញ​របស់​យើង​កំពុង​រក្សា​ការកើនឡើង ហើយ​វា​នឹង​កើនឡើង​ដល់ ២២០ ០០០ តោន​នៅ​ចុង​ឆ្នាំ​នេះ​»​។

លោក​បន្ត​ថា​៖ «​ការដាំដុះ​កៅស៊ូ​នៅ​តែ​មាន​សក្ដានុពល​ល្អ​សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​»​។

លោក ម៉ែន សុភ័ក្រ អគ្គលេខាធិការ​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​បាន​ថ្លែង​ថា បរិមាណ​ការនាំ​ចេញ​កៅស៊ូ​កម្ពុជា​កំពុង​បន្ត​កើនឡើង ដោយសារ​ដើម​កៅស៊ូ​ដែល​បាន​ដាំដុះ​រយៈពេល ៣ ឆ្នាំ​កន្លង​មក​អាច​ប្រមូលផល​បាន​ដែល​បង្កើន​ការផ្គត់ផ្គង់ ខណៈ​តម្រូវការ​អន្តរជាតិ​បន្ត​ស្ទុះ​ងើប​។

លោក​ថ្លែង​ថា តម្លៃ​កៅស៊ូ​បាន​កើន​ខ្ពស់​ជាង​តម្លៃ​រួច​ដើម​ហើយ​សម្រាប់​កសិករ​ដាំដុះ​កៅស៊ូ ប៉ុន្តែ​វា​នៅ​តែ​មិន​ខ្ពស់​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​សម្រាប់​ការខាតបង់​របស់​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​នោះ​ទេ ដោយសារ​តែ​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​តម្លៃ​កៅស៊ូ ​គឺ​ពេញចិត្ត​សម្រាប់​កសិករ ប៉ុន្តែ​វា​នៅ​តែ​មិន​ចំណេញ​សម្រាប់​ពួកយើង​ដែល​ជា​វិនិយោគិន​»៕ LA