ភ្នំពេញៈ ផែនការ​នាំចេញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ដែល​រំពឹងថា​នឹង​អាច​កើតឡើង​ផ្លូវការ​នៅ​ចុងឆ្នាំ​ ២០២០ នេះ​អាច​នឹងត្រូវ​ពន្យារពេល ខណៈ​ដែល​នីតិវិធី និង​ការបំពេញ​ព័ត៌មាន​ដែល​ភាគី​ចិន​បញ្ជូន​មក​នៅមាន​ភាពស្មុគស្មាញ​ជាច្រើន​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនការ​នាំចេញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​ ២០២០ នេះ​ប្រហែល​ជា​មិនអាច​ធ្វើ​ទាន់ពេលវេលា​ទេ ព្រោះ​ឯកសារ​ដែល​អាជ្ញាធរ​ចិន​ផ្ញើមក​ឲ្យ​កម្ពុជា​បំពេញ គឺ​មាន​ភាពស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​មាន​ការសិក្សា​បន្ថែមទៀត​។

លោក​បន្តថា ម្យ៉ាង​ទៀត​ព័ត៌មាន​មួយចំនួន​ដែល​ក្រសួង​បញ្ចូល​ទៅ​ឲ្យ​ផ្នែក​ឯកជន​ជួយ​បំពេញ​ក៏​មិនទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​តាម​ការចង់បាន​នោះដែរ​។ លោក​ថ្លែងថា​៖ «​មកដល់​ពេល​នេះ​យើង​មិនទាន់​ដឹងថា​បែបណា​ទេ ព្រោះ​ការបំពេញ​សំណួរ​នៅ​មិនទាន់​ចប់​»​។

ទោះយ៉ាងណា​លោក ងិន ឆាយ បញ្ជាក់​ថា​ក្រុម​ការងារ​ជំនាញ​របស់​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​លឿន ព្រោះ​ចិន​គឺជា​ទីផ្សារ​ទឹកមាត់​ត្រចៀកាំ​ធំជាង​គេ​លើ​ពិភពលោក​។

មកដល់​ពេល​នេះ​កម្ពុជា​មាន​ផលិតផល​កសិកម្ម ៤ ​មុខ​គត់​ដែល​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​នាំ​ទៅ​ប្រទេស​ចិន​រួមមាន ពោត ដំឡូងមី អង្ករ និង​ចេក ខណៈ​កំពុង​ចរចា​នាំចេញ​ផលិតផល​ផ្សេងៗ​ទៀត​មាន​ដូចជា ទឹកមាត់​ត្រចៀកកាំ ស្វាយ ម្រេច ស្រកានាគ តាង៉ែន និង​ដូងក្រអូប​។

លោក ណាង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​បាន​ប្រាប់ថា បើតាម​ព័ត៌មាន​ដែល​លោក​ដឹង​គឺ​ការនាំចេញ​ទឹកមាត់​ត្រចៀកាំ​ជា​ផ្លូវការ​ទៅ​ចិន​នឹង​មិន​កើតមាន​នៅក្នុង​ឆ្នាំនេះ​ទេ ព្រោះ​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​ចិន​កំណត់​មក​គឺមាន​ភាពតឹងរ៉ឹង និង​ស្មុគស្មាញ​ច្រើន​។ លោក​បាន​បន្តថា បើទោះ​ជា​កម្ពុជា​បំពេញ​ឯកសារ​រួចរាល់​ក៏​កម្ពុជា​ត្រូវ​មាន​កិច្ចការ ជាច្រើន​ទៀត​ត្រូវធ្វើ​ដែរ​។

លោក​និយាយថា​៖ «​ខ្ញុំ​មិន​រំពឹងថា ការនាំចេញ​ទឹកមាត់​ត្រចៀកកាំ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​អាច​កើតឡើង​នៅ​ចុងឆ្នាំ​ទេ​»​។

លោក​បន្តថា ក្នុង​នាម​សហព័ន្ធ លោក​ពិតជា​ចង់ឃើញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​ណាស់ បើទោះបី​ជា​បច្ចុប្បន្ន​មាន​ការនាំចេញ​ក្រៅ​ផ្លូវការ​ខ្លះទៅ​កាន់​ទីនោះ​ហើយក៏​ដោយ​។ លោក​ថ្លែងថា​៖ «​នៅពេល​មាន​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​កាន់​តែ​មាន​ទំនុកចិត្ត ហើយ​ការសម្រិត​សម្រាំង​គុណភាព និង​តម្លៃ​ក៏​អាចមាន​ស្ថិរភាព​ល្អ​ដែរ​»​។

ទាក់ទង​នឹង​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​នាពេល​នេះ​លោក សុធី អះអាង​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ទទួល​រង​ផលប៉ះពាល់​យ៉ាងដំណំ​។

លោក​លើកឡើង​ថា បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​មាន​តម្លៃ​ជា​មធ្យម ៦៥០ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម រីឯ​សម្បុក​ដែល​សម្អាត​រួច​មាន​តម្លៃ​ចន្លោះ​ពី ១ ៥០០ ដុល្លារ​ ដល់ ៣ ០០០ ​ដុល្លារ​ អាស្រ័យ​ទៅ​លើ​គុណភាព​។ លោក​និយាយថា​៖ «​កូវីដ​បាន​ធ្វើឲ្យ​ការលក់​ធ្លាក់​ចុះ​ជិត ៥០ ​ភាគរយ ​ចំណែក​តម្លៃ​ធ្លាក់ចុះ​ក្នុង​រង្វង់​ ១៥ ​ភាគរយ​ធៀប​នឹង​មុនពេល​ការផ្ទុះឡើង​របស់​កូវីដ​ ១៩​។

គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា មាន​គុណភាព​ល្អ ព្រោះ​កម្ពុជា​មាន​តំបន់​ធម្មជាតិ​ច្រើន​ដោយ​មិនសូវ​មាន​ឧស្សាហកម្ម​ធំៗ​ដែល​បញ្ចេញ​ផ្សែង​នាំ​ឲ្យ​សម្បុក​ត្រចៀកកាំ​មិន​ល្អ​។

លោក សំ សិរីរតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​បាន​និយាយថា ការទទួល​បាន​កិច្ចព្រមព្រៀង​នាំចេញ​ទឹក​មាត់​ត្រចៀកកាំ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា ព្រោះ​ចិន​គឺជា​ប្រទេស​ដែល​មាន​តម្រូវការ​ទឹកមាត់​ត្រចៀកកាំ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ លោក​ថា​៖ «​ចិន​ជា​ទីផ្សារ​ធំ និង​មិនចេះ​រីងស្ងួត​សម្រាប់​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​»​។

យោងតាម​ការចុះផ្សាយ​របស់​ភ្នំពេញ- ប៉ុស្តិ៍​កាលពី​ឆ្នាំ​ ២០១៦ បាន​ឲ្យ​ដឹងថា តម្លៃ​ពាណិជ្ជកម្ម​សម្បុក​ត្រចៀកកាំ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ចិន​គឺជា​ទីផ្សារ​ធំជាងគេ ខណៈ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​គឺជា​ប្រទេស​ផ្គត់ផ្គង់​ឈានមុខ​គេ​ក្នុង​ពិភពលោក​។

បើ​តាម​ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ត្រចៀកកាំ​កម្ពុជា​ក្នុង​ ១ ​ឆ្នាំ​មាន​តម្លៃ​ពី​ ៥០ ​ទៅ​ ១០០ ​លាន​ដុល្លារ​៕ LA