ភ្នំពេញៈ ការនាំចេញ​ដំឡូងមី​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មាន​ជាង ៣,២៩ ​លាន​តោន​​ កើន ២៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ២,៥៩ លាន​តោន​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើក​ឡើងលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​ថា ការនាំចេញ​ផលិតផល​កសិកម្ម​គ្រប់មុខ​សរុប​មាន ៦,៩៣ ​លាន​តោន ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ បាន​ប៉ាន់ប្រមាណ​ថា មាន​តម្លៃ​ប្រហែល ១,៩ ​ពាន​លាន​ដុល្លារ​។

លោក ហេង សិទ្ធិ មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០១៩ កសិករ​បាន​ដាំ​ដំឡូងមី​ក្នុង​ខេត្ត​នេះ​លើ​ផ្ទៃដី ១១២ ៥៤៣ ហិកតា​ ដោយ​ទទួលបាន​ទិន្នផល​ជាង ២,៨ ​លាន​តោន​។ លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​កសិករ​កំពុង​ប្រមូលផល​ដំឡូង​បាន​ក្នុង​រង្វង់​ ៤០ ភាគរយ​ នៃ​ផលដំណាំ​ដំឡូងមី​សរុប​។ ដំឡូងមី​ស្រស់​មាន​តម្លៃ​ជា​មធ្យម​ ២៧០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​នៅ​ដើមឆ្នាំ​នេះ​»​។

តាម​របាយការណ៍​អង្គការ UNDP ការអភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា វិនិយោគសាធារណៈ​ចំនួន ២៩៦ ​លាន​ដុល្លារ ខណៈ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​ភាគច្រើន​មិន​ទាន់​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុងប្រទេស​។ របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញថា ការនាំចេញ​ភាគច្រើន​ទៅ​ថៃ វៀតណាម និង​ចិន​។

តាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ការនាំចេញ​ដំឡូងមី​របស់​កម្ពុជា​មាន​តម្លៃ ១៧,៨ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​ការនាំចេញ​នៅ​ឆ្នាំ​ ២០១៨ បាន​ធ្លាក់​ចុះមក​ត្រឹម ១២,៦ ​លាន​ដុល្លារ​។ ទិន្នន័យ​ក្រសួងកសិកម្ម​បង្ហាញថា​កាលពី​ឆ្នាំ ២០១៨ បរិមាណ​ផល​ដំឡូងមី​នៅ​កម្ពុជា​មាន​ចំនួន ១៣ ៧៥០ ០៧៦ ​តោន ធ្លាក់​ចុះ​បន្តិច​ពី ១៣ ៨១៧ ២៦២ ​តោន​កាលពី​ឆ្នាំ​ ២០១៧៕ LA