ភ្នំពេញៈ ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២៣ ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ខណៈតម្លៃនៅតែបន្តធ្លាក់ចុះ។ នេះបើយោងតាមតួលេខបានពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។
ទិន្នន័យនេះបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូ ៤៨ ១៩២ តោននៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៩ កើនឡើង ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃជាមធ្យម ១ ២៧៩ ដុល្លារក្នុង ១ តោន ធ្លាក់ចុះ ១២ ភាគរយ។
ផ្អែកលើតម្លៃ និងបរិមាណនៃការនាំចេញ ឧស្សាហកម្មនេះរកបានចំណូលប្រហែល ៦១ លានដុល្លារនៅត្រីមាសដំបូងឆ្នាំនេះ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានឲ្យដឹងថា ទោះបីជាតម្លៃបន្តធ្លាក់ចុះក៏ដោយ ក៏រហូតមកដល់ពេលនេះតម្រូវការទីផ្សារនៅតែមានស្ថិរភាពសម្រាប់ផលិតផលកៅស៊ូ។
លោកឲ្យដឹងថា កំណើនការនាំចេញ គឺដោយសារតែការកើនឡើងទិន្នផលកៅស៊ូ និងតម្រូវការទីផ្សារនៅតែមាន។
លោកថ្លែងថា «ដើមកៅស៊ូដែលអាចប្រមូលផលបានកំពុងកើនឡើង ដូច្នេះវាផ្ដល់ការផលិតកាន់តែច្រើនបន្ថែមទៀតសម្រាប់ការនាំចេញ»។ លោកបានបន្តថា៖ «ទោះបីជាតម្លៃធ្លាក់ចុះក៏ដោយ ក៏កសិករយើង [ក្រុមហ៊ុនផលិតកៅស៊ូ] ត្រូវតែលក់ចេញដើម្បីធ្វើការទូទាត់ដល់ការចំណាយលើការផលិត»។
ការប្រែប្រួលតម្លៃកៅស៊ូអាស្រ័យលើទីផ្សារអន្តរជាតិ ដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ នេះបើយោងតាមលោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។ លោកបញ្ជាក់ថា៖ «ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះ វានឹងពិបាកសម្រាប់ក្រុមហ៊ុនផលិតកៅស៊ូ និងកសិករ»។
លោកបន្តថា៖ «បច្ចុប្បន្នតម្លៃនេះមិនល្អទេសម្រាប់ឧស្សាហកម្មនេះ ប៉ុន្តែវានៅតែអាចទទួលយកបានសម្រាប់កៅស៊ូលក្ខណៈគ្រួសារ»។ លោកបន្ថែមថា ការចំណាយលើកម្លាំងពលកម្មនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ។
ប៉ុន្តែលោក ប៉ុល សុផា បានឲ្យដឹងថា កៅស៊ូនៅតែជាផលិតផលកសិកម្មដ៏មានសក្ដានុពល ធៀបទៅនឹងផលិតផលផ្សេងទៀត។ លោកបន្តថា ទីផ្សារទិសដៅសំខាន់ៗសម្រាប់ការនាំចេញកៅស៊ូរបស់កម្ពុជា គឺប្រទេស វៀតណាម ម៉ាឡេស៊ី ចិន និងប្រទេស សិង្ហបុរី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្ដាហ៍មុន បានប្រកាសថា ខ្លួនបានអនុម័តគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូមានតម្លៃ ២,៧ លានដុល្លារនៅខេត្តត្បូងឃ្មុំ។
ប៉ុន្តែខណៈវិស័យនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃ លោក ប៉ុល សុផា បានឲ្យដឹងថា វាអាចផ្ដល់អត្ថប្រយោជន៍សម្រាប់វិស័យនេះលុះត្រាតែវាជារោងចក្រផលិតផលសម្រេច។ លោកលើកឡើងថា៖ «ដើម្បីធ្វើឲ្យវិស័យកៅស៊ូមានស្ថិរភាព យើងចាំបាច់ត្រូវមានរោងចក្រដើម្បីកែច្នៃវត្ថុធាតុដើម ដើម្បីផលិតជាផលិតផលសម្រេច ដែលនឹងជួយដល់វិស័យ និងប្រទេសនេះ»។
កម្ពុជាបាននាំចេញកៅស៊ូស្ងួត ២១៧ ៥០០ តោន កាលពីឆ្នាំ ២០១៨ កើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយមានតម្លៃជាមធ្យម ១ ៣១៩ ដុល្លារក្នុង ១ តោន។
លោក ម៉ែន សុភក្ដិ បានឲ្យដឹងថា តម្លៃកៅស៊ូនឹងពិបាកកើនឡើងវិញណាស់ ខណៈការផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោកកំពុងកើនឡើងជាមួយនឹងតម្រូវការទាប។ លោក សុភក្ដិ ឲ្យដឹងថា កៅស៊ូគួរតែមានតម្លៃចាប់ពី ១ ៥០០ ដុល្លារទៅ ១ ៦០០ ដុល្លារក្នុង ១ តោន ទើបឧស្សាហកម្មនេះអាចរកប្រាក់ចំណេញបាន៕LA