
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រមួយក្នុងទីក្រុងភ្នំពេញកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅទីផ្សារប្រទេសជប៉ុនបានបង្ហាញពីកំណើនខ្ពស់ឡើងវិញនៅឆមាសទី ១ ឆ្នាំនេះ បន្ទាប់ពីមានការថមថយគួរឲ្យកត់សម្គាល់កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យថ្មីមួយបានពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
ទិន្នន័យ JETRO បានបង្ហាញថាកម្ពុជាបាននាំចេញទំនិញទៅប្រទេសជប៉ុនមានតម្លៃជាទឹកប្រាក់ ៧០៥ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះកើនឡើង ១៩ ភាគរយពីរយៈពេលដូចគ្នាឆ្នាំមុន។
អត្រាកំណើន ២ ខ្ទង់នេះគឺជាការសម្រេចបានល្អឡើងវិញ បន្ទាប់ពីអត្រាកំណើននៃការនាំចេញសម្រេចបានកម្រិតទាបកាលពីឆ្នាំមុន។ អត្រាកំណើននៅឆមាសទី ១ ឆ្នាំមុនមានកំណើន ៤,៥ ភាគរយប៉ុណ្ណោះ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងថា កំណើនការនាំចេញទៅជប៉ុនដែលរក្សាបានជិត ២០ ភាគរយគឺជាកំណើនខ្ពស់ និងគួរឲ្យភ្ញាក់ផ្អើលស្របពេលឆ្នាំបោះឆ្នោតដែលជាទូទៅពាណិជ្ជករបរទេសតែងមានការប្រុងប្រយ័ត្នខ្ពស់។
លោកថ្លែងថា៖ «វាជាដំណើរការដ៏ល្អមួយឆ្ពោះទៅរកការធ្វើពិពិធកម្មមុខទំនិញនាំចេញ និងទិសដៅនាំចេញ»។ លោកបន្តថាកំណើនការធ្វើពាណិជ្ជកម្មជាមួយជប៉ុននាពេលនេះគឺដោយសារការកើនឡើងគម្រោងវិនិយោគ និងរោងចក្រជប៉ុននៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ជប៉ុនគឺជាទីផ្សារដែលមានលក្ខខណ្ឌតម្រូវខ្ពស់ អ៊ីចឹងនៅពេលដែលកម្ពុជាអាចនាំចេញទំនិញទៅទីនោះបានកាន់តែច្រើន វាបង្ហាញថាសមត្ថភាពផលិតកម្មនាំចេញរបស់យើងកាន់តែរឹងមាំឡើង»។
ភាគច្រើននៃមុខទំនិញដែលកម្ពុជានាំចេញទៅជប៉ុនរួមមាន ផលិតផលកាត់ដេរ ស្បែកជើង កាបូប និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីជាដើម។ នេះបើយោងតាមលោក Hiroshi Suzuki អគ្គនាយកវិស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា (BRIC)។
លោកបន្ថែមថាកម្ពុជាបាននាំចូលពីជប៉ុនវិញរួមមានគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រាប់ដំណើរការក្នុងរោងចក្រ។
លោក Suzuki បានព្យាករថា បន្ថែមពីកំណើនវិនិយោគជប៉ុនក្នុងវិស័យរោងចក្រធំៗ វិនិយោគិនជប៉ុនក៏នឹងបង្កើនការវិនិយោគជាប្រភេទសហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យផ្សេងៗក្រៅពីឧស្សាហកម្មរួមមាន វិស័យលក់រាយ ធនាគារ ទូរគមនាគមន៍ និង IT ជាដើម។
លោកថ្លែងថា៖ «ចាប់ពីពេលនេះទៅសហគ្រាសខ្នាតតូច និងមធ្យមពីជប៉ុនផ្ទាល់ និងសហគ្រាសដែលមានទីតាំងនៅក្រៅប្រទេសដូចជាថៃ វៀតណាម និងចិន នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង»។
គិតចាប់ពីឆ្នាំ ២០០៨ មក ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនតែងសម្រេចបានកំណើន ២ ខ្ទង់ជាប្រចាំឆ្នាំ លើកលែងតែឆ្នាំ ២០១៧។ ការនាំចេញបានចាប់ផ្តើមកើនឡើងខ្លាំងគិតចាប់ពីឆ្នាំ ២០១៣ បន្ទាប់ពីជប៉ុនបានបង្កើនការបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ដើម្បីបើករោងចក្រផលិតកម្មនានា ហើយនាំចេញទៅជប៉ុនវិញ។
កាលពីឆ្នាំ ២០១៦ ការនាំចេញទៅជប៉ុនមានទឹកប្រាក់ ១,២ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយពីឆ្នាំ ២០១៥៕