ភ្នំពេញ: ការនាំចេញ​ជ័រ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើន​តិចតួច​បំផុត ខណៈ​តម្លៃ​កៅស៊ូ​ក៏បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២០ ​ជា​ពេលដែល​ជំងឺ​កូវីដ​ ១៩​ បាន​រាតត្បាត​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិតកម្ម​ឧស្សាហកម្ម​នៅ​ទូទាំង​សកលលោក​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ការនាំចេញ​កៅស៊ូ​ពី​ប្រទេស​កម្ពុជា​សម្រេចបាន​ចំនួន ១៧៩ ៦២១ ​តោន​ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​កើនឡើង​ ៣,៧៨ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុននេះ រីឯ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​លើ​ទីផ្សារ​អន្តរជាតិ​ចំនួន​ ១ ២៨៨ ដុល្លារ​ ក្នុង​ ១ ​តោន​ ដោយ​ធ្លាក់ចុះ​ជា​មធ្យម​ចំនួន​ ៥១ ​ដុល្លារ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទោះបី​យ៉ាងណា​ក្នុង​ខែកញ្ញា​ឆ្នាំនេះ តម្លៃ​ជ័រកៅស៊ូ​លក់​ចេញ​ជា​មធ្យម​កើន​ ២៦ ​ដុល្លារ ក្នុង​ ១ ​តោន បើ​ធៀប​នឹង​តម្លៃ​កាលពី​ខែសីហា ប៉ុន្តែ​តម្លៃ​នោះ​ទាប​ជាង​ ៦៤ ​ដុល្លារ​ ក្នុង ១ ​តោន​បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំមុន​។

លោក ហេង ស្រេង អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចម្ការកៅស៊ូ​បឹងកេត​នៅ​ខេត្តកំពង់ចាម​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​ជ័រកៅស៊ូ​ពី​ថយចុះ​ប្រហែល ៣០ ​ភាគរយ ប៉ុន្តែ​តម្លៃ​កៅស៊ូ​ងើបឡើង​បន្តិច​វិញ​ក្នុង​រយៈពេល​​ចុងក្រោយ​នេះ​។

លោក​បន្តថា ដោយសារ​ភាពមិន​ច្បាស់លាស់​នៃ​ទីផ្សារ និង​តម្លៃ​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​លោក​កែប្រែ​ដីចម្ការ​កៅស៊ូ​ជា​ចម្ការ​ចេកអំបូង​លឿង​វិញ​ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ជាពិសេស​ទីផ្សារ​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​កែប្រែ​ដី​ជា​ចម្ការចេក​កើន​រហូតដល់​ជាង​ ២ ០០០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​កត្តា​តម្លៃ​កៅស៊ូ​បន្ត​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់ ខ្ញុំ​សម្រេច​កាប់​ដើម​កៅស៊ូ​ចោល​អស់​ជាច្រើន​ពាន់​ហិកតា ដើម្បី​ដាំ​ដំណាំ​ចេកអំបូង​លឿង​វិញ ព្រោះ​ចេក​កំពុង​មាន​តម្លៃ​ខ្ពស់ និង​ទីផ្សារ​ល្អ​ជាង​»​។

អ្នកស្រី ភ្លុក បុទុមបុប្ផា ម្ចាស់​ចម្ការកៅស៊ូ ម្រេច ដូង ទុរេន ដែល​ដាំដុះ​លើ​ផ្ទៃដី​សរុប​ជាង ២០០ ​ហិកតា​ នៅ​ខេត្ត​រតនគិរី​ក៏​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​របរ​កសិឧស្សាហកម្ម​មួយ​នេះ​ដោយ​ ១ ​ឆ្នាំ​សល់​ប្រហែល​ ៨ ០០០ ​ដុល្លារ​ប៉ុណ្ណោះ​បន្ទាប់ពី​ការទូទាត់​ការចំណាយ​រួច​។

អ្នកស្រី​ថ្លែងថា​៖ «​ដោយ​បញ្ហា​អាកាសធាតុ​បង្ក​ឱ្យ​មាន​ព្យុះភ្លៀង​ញឹកញាប់​ធ្វើឱ្យ​ខ្ញុំ​ខកខាន​ការប្រមូលផល​កៅស៊ូ​»​។

ទិន្នន័យ​ក្រសួងកសិកម្ម​បន្ថែម​ថា​គិត​មកដល់​ពេល​នេះ​ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​ចំនួន ៤០៣ ១៩៥ ​ហិកតា ​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ២៩០ ៦០៩ ​ហិកតា​ ស្មើនឹង ៧២ ​ភាគរយ​។

យោង​តាម​របាយការណ៍​របស់ Research and Markets តម្លៃ​កៅស៊ូ​ក្រែប​នឹង​បន្ត​ធ្លាក់​ថ្លៃ​ចាប់ពី​ឆ្នាំនេះ​បន្ត​រហូតដល់​ឆ្នាំ ២០២១​។ ប្រទេស​ចិន​ មាន​តម្រូវការ​កៅស៊ូ​ច្រើន​ជាងគេ​បំផុត​នៅលើ​សកលលោក​ដែល​មាន​រហូតដល់ ៤១ ​ភាគរយ​ នៃ​បរិមាណ​ផលិតផល​កៅស៊ូ​សរុប​លើ​ពិភពលោក​៕ LA