ក្រុងដាកាៈ អង្គការបរិស្ថាន Greenpeace បានឲ្យដឹងកាលពីថ្ងៃពុធថា ការនាំចេញប្រេងផលិតពីត្រី និងអាហារផលិតពីត្រីរាប់តោនពីអាហ្វ្រិកទៅប្រទេស ចិន និងអឺរ៉ុប បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់របបអាហាររបស់ប្រជាជនអាហ្វ្រិករាប់លាននាក់។
អង្គការ Greenpeace បានឲ្យដឹងក្នុងសន្និសីទព័ត៌មានមួយនៅទីក្រុងដាកា ប្រទេស សេណេហ្កាល់ ថា ខ្លួនបានកំណត់អត្តសញ្ញាណរោងចក្រចំនួន ៥០ ដែលផលិតប្រេង និងអាហារពីត្រី ភាគច្រើននៅប្រទេស ម៉ូរីតានី ប៉ុន្តែក៏មាននៅក្នុងបណ្ដាប្រទេសអាហ្វ្រិកខាងលិចផ្សេងទៀត ដូចជាប្រទេស សេណេហ្កាល់ និងហ្គំប៊ី ផងដែរ។
លោក Ibrahima Cisse ទទួលបន្ទុកយុទ្ធនាការការពារមហាសមុទ្រនៅអាហ្វ្រិករបស់អង្គការ Greenpeace បានថ្លែងថា៖ «ត្រីច្រើនសែនតោន ត្រូវបានផលិតទៅជាអាហារ ឬប្រេងសម្រាប់ការនាំចេញ ដែលធ្វើឲ្យខូចប្រយោជន៍ដល់បុរស និងស្ដ្រី ជនជាតិអាហ្វ្រិកប្រហែល ៤០ លាននាក់»។
ផលិតផលត្រីត្រូវបានប្រើប្រាស់ជាចំណីសម្រាប់ មាន់ ទា សត្វជ្រូក និងសត្វកសិដ្ឋានផ្សេងទៀត។
លោក Cisse ថ្លែងថា៖ «ប្រជាជនអាហ្វ្រិកត្រូវតែទទួលបានផលប្រយោជន៍មុនពេលធ្វើកសិកម្មឧស្សាហកម្ម»។
អង្គការ Greenpeace បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ប្រទេសនៅអាហ្វ្រិកខាងលិច «ត្រូវបញ្ចប់ឧស្សាហកម្មប្រេង និងអាហារផលិតពីត្រីនេះ ដែលជាការគំរាមកំហែងដ៏ពិតប្រាកដមួយដល់ស្ដុកត្រីនៅក្នុងតំបន់នេះ ជាពិសេសចំពោះសន្ដិសុខចំណីអាហាររបស់ប្រជាជនមូលដ្ឋាន» ដែលស្ថិតក្នុងចំណោមប្រជាជនក្រីក្របំផុតលើពិភពលោក។
អង្គការនេះបានប៉ាន់ប្រមាណថា ត្រីតំណាងឲ្យ ៧០ ភាគរយ នៃការញ៉ាំសារធាតុប្រូតេអ៊ីនសត្វរបស់ប្រជាជនក្នុងប្រទេស សេណេហ្កាល់ និង ៥០ ភាគរយ ក្នុងប្រទេស ហ្គំប៊ី។
ពូជត្រីសំខាន់ៗដែលបានគំរាមកំហែងដោយឧស្សាហកម្មនេះ គឺត្រីតូចៗ ដូចជាប្រភេទត្រីសាឌីន ជាដើម។
នៅឆ្នាំមុន ប្រទេស ម៉ូរីតានី បាននាំចេញ «ចំណែកដ៏ធំ» នៃផលិតផលត្រីរបស់ខ្លួនទៅចិន អឺរ៉ុប តួកគី និងវៀតណាម។ នេះបើតាមរបាយការណ៍របស់អង្គការនេះ៕ AFP/LA