ភ្នំពេញ: កម្ពុជាបាននាំចេញផលនេសាទសរុប ១ ៧៣០ តោនក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ ធ្លាក់ចុះជាង ៨៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ១០ ៩៨០ តោន ដោយសារតែការកើនឡើងនៃតម្រូវការក្នុងស្រុកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមទិន្នន័យពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេលនេះកម្ពុជានាំចេញផលនេសាទស្រស់បានចំនួន ១ ៤៩៨ តោន ធ្លាក់ចុះជាង ៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន ៧០០០ តោន ខណៈការនាំចេញផលនេសាទកែច្នៃមានបរិមាណ ២៣២ តោន ធ្លាក់ចុះជាង ៩៤ ភាគរយ។
ទិន្នន័យនេះបានឱ្យដឹងថា ការប្រមូលផលនេសាទទឹកសាបសរុបក្នុងរយៈពេល ៩ ខែនេះមានចំនួន ២៥២ ៦៤៦ តោន ធ្លាក់ចុះ ៩៦៥ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈផលនេសាទសមុទ្រប្រមូលបាន ៨៨ ៣៣០ តោន ធ្លាក់ចុះ ៣ ៦៨៤ តោន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃចន្ទថា ការនាំចេញផលនេសាទក្នុងអំឡុងពេលនេះដោយសារតម្រូវការក្នុងស្រុកកើនឡើងស្របពេលទិន្នផលនេសាទថយចុះ។ ផលនេសាទកម្ពុជាភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ។
លោក សាខុន បន្ថែមថា ក្រសួងកំពុងជំរុញការចិញ្ចឹមត្រីតាមបែបវារីវប្បកម្មក្នុងគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសន្តិសុខស្បៀងតាមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួនសរុប ១១២ លានអឺរ៉ូសម្រាប់រយៈពេល ៦ ឆ្នាំនៃកម្មវិធីគម្រោង CaPFish-Capture និង CaPFish Aquaculture។
លោក សំណាង សុធា ម្ចាស់សិប្បកម្មកែច្នៃផលិតផលជលផលនៅក្រុងសៀមរាប ខេត្តសៀមរាបបានឱ្យដឹងថា សិប្បកម្មរបស់លោកផលិតត្រីងៀត ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រីផាត់ សរុបជាមធ្យម ១០០ តោនក្នុង ១ ឆ្នាំ បានទិញពីកសិករចិញ្ចឹមត្រី និងប្រជានេសាទមូលដ្ឋាន។
លោកនិយាយថា៖ «សព្វថ្ងៃ សិប្បកម្មលោកបានផ្គត់ផ្គង់ផលិតផលជលផលទាំងនេះចំនួន ៥០ ភាគរយក្នុងផ្សារខេត្តសៀមរាប និងទីក្រុងភ្នំពេញ និងខេត្តឧត្តរមានជ័យចំនួន ៥០ ភាគរយទៀតដែលអាចរកចំណូលបានជាមធ្យម ៥០ ០០០ ដុល្លារក្នុង ១ ឆ្នាំ»។
របាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ ការចិញ្ចឹមត្រី និងបង្គាអនុវត្តបានជាង ២៩,៦៥ ម៉ឺនតោន កើនឡើង ៥១ ០០០ តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕