ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​ ២៧ ៤៤៥ ​តោន​ ដែល​មាន​តម្លៃ​ ៤០ ​លាន​ដុល្លារ ​នៅ​ខែ​មករា ឆ្នាំ​ ២០២០ កើនឡើង ១៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​កៅស៊ូ​។

លោក ឃួន ផល្លា ប្រធាន​រដ្ឋបាល និង​នីតិកម្ម​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កំណើន​នៃ​ការនាំចេញ​នេះ​ដោយសារ​តម្រូវការ​កៅស៊ូ​សកល​កើនឡើង​។ លោក​បន្តថា ការកើនឡើង​នៃ​ចំនួន​ដើម​កៅស៊ូ​ចៀរជ័រ​ក៏បាន​ជំរុញ​ឲ្យ​បរិមាណ​នាំចេញ​កើនឡើង​ផងដែរ​។

លោក​បន្ថែមថា ប្រទេស​ ចិន ​ជា​ទីផ្សារ​ធំ​សម្រាប់​កៅស៊ូ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។ តម្លៃ​កៅស៊ូ​ជា​មធ្យម ១ ៤៣៣​ ដុល្លារ​ក្នុង​ ១ ​តោន​ កាលពី​ខែ​មុន​កើនឡើង​ ២០៧ ​ដុល្លារ​ក្នុង​ ១ ​តោន​បើ​ធៀប​នឹង​ខែ​ធូ​ឆ្នាំមុន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹង​ថា​តម្លៃ​កៅស៊ូ​នឹង​បន្ត​កើនឡើង​បន្តទៀត​នៅក្នុង​រយៈពេល​ ២-៣ ​ខែ​ខាងមុខ​»​។

លោក ហេង ស្រេង អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចម្ការកៅស៊ូ​បឹងកេត​នៅ​ខេត្តកំពង់ចាម​ដែល​ដាំដុះ​លើ​ផ្ទៃដី ៤ ៥០០ ​ហិកតា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តម្រូវការ​ទីផ្សារ​កៅស៊ូ​បាន​កើនឡើង​កាលពី​ខែ​មុន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​មើលឃើញ​ថា ទីផ្សារ​កៅស៊ូ​កំពុង​មាន​ស្ថានភាព​ល្អប្រសើរ ដោយសារ​ទីផ្សារ​អន្តរជាតិ​កំពុងមាន​តម្រូវការ​ខ្ពស់​»​។ លោក​បន្ថែមថា​តម្លៃ​កៅស៊ូ​ជា​មធ្យម​ចន្លោះ​ពី ១ ៣៥០ ដុល្លារ ទៅ ១ ៥០០ ​ដុល្លារ នៅពេល​នេះ​។ លោក​បន្តថា​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​លោក​បាន​នាំចេញ​កៅស៊ូ​ប្រមាណ ៧ ០០០ ​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា​តម្លៃ​កៅស៊ូ​នឹង​នៅ​ថេរ​នៅ​ឆ្នាំនេះ​»​។

កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន ២៨២ ០៧១ ​តោន​ ដែល​មាន​តម្លៃ ៣៧៧ លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង ៣០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទិន្នន័យ​នេះ​បង្ហាញ​ទៀតថា ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា​សរុប ៤០៦ ១៤២ ​ហិកតា កាលពី​ឆ្នាំមុន​ក្នុង​នោះ​កៅស៊ូ​ជាង ២៤៧ ១១៤ ហិកតា​ ត្រូវ​បាន​ប្រមូលផល​។

លោក គូរ ផល្លី នាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​បាន​ឲ្យ​ដឹង​កាលពី​ដើមខែ​នេះ​ថា អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រកាស​ពី​ការសិក្សា​ស្រាវជ្រាវ​រួមមួយ​លើ​ដំណាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​ ៣ ដើម្បី​ស្វែងយល់​ពី​ការដាំដុះ​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ក្នុង​រយៈពេល​ជាង​ ៩ ​ឆ្នាំ​កន្លង​មក​។

លោក​បន្តថា ការសិក្សា​ស្រាវជ្រាវ​នេះ​ផ្តោត​លើ​ចម្ការកៅស៊ូ​លក្ខណៈ​គ្រួសារ​ក្នុង​ខេត្ត​ដាំដុះ​កៅស៊ូ​សំខាន់ៗ​គឺ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​បកែវ ខេត្តរតនគិរី​៕LA