
កម្ពុជាបាននាំចេញកៅស៊ូជាង ២៤ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២០ កើនជាង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញ៖ កម្ពុជាបាននាំចេញកៅស៊ូជាង ២៤ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២០ កើនជាង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈប្រាក់ទទួលបានមានប្រមាណជាង ៣១៨ លានដុល្លារ កើនឡើងជិត ២០ ភាគរយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីថ្ងៃចន្ទ បង្ហាញថា នៅក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២០ ការនាំចេញកៅស៊ូសម្រេចបាន ២៤២ ៩២២ តោន កើនឡើង.៤២ ៧៣៤ តោន ស្មើនឹង ២១,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកប្រាក់ដែលទទួលបាននៅក្នុងពេលនេះមានចំនួន ៣១៨,៥ លានដុល្លារ កើន ១៩,៧ ភាគរយ ពីចំនួន ២៦៦ លានដុល្លារ។
ទិន្នន័យបន្តទៀតថា បច្ចុប្បន្នដីដាំកៅស៊ូមាន ៤០១ ៤៣៣ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន ២៨៩ ៨៣៧ ហិកតា និងផ្ទៃដីថែទាំ ១១១ ៤៩៦ ហិកតា។ ចាប់ពីដើមឆ្នាំ ២០២០ មកដល់ដំណាច់ខែតុលា កៅស៊ូមានតម្លៃជាមធ្យម ១ ៣១១ ដុល្លារ ក្នុង ១ តោន។
លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ទោះបីផ្ទៃដីដាំដុះកៅស៊ូ មិនកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់ទិន្នផលដែលប្រមូលបាន និងនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ។ ការកើនឡើងនាពេលនេះ ដោយសារដើមកៅស៊ូនៅកម្ពុជាភាគច្រើនដល់អាយុកាលត្រូវប្រមូលផល។
លោកថ្លែងថា៖ «នេះជាមូលហេតុចម្បងដែលធ្វើឱ្យបរិមាណការនាំចេញកៅស៊ូកម្ពុជាកើនឡើង ខណៈដែលផលកៅស៊ូរបស់កម្ពុជាត្រូវផ្អែកទាំងស្រុងលើទីផ្សារអន្តរជាតិ»។
ទាក់ទងនឹងផ្ទៃដីដាំដុះកៅស៊ូ លោក សុផា អះអាងថា ដោយសារតែមានការដាំដំណាំប្រកួតប្រជែងថ្មីៗ (ចេក ស្វាយ និងស្វាយចន្ទី) ព្រមទាំងមិនសូវបានតម្លៃខ្ពស់នោះ ដូច្នេះការដាំដុះកៅស៊ូពេលនេះហាក់មិនសូវផុសផុលទេ។ ជាមធ្យមដើមកៅស៊ូ ផ្តល់ផលពេលដាំបាន ៥ ឆ្នាំ រហូតដល់ជិត ៣០ ឆ្នាំ។
យោងតាមលោក សុផា កាលពីប្រមាណជាង ១ ខែមុន តម្លៃកៅស៊ូពេលដឹកទៅដល់កំពង់ផែទីក្រុងហូជីមិញ ប្រទេសវៀតណាម មានតម្លៃរហូតដល់ ២ ០៥០ ដុល្លារ ក្នុង ១ តោន ប៉ុន្តែពេលនេះវាធ្លាក់មកនៅត្រឹមតែប្រមាណ ១ ៨០០ ដុល្លារ។
លោក ហេង ស្រេង អ្នកចាត់ការទូទៅក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ខេត្តកំពង់ចាម បាននិយាយថា ការនាំចេញកៅស៊ូរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២០ នេះកើនតិចតួចបើធៀបទៅឆ្នាំមុន ដែលកំណើននេះអាចមកពីកត្តារួមផ្សំមួយចំនួនដូចជាកំណើនការបញ្ជាទិញ និងការបន្ទូរបន្ថយពន្ធនាំចេញមួយចំនួនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា កំណើនតម្លៃ និងការបញ្ជាទិញក៏បាននិងកំពុងជំរុញឱ្យសកម្មភាពនៃការចៀរជ័រកើនឡើងផងដែរ។
លោកអះអាងថា៖ «សម្រាប់ឆ្នាំនេះខ្ញុំគិតថា ការនាំចេញកៅស៊ូនឹងបន្តកើនទៀត ព្រោះការបញ្ជាទិញកំពុងកើនឡើងជាបន្តបន្ទាប់»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២០ បានចុះហត្ថលេខាលើអនុក្រឹត្យមួយដែលមិនតម្រូវឱ្យអាជ្ញាធរយកពន្ធពីការនាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ។ អនុក្រឹត្យនោះចែងថា ប្រសិនបើតម្លៃនាំចេញកៅស៊ូស្ថិតនៅក្រោម ១ ៤០០ ដុល្លារ ក្នុង ១ តោន រដ្ឋនឹងមិនតម្រូវឱ្យបង់ពន្ធទេ ប៉ុន្តែបើតម្លៃនាំចេញចាប់ពី ១ ៤០០ ដុល្លារ ដល់ ៣ ៥០០ ដុល្លារ ក្នុង ១ តោននឹងត្រូវបង់ពន្ធពី ២៥-២០០ ដុល្លារ។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលដាំដុះ និងនាំចេញកៅស៊ូបានប្រាប់ថា កៅស៊ូក្នុងឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំមុន ដោយបរិមាណនៃការនាំចេញ និងតម្លៃសុទ្ធតែកើនឡើងធៀបនឹងឆ្នាំមុន។ ប៉ុន្តែសម្រាប់ការនាំចេញរបស់ក្រុមហ៊ុនលោក គឺកើនឡើងតិចតួចប៉ុណ្ណោះ ព្រោះក្រុមហ៊ុនមិនបានបង្កើនផ្ទៃដីដាំដុះឡើយ។ លោកបន្ថែមថា ជាមួយគ្នានេះតម្លៃពេលនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងជិត ២០០ ដុល្លារ ក្នុង ១ តោន។
លោកបន្ថែមថា៖ «សម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២០ ការនាំចេញរបស់ក្រុមហ៊ុនខ្ញុំកើនប្រមាណ ៥ ភាគរយ»។
លោកបន្ថែមថា ដោយសារឆ្នាំនេះចរន្តនៃទីផ្សារអន្តរជាតិនៅតែមានតម្រូវការនោះ ដូច្នេះលោករំពឹងថា ទីផ្សារកៅស៊ូក្នុងឆ្នាំ ២០២០ នេះនឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលចុងឆ្នាំនេះ។
កាលពីឆ្នាំ ២០១៩ កម្ពុជានាំចេញកៅស៊ូ ២៨២ ០៧១ តោនឡើង ៣០ ភាគរយ ធៀបនឹង ២១៧ ៥០១ តោន កាលពីឆ្នាំ ២០១៨។
ការនាំចេញកៅស៊ូមានតម្លៃ ៣៧៧ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣២ ភាគរយ ធៀបនឹង ២៨៦ លានដុល្លារ កាលពីឆ្នាំ២០១៨។ ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងចិន គឺជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា៕ LA