ភ្នំពេញ: ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង​ជាង ២៣ ​ភាគរយ​ ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​។

លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិកម្ម​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុងអំឡុង​ពេល​នេះ​សម្រេច​បាន ១៧៣ ០៧២ តោន​កើនឡើង ២៣,៣៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន ១៤០ ៣០៣ តោន​។

លោក​បន្តថា​ ក្នុង​រយៈពេល​នេះ​ការនាំចេញ​កៅស៊ូ​មាន​តម្លៃ ២៣១ ​លាន​ដុល្លារ កើនឡើង​ជិត​ ២២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែល​មាន​ប្រមាណ ១៩០ ​លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បើ​មើល​តាម​ការវិវត្ត​តម្រូវការ​របស់​ទីផ្សារ​ពិភពលោក ការប្រើប្រាស់​កៅស៊ូ យើង​ឃើញ​ថា​តម្លៃ​វា​នៅ​ថេរ ឬក៏​កើនឡើង​តិចតួច​រយៈពេល​ ២-៣ ​ឆ្នាំ​ទៅមុខ​ទៀត​»​។

តាម​លោក ឃួន ផល្លា ការនាំចេញ​កៅស៊ូ​កម្ពុជា​ភាគច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ជា​មធ្យម​ ១ ៣០៣ ដុល្លារ​ ក្នុង​មួយ​តោន​សម្រាប់​ខែ​កញ្ញា​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្តិនីកា​ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​បាន​ឲ្យ​ដឹងថា កំណើន​នៃ​ការនាំ​ចេញ​កៅស៊ូ​ពេលនេះ ដោយសារ​កំណើន​ដើម​កៅស៊ូ​ពេញវ័យ​ត្រូវ​ប្រមូលផល​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ទោះបី​យ៉ាង​ណា​លោក​បន្តថា ការនាំចេញ​សម្រាប់​ក្រុមហ៊ុន​លោក​ក្នុង​រយៈពេល​ ៨ ​ខែ ​ឆ្នាំ​ ២០១៩ ​នេះ​បាន​ចំនួន ៩ ៥០៥ តោន​ ធ្លាក់ចុះ​ប្រហែល ១០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​កៅស៊ូ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​បាន​ថយចុះ​នេះ​ដោយសារ​ខ្វះ​កម្លាំង​ចៀរ​ជ័រ​»​។ លោក​បន្ត​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​កៅស៊ូ​ទៅ​ប្រទេស​វៀតណាម ឥណ្ឌា ចិន និង​កូរ៉េ​ជាដើម​។

លោក​បន្ថែមថា ទន្ទឹម​នឹង​នេះ​គិត​ចាប់​តាំងពី​ដើម​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​កៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី ១ ៣៣៣ ដុល្លារ ទៅ ១ ៣៥០ ដុល្លារ​ ក្នុង​មួយ​តោន​ធ្លាក់​ចុះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​តម្លៃ​ប្រហែល ១ ៤០០ ដុល្លារ​ ក្នុង​មួយ​តោន​។ លោក​ថ្លែងថា​៖ «​ថ្លៃ​វា​ធ្លាក់ចុះ​មកពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​រួមទាំង​ជម្លោះ​ពាណិជ្ជកម្ម​ប្រទេស​មហាអំណាច​ ២ ​គឺ ចិន និង​អាមេរិក​ហើយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយចុះ​ធ្វើឲ្យ​តម្រូវការ​ប្រើប្រាស់​ថយចុះ​។

លោក​ជឿថា​ តម្លៃ​កៅស៊ូ​អាច​នឹង​បន្ត​ប្រឈម​ទៀត​ចាប់ពី​ពេល​នេះ​រហូត​ដល់​ដាច់​ឆ្នាំ​ ២០១៩ ​នេះ ព្រោះ​ប្រទេស​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​កំពុង​ងាក​ទៅរក​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​មាន​តម្លៃ​កៅស៊ូ​ទាប​ជាង​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​តំបន់​អាស៊ី​យើង​ជា​ផ្នែក​មួយ​បាន​ផ្គត់ផ្គង់​ជ័រកៅស៊ូ​លើ​ពិភពលោក​ប្រហែល​ ៨០ ​ភាគរយ ប៉ុន្តែ​ថ្មី​នេះ​នៅ​ខាង​ប៉ែក​អាហ្វ្រិក​គេ​ដាំ​កៅស៊ូ​បាន​ច្រើន គេ​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​តម្លៃ​ថោក​ដោយសារ​ថ្លៃដើម​ផលិត​គាត់​ទាប ដូច្នេះ​ធ្វើឲ្យ​ទីផ្សារ​ងាក​ទៅ​រក​អាហ្វ្រិក​»​។

បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​មក​ដល់​ពេល​នេះ​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ ៤៣៤ ៥៥២ ហិកតា​ ក្នុង​នោះ​កៅស៊ូ​ប្រមូលផល​ជាង ២៣០ ០០០ ហិកតា​។ បើតាម​របាយការណ៍ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ​ ដែល​មាន​បរិមាណ ២១០ ០០០ តោន​៕LA