ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​នេះ​បង្ហាញ​ពី​កំណើន​ខ្លាំង​ធៀប​នឹង​រយៈពេល​មុនៗ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ចាប់ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ​នេះ​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​អាមេរិក​មាន​តម្លៃ​ជា​ទឹកប្រាក់ ១,៧១ ពាន់​លាន​ដុល្លារ​កើនឡើង ២៦ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៧​។

នេះ​ជា​អត្រា​កំណើន​ដ៏ខ្ពស់​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការនាំចេញ​ទៅ​ទីផ្សារ​អាមេរិក ខណៈ​ដែល​អត្រាកំណើន​ការនាំ​ចេញ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ ២០១៧ សម្រេច​បាន​ត្រឹមតែ ៤,៥ ភាគរយ​ប៉ុណ្ណោះ​។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​ដដែល​បង្ហាញ​ថា​ក្នុង​រយៈពេល​ពី​ខែ​មករា​ដល់​មិថុនា​ឆ្នាំ​នេះ​កម្ពុជា​ក៏​បាន​នាំចូល​ទំនិញ​ពី​អាមេរិក​មាន​តម្លៃ​ប្រមាណ ២១៤ លាន​ដុល្លារ​ផង​ដែរ​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​លើកឡើង​ថា ​ការសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែល​ជា​​ទីផ្សារ​ធំ​មួយ​របស់​កម្ពុជា​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​គឺជា​សមិទ្ធផល​ល្អ​ស្រប​ពេល​មាន​ការបារម្ភ​ជាច្រើន​ពី​ឥទ្ធិពល​អវិជ្ជមាន​ដែល​អាច​រាលដាល​ពី​ភាពតានតឹង​នៃ​កត្តា​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​វា​បង្ហាញ​ថា​ទោះបី​ជា​ទិដ្ឋភាព​នយោបាយ [​ប្រទេស​ទាំង​ ២] មិន​សូវ​បាន​រលូន​ល្អ​នៅ​ឆ្នាំ​នេះ​ក៏ដោយ តែ​មិន​ទាន់​មាន​បញ្ហា​អវិជ្ជមាន​ណា​មួយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ​។ កំណើន​នាពេល​នេះ​ជា​កំណើន​ល្អ កំណើន​ខ្ពស់​ដែល​គួរ​សាទរ​»​។

ភាគច្រើន​នៃ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​គឺ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​។ ថ្មីៗ​នេះ​ការ​នាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​អាមេរិក បង្ហាញ​កំណើន​ដ៏ធំ​ដោយសារ​ទំនិញ​ទាំងនេះ​ទទួល​បាន​ប្រយោជន៍​ពី​ការ​រួច​ពន្ធ​ចាប់​តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៦​។

ទិន្នន័យ​បង្ហាញ​ថា​ការនាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ​ប្រហែល ៥០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​មុន​ពេល​កម្ពុជា​ទទួល​បាន​ការលើកលែង​ពន្ធ ប៉ុន្តែ​តម្លៃ​បាន​កើនឡើង​ ១៦០ ​លាន​ដុល្លារ​បន្ទាប់ពី​រយៈពេល​ ៦ ​ខែ​នៃ​ឆ្នាំ​ ២០១៦​។

ទោះបី​យ៉ាង​នេះ​ក្តី​ដំណើរការ​នាំចេញ​ទៅ​អាមេរិក​នៅ​ឆមាស​ទី​ ២ គឺ​នៅតែ​ជា​បញ្ហា​មួយ​។ មាន​ការ​បារម្ភ​ថា ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​អាច​មើល​ឃើញ​ផលប៉ះពាល់​អវិជ្ជមាន បើ​អាមេរិក​សម្រេច​ចិត្ត​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​របស់​ពួកគេ​ជាមួយ​ប្រទេស​កម្ពុជា ដោយសារ​តែ​បញ្ហា​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​អាមេរិក​បាន​ហៅ​ថា​មិន​ត្រឹមត្រូវ និង​មាន​កំហុស​ឆ្គង​។

ប៉ុន្តែ​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ថ្លែង​ថា​ដោយ​មាន​ស្ថិរភាព​បន្ទាប់ពី​ការបោះឆ្នោត​លោក​មាន​សុទិដ្និនិយម​អំពី​ការនាំចេញ​របស់​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​ផ្សេង​ទៀត​នៅ​ឆ្នាំ​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ការ​បារម្ភ​តិចតួច​ពី​ស្ថានការណ៍​នយោបាយ ប៉ុន្តែ​បារម្ភ​ខ្លាំង​លើ​ការបង្កើន​ប្រាក់​ឈ្នួល និង​ការផ្ដល់​កម្រៃ​ផ្សេងៗ​ទៀត​ដល់​កម្មករ ខណៈ​ផលិតភាព​នៅ​ទាប​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​គ្រាន់តែ​ត្រូវការ​ការងារ​ត្រឹមត្រូវ​លើ​គោលនយោបាយ​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​កាត់បន្ថយ​សមត្ថភាព​ប្រកួត​ប្រជែង​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​ផលិត​តាម​កិច្ចសន្យា ដូច្នេះ​តម្លៃ​កម្លាំង​ពលកម្ម​របស់​យើង​គឺជា​សមាសធាតុ​តម្លៃ​ដ៏សំខាន់​របស់​យើង​»​។

លោក ម៉ូនីកា ថ្លែង​ថា​ការនាំ​ចេញ​សម្លៀកបំពាក់​កម្ពុជា​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​ឆ្នាំ​នេះ​ជាមួយ​នឹង​អត្រា​កំណើន ១៤ ​ភាគរយ​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​ភាព​នៅ​ទ្រឹង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​។

លោក ចាប សុថារិទ្ធិ នាយក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​កិច្ចសហប្រតិបត្តិការ និង​សន្ដិភាព​កម្ពុជា (CICP) រំពឹង​ថា​ការនាំ​ចេញ​នៅ​ពេល​អនាគត​ពី​ប្រទេស​កម្ពុជា ទៅ​អាមេរិក​នៅ​តែ​វិជ្ជមាន​ដោយ​សង្ឃឹម​ថា​ការអនុគ្រោះ​ពាណិជ្ជកម្ម​នឹង​នៅតែ​មាន​សុពលភាព​សម្រាប់​ប្រទេស​កម្ពុជា​ពី​អាមេរិក​។

លោក​ថ្លែង​ថា​៖ «​ទាក់ទង​នឹង​ពាណិជ្ជកម្ម ខ្ញុំ​គិត​ថា​អាមេរិក​នឹង​មិន​ធ្វើការ​សម្រេចចិត្ត​ណា​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​កម្ពុជា​នោះ​ទេ​»​។

ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា វា​នឹង​កាន់តែ​តានតឹង​សម្រាប់​ប្រទេស​កម្ពុជា បើ​អាមេរិក​ដក​ការអនុគ្រោះ​ពាណិជ្ជកម្ម​៕LA