ក្រុងបាងកកៈ ការនាំ​ចេញ​របស់​ប្រទេស​ថៃ​បាន​បន្ត​កើនឡើង​នៅ​ខែ​មីនា បើ​ទោះបី​ជា​សម្រេច​បាន​កំណើន​កាន់តែ​ទាប​ក្តី ដោយ​បាន​ជួយ​ឲ្យ​ការនាំចេញ​នៅ​ត្រីមាស-ទី​ ១ ​កើនឡើង ១១,៣ ភាគរយ ដែល​ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៧ ឆ្នាំ​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំ​ចេញ​ដែល​ត្រូវ​បាន​ទូទាត់​នៅ​នាយកដ្ឋាន​គយ​របស់​ប្រទេស​ថៃ​បាន​កើនឡើង​ក្នុង​រយៈពេល ១៣ ខែ​ជាប់​គ្នា គិត​ត្រឹម​ខែ​មីនា​ដោយ​បាន​កើនឡើង ៧,០៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​បាន​កើនឡើង ១០,៣ ភាគរយ​កាលពី​ខែ​កុម្ភៈ​។

ការនាំ​ចេញ​កាលពី​ខែ​មីនា​បាន​នាំ​មក​នូវ​ថវិកា​ចំនួន ២២,៤ ពាន់​លាន​ដុល្លារ (៧០៦ ពាន់​លាន​បាត​) មក​ប្រទេស​ថៃ​វិញ ដោយ​បាន​នាំ​មុខ​ដោយ​ការនាំ​ចេញ​កាន់តែ​ខ្ពស់​សម្រាប់​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត កុំព្យូទ័រ និង​គ្រឿងបន្លាស់ ផលិតផល​កៅស៊ូ គ្រាប់​ប្លាស្ទិក ព្រម​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​គ្រឿងបន្លាស់​។

ការ​នាំ​ចូល​នៅ​ខែ​មីនា​បាន​កើនឡើង ៩,៤៧ ភាគរយ​ធៀប​នឹង​រយៈ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់ ២១,១ ពាន់​លាន​ដុល្លារ បន្ទាប់ពី​បាន​កើនឡើង ១៦ ភាគរយ​នៅ​ខែ​កុម្ភៈ​។ កំណើន​នេះ​បាន​ធ្វើឲ្យ​មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន ១,២៧ ពាន់​លាន​ដុល្លារ​នៅ​ខែ​មីនា​។

លោក Pimchanok Vonkorpon អគ្គនាយក​ការិយាល័យ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​៖ «​ការនាំ​ចេញ​បាន​កើនឡើង​ចំពោះ​ទីផ្សារ​ទាំងអស់​លើកលែង​តែ​ទីផ្សារ​ប្រទេស​ចិន ដែល​បាន​ធ្លាក់​ចុះ ៨,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដោយសារ​មូលដ្ឋាន​កំណើន​ខ្ពស់​កាលពី​ឆ្នាំ​មុន​»​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​ការ​នាំចេញ​ខ្ពស់​បំផុត​នៅ​ខែ​មីនា​គឺ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដោយ​បាន​កើនឡើង ២១,៧ ភាគរយ​តំបន់​អាស៊ាន​កើនឡើង ១៧,៨ ភាគរយ និង​តំបន់​អាស៊ី​ខាង​ត្បូង​កើនឡើង ១៦,៩ ភាគរយ​។ ទន្ទឹម​នឹង​នោះ​ដែរ​ប្រទេស​ថៃ​បាន​មើលឃើញ​កំណើន​នាំចេញ​ខ្ពស់​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​បាន​កើនឡើង ១១,១ ភាគរយ តំបន់​មជ្ឈិមបូព៌ា​បាន​កើនឡើង ១០,៦ ភាគរយ​សហភាព​អឺរ៉ុប​កើនឡើង ៨,៧ ភាគរយ និង​ការនាំ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​កើនឡើង ៦,២ ភាគរយ​។

ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ការនាំ​ចេញ​បាន​កើនឡើង ១១,៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់​ ៦២,៨២ ​ពាន់​លាន​ដុល្លារ ដោយ​ការនាំចូល​បាន​កើនឡើង ១៦,២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់ ៦០,៩ ពាន់​លាន​ដុល្លារ​។ ប្រទេស​ថៃ​បាន​រីករាយ​នឹង​អតិរេក​ពាណិជ្ជកម្ម ១,៩៥ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១​។

ទោះ​ជា​ប្រាក់​បាត​មាន​តម្លៃ​ខ្ពស់​ក្តី​ក្រសួង​ពាណិជ្ជកម្ម​កំណត់​ទិសដៅ​កំណើន​នាំចេញ ៨ ភាគរយ​ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​កើន ៩,៩ ភាគរយ​នៅ​ឆ្នាំ​មុន​៕ BP