
កម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨ លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ កម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨ លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានបង្ហាញថា ប្រទេស សិង្ហបុរី គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាដែលមានតម្លៃប្រមាណ ២២៦ លានដុល្លារ ប្រទេសថៃឈរនៅលេខ ២ មានប្រមាណ ១៦៥ លានដុល្លារ និងអាមេរិកមានជាង ២៣ លានដុល្លារ។
ចំណែកទិសដៅផ្សេងទៀតរួមមានប្រទេសវៀតណាមមានទឹកប្រាក់ជាង ៣ លានដុល្លារ បែលហ្ស៊ិក ជាង ១ លានដុល្លារ ជប៉ុន មានជាង ១១ ម៉ឺនដុល្លារ អ៊ីតាលីជិត ២ ម៉ឺនដុល្លារ និង នាំចេញទៅប្រទេសចិនជាង ១ ម៉ឺនដុល្លារ។
របាយការណ៍បង្ហាញទៀតថា កម្ពុជាបាននាំចេញគជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ ត្បូងថ្មមានតម្លៃប្រហាក់ប្រហែលលោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់។
ដោយឡែកកម្ពុជាក៏បាននាំចូលត្បូងថ្ម និងគ្រឿងអលង្ការមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញជាង ១៩៤ លានដុល្លារកាលពីឆ្នាំមុន។ ប្រទេស ថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា ក្នុងចំណោមទិសដៅ ១៦ ប្រទេសផ្សេងទៀតរួមមាន អាមេរិក ឥណ្ឌា ចិន វៀតណាម ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងអ៊ីតាលី ជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួង។
អ្នកស្រី យ៉េក ហ៊ន់ ម្ចាស់ហាង ចាន់ណីគ្រឿងអលង្ការនៅផ្សារកណ្តាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អ្នកស្រីបាននាំចូលប្លាទីន និងពេជ្រពីទីក្រុងហុងកុងដើម្បីកែច្នៃជាគ្រឿងអលង្ការសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ អ្នកស្រីថ្លែងថា៖ «ខ្ញុំនាំចូលគ្រឿងអលង្ការពីទីក្រុងហុងកុង ហើយប្លាទីន ទិញក្នុងស្រុកសម្រាប់កែច្នៃជាគ្រឿងអលង្ការ ហាងខ្ញុំផ្តោតលើការកែច្នៃប្លាទីន និងពេជ្រ»។
អ្នកស្រីបន្តថាដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារគ្រឿងអលង្ការក្នុងស្រុកយ៉ាងខ្លាំង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសង្កេតឃើញថា ទីផ្សារគ្រឿងអលង្ការក្នុងស្រុកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយខ្ញុំសម្រេចបិទហាងជាបណ្តោះអាសន្នមួយរយៈមកហើយ ដោយសារជំងឺកូវីដ១៩»។
ទោះបីយ៉ាងណាតំណាងក្រុមហ៊ុន PAILIN JEWELRY សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីផ្សារត្បូង និងគ្រឿងអលង្ការលើទីផ្សារអន្តរជាតិមានស្ថានភាពល្អប្រសើរជាធម្មតា បើទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំមើលឃើញថា ទីផ្សារគ្រឿងអលង្ការមិនមានអ្វីប៉ះពាល់នោះទេ តម្លៃគ្រឿងអលង្ការក៏ដូចជានៅថេរដែរ»។
បច្ចុប្បន្នកម្ពុជាកំពុងមានក្រុមហ៊ុនរុករករ៉ែមាសធំៗចំនួន ២ ដែលកំពុងដំណើរការរុករករ៉ែនៅភាគឦសានប្រទេស កម្ពុជា។
ក្រុមហ៊ុនរ៉ែមាសមានមូលដ្ឋាននៅប្រទេស ឥណ្ឌា Mesco Gold ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មនៅកម្ពុជារំពឹងថា អាចនឹងធ្វើការចម្រាញ់រ៉ែមាសជាលើកដំបូងនៅឆ្នាំនេះ។ ក្រុមហ៊ុនបានដំឡើងផលិតកម្មចម្រាញ់រ៉ែមាសនៅគម្រោងរ៉ែមាសភូមិស៊ីយ៉ារុងក្នុងខេត្តរតនគិរី ប៉ុន្តែការដំឡើងត្រូវបានផ្អាកដោយសារជំងឺកូវីដ ១៩។
Emerald Resources ដែលជាក្រុមហ៊ុនចុះបញ្ជីនៅប្រទេសអូស្ត្រាលីកំពុងអភិវឌ្ឍគម្រោងរ៉ែមាសអូរខ្វាវរបស់កម្ពុជានៅខេត្តមណ្ឌលគិរីដែលនឹងទាញយករ៉ែមាសលើកដំបូងនៅត្រីមាសទី ២ ឆ្នាំ ២០២១៕
វីដេអូ៖