ភ្នំពេញៈ ការ​នាំចេញ​ទំនិញ​​របស់​កម្ពុជា​​ទៅ​​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩ ​មាន​តម្លៃ​ជិត​ ៧ ​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំចូល​​វិញ​មាន​​​​តម្លៃ​រហូត​ទៅ​ដល់​ជាង ​១០ ​​ពាន់​លាន​ដុល្លារ​។ នេះ​​​បើ​យោង​​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)​​។

របាយការណ៍​ប្រចាំ​ឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បរទេស​បាន​ដំណើរការ​ទៅ​មុខ​ល្អ​ប្រសើរ ដោយ​ការ​នាំចេញ​មាន​​តម្លៃ​សរុប ៦,៨ ​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចំណែក​​ទីផ្សារ​អាមេរិក​ មាន​ចំនួន​ ២៨ ​ភាគរយ តំបន់​អឺរ៉ុប ២៦,៦ ​ភាគរយ ចក្រភព​អង់គ្លេស ៦,៦ ​ភាគរយ និង​ជប៉ុន ៧,៧ ​ភាគរយ​។ ចំណែក​ការ​នាំចូល​មាន​តម្លៃ​សរុប​រហូត​ដល់​ ១០,៥​ ពាន់​លាន​ដុល្លារ នាំមុខ​ដោយ​ប្រទេស ​ចិន​ ដែល​មាន​ ៤៦ ​ភាគរយ ថៃ​​១៥,៦ ​ភាគរយ វៀតណាម​ ១៣,២ ​ភាគរយ និង​ជប៉ុន ៤,៥ ​ភាគរយ​។

ថ្លែង​ក្នុង​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី២ ឆ្នាំ ​២០១៩ កាល​ពី​ថ្ងៃ​សៅរ៍ លោក​ស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​​ឲ្យ​ដឹង​ថា បរិយាកាស​អំណោយ​ផល​ពី​​សេដ្ឋកិច្ច​ពិភព​លោក បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​។

ទោះ​យ៉ាង​ណា​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ​ ដោយសារ​​ការ​នាំចេញ​នៅ​តិច​ជាង​​នាំចូល​ឆ្ងាយ​នៅ​ឡើយ​​។ លោកស្រី​​​ថ្លែង​ថា៖ «​សេណារីយ៉ូ​ដែល​ល្អ ​គឺ​ការ​នាំចេញ ​ត្រូវ​ច្រើន​ជាង​ការ​នាំចូល​ ប៉ុន្តែ​ក្នុង​ករណី​បច្ចុប្បន្ន​កំណើន​ ​[ការ​នាំចូល] យើង​ខ្ពស់ គឺ​ដោយ​សារ​តម្រូវការ​​​ក្នុង​ស្រុក​ច្រើន ដូច្នេះ​ការ​នាំចូល​នឹង​កើន​​ឡើង​ច្រើន​ជាង [នាំ​ចេញ]​»។​

លោកស្រី​​​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​បង្កើន​ការ​នាំចេញ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ហើយ​ត្រូវ​ធ្វើ​ពិពិធកម្ម​នៃ​ការ​នាំចេញ​។

បច្ចុប្បន្ន​ផលិតផល​កម្ពុជា​ដែល​នាំចេញ​​ទៅ​ទីផ្សារ​អន្តរជាតិ​​មាន​ដូច​ជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប​ កង់ គ្រឿង​បរិក្ខារ​អគ្គិសនី និង​អង្ករ​ជា​ដើម។ នេះ​បើ​តាម​លោក​ស្រី ជា​ សិរី។

របាយការណ៍​​របស់​ NBC ក៏​បាន​បង្ហាញ​ថា ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ក៏​បាន​បន្ត​​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​​​​ឆមាស​ទី​១ ​ឆ្នាំ ​២០១៩ មាន​រហូត​ដល់​ទៅ​ ១១,១ ​ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ឲ្យ​ការ​នាំចូល​ទំនិញ​ និង​សេវាកម្ម​សម្រាប់​គ្រា​អាសន្ន​បាន​រយៈពេល​ ​៤,៩ ​ខែ​។ កម្រិត​ខ្ពស់​នៃ​ទុន​បម្រុង​អន្តរជាតិ បាន​ពង្រឹង​​ជំនឿ​ទុក​ចិត្ត​​របស់​វិនិយោគិន​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

លោក ជា ចាន់តូ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ខណៈ​​សេដ្ឋកិច្ច​ពិភព​លោក​​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​បន្ថយ​ល្បឿន​នៃ​ការ​វិនិយោគ​ដោយសារ​​ការ​ប្រឈម​ដាក់​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ការ​ចាកចេញ​របស់​ប្រទេស ​អង់គ្លេស ​ពី​សហភាព​អឺរ៉ុប និង​​កត្តា​បញ្ហា​នៅ​តាម​តំបន់​មួយ​ចំនួន ក៏​​បញ្ហា​ទាំង​អស់​នេះ​មិន​ទាន់​មាន​ផល​​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែរ​​។

លោក​​ថ្លែង​ថា៖​ «​ក្នុង​នាម​ជា​អាជ្ញាធរ​រូបិយវត្ថុជាតិ​ ធនាគារជាតិ​នៃ​កម្ពុជា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រក្សា​អត្រា​​អតិផរណា​ឲ្យ​កម្រិត​ទាប​ អត្រា​ប្តូរ-​ប្រាក់​​​មាន​ស្ថិរភាព​ល្អ​ប្រសើរ និង​បាន​គរពូន​ទុន​បម្រុង​អន្តរជាតិ​ឲ្យ​កើន​ឡើង​​ខ្ពស់​ ដើម្បី​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និង​គាំទ្រ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​»៕LA