ភ្នំពេញៈ ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​បាន​កើន​ជាង ៤២ ​ភាគរយ​ ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ នេះ ទោះបី​អ្នក​ផលិត​មួយចំនួន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ពី​ការផ្អាក​ការបញ្ជា​ទិញ​ពី​អាមេរិក​ក្នុង​អំឡុងពេល​មាន​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

របាយការណ៍​ពី​ការិយាល័យ​ជំរឿន​អាមេរិក​បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុជា​សម្រេច​បាន ១ ៥៩៤,៤ លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំនេះ​កើនឡើង​ ៤២,២៩ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន ១ ១២០,៥ ​លាន​ដុល្លារ​។

ទិន្នន័យ​នេះ​ឲ្យ​ដឹង​ទៀតថា ការនាំចូល​របស់​កម្ពុជា​មក​វិញ​សម្រេច​បាន ៨៥,១ ​លាន​ដុល្លារ ធ្លាក់ចុះ ៣០ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ១២២,១ ​លាន​ដុល្លារ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​គឺ​កំពុង​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​។

លោក​បន្តថា ទោះ​យ៉ាង​ណា​ប្រសិន​បើ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​អូសបន្លាយ​យូរ​នៅ​អាមេរិក​នឹង​ធ្វើឲ្យ​​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​របស់​យើង​កើនឡើង​នៅពេល​នេះ​អាច​មកពី​ការបញ្ជាទិញ​ទំនិញ​របស់​អាមេរិក​បាន​ធ្វើឡើង​មុនពេល​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដូច្នេះ​បាន​ជា​នាំ​ឲ្យ​ទិន្នន័យ​នាំចេញ​មាន​កំណើន​ល្អ​»​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​អំពាវនាវ​ជាថ្មី​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទិញ​ទំនិញ ដែល​បាន​ទទួល​រួចហើយ ឬ​កំពុង​ដឹក​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​។ នេះ​បើតាម​លិខិត​អំពាវនាវ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកបញ្ជា​ទិញ​ធំៗ​នៅ​អាមេរិក និង​អឺរ៉ុប បាន​សម្រេច​ផ្អាក​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែល​នាំ​ឲ្យ​រោងចក្រ​ចំនួន ១៨០ ​បាន​ព្យួរ​ប្រតិបត្តិការ ហើយ ៦០ ​រោងចក្រ​ទៀត​នឹង​ឈាន​ទៅ​ដល់​ការព្យួរ​ការងារ​ផង​ដែរ ដែល​បាន​ប៉ះពាល់​ដល់​កម្មករ​ជាង ១៥ ម៉ឺន​នាក់​។ នេះ​បើ​តាម​លិខិត​របស់ GMAC​។

GMAC បន្តថា​៖ «​រោងចក្រ​នៅ​កម្ពុជា​កំពុង​រងគ្រោះ​រួច​ហើយ​ពី​ការលុបចោល​ការបញ្ជាទិញ​ជាច្រើន និង​ការគ្មាន​ការបញ្ជាទិញ​ថ្មីៗ ហើយ​មិនអាច​ទ្រាំទ្រ​នឹង​ការមិន​ទូទាត់​ប្រាក់​នោះទេ​»​។

ចាប់ពី​ខែ​កក្កដា ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ផ្តល់ GSP លើ​ទំនិញ​ធ្វើដំណើរ​សម្រាប់​កម្ពុជា​ដោយ​រួច​ពន្ធ​រួមមាន​វ៉ាលិស កាបូប កាបូបស្ពាយ និង​កាបូប​ដាក់​ប្រាក់​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​យ៉ាងខ្ពស់​កាលពី​ឆ្នាំ ២០១៩ ដោយ​មាន​តម្លៃ​រហូតដល់ ៥,៣ ​ពាន់​លាន​ដុល្លារ​ កើនឡើង ៤០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការ​នាំចូល​សរុប​ពី​អាមេរិក​បាន​តម្លៃ​ជាង ៥១៣ ​លាន​ដុល្លារ​កើនឡើង ១៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ឈានមុខ​គេ​ទី​ ៦៦ ​របស់​អាមេរិក​ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប ៤,៣ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ ការនាំចូល​សរុប​របស់​អាមេរិក​នៃ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​មាន​ចំនួន​សរុប​ ២៤ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨៕