ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញ​ថា រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២០ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា អាមេរិក​មាន​តម្លៃ​សរុប ៦ ៣៦៩ ​លាន​ដុល្លារ កើន ១៧,០៥ ​ភាគរយ​ពី​ចំនួន ៥ ៤៤១,២ ​លាន​ដុល្លារ​ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៦ ០៥៦,៩ ​លាន​ដុល្លារ​ ដែល​កើន​ ២២,២០ ​ភាគរយ​ធៀប​នឹង ៤ ៩៥៦,៥ ​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​ពី​អាមេរិក​មាន​តម្លៃ ៣១២,១ ​លាន​ដុល្លារ​ធ្លាក់​ចុះ ៣៥,៦ ​ភាគរយ​ពី​ចំនួន ៤៨៤,៧ ​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) លោក ហុង វណ្ណៈ កាលពី​ថ្ងៃទី​ ១៧ ខែ​មករា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ទោះបី​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ត្រូវ​ធ្លាក់ចុះ​ភាគច្រើន ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា អាមេរិក ពិសេស​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មិន​បាន​ធ្លាក់ចុះ​ទេ​។ ភាពរឹងមាំ​នេះ​គឺ​មកពី​កត្តា​សំខាន់ៗ​ដូចជា ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ការទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក និង​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ក្រុមហ៊ុន​ផលិត​នៅ​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អាមេរិក​។

លោក​ថ្លែងថា​៖ «​នេះ​មិនមែន​ជា​ការចៃដន្យ​ទេ​ដែល​ការនាំ​ចេញពី​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​ជា​បន្តបន្ទាប់​។ កំណើន​នេះ​មាន​ជាប់ទាក់ទង​ខ្លាំង​ទៅលើ​ការផ្តល់​ប្រព័ន្ធ GSP ដែល​បាន​លើកលែង​ប្រាក់​បង់ពន្ធ​សម្រាប់​ការនាំចូល​ផលិតផល​ធ្វើដំណើរ​ផលិត​នៅ​កម្ពុជា​»​។

ទោះយ៉ាងណា​ដោយសារ​សុពលភាព GSP ត្រូវបាន​បញ្ចប់​កាលពី​ចុងឆ្នាំ​ ២០២០ និង​មិនទាន់​មាន​ការប្រកាស​បន្ត​ឡើងវិញ លោក​និយាយថា​៖ «​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​ ២០២១ នេះ គេ​ត្រូវ​រង់ចាំ​មើល​ការសម្រេច​របស់​អាមេរិក​ក្នុង​ការបន្ត​សុពលភាព​របស់ GSP ជាមុនសិន​»​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​សប្តាហ៍​ទី​ ១ ខែ​មករា ឱ្យដឹងថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​អាមេរិក​បាន​ផុត​សុពលភាព​កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០ ដោយសារតែ​ការយឺតយ៉ាវ​ក្នុង​ការអនុម័ត​ច្បាប់​ដើម្បី​ផ្ដល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើងវិញ​ដោយ​សភា​អាមេរិក​។

សេចក្ដី​ជូនដំណឹង​បាន​សរសេរ​ថា​៖ «​ក្នុងអំឡុងពេល​ផុតរលត់​ចុងក្រោយ​នេះ ទំនិញ​ដែល​នាំ​ចូលទៅ​អាមេរិក បន្ទាប់ពី​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០ នឹង​ជាប់​អត្រាពន្ធ​នៃ​ប្រទេស​ដែល​ទទួល​បាន​ការអនុគ្រោះ​បំផុត​ (MFN) ប៉ុន្តែ​ការទាមទារ​ឱ្យមាន​ប្រព្រឹត្តិកម្ម​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP) គួរតែ​បន្ត​ធ្វើឡើង ពីព្រោះ​ការអនុវត្ត​កន្លងមក​​របស់​សភា​អាមេរិក ដែល​បាន​បន្ត​កម្មវិធី​នេះ​គឺមាន​លក្ខណៈ​ប្រតិសកម្ម ចាប់ពី​កាលបរិច្ឆេទ​ផុតរលត់​ពិតប្រាកដ ដូចនេះ​អ្នក​នាំចូល​នឹង​ទទួល​បាន​ប្រាក់​ពន្ធ​ដែល​បាន​បង់​ត្រឡប់​ទៅវិញ (​មិនមាន​ការប្រាក់​) សម្រាប់​ពន្ធ​ដែល​បាន​បង់​ក្នុងអំឡុងពេល​ការផុតរលត់​»​។

រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​អត្ថប្រយោជន៍​រួច​ពន្ធ​ដល់​កម្ពុជា​សម្រាប់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ​ដូចជា​វ៉ាលិស កាបូបស្ពាយ កាបូប​យួរដៃ និង​កាបូប​លុយ​ស្ថិតក្រោម​ GSP ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០១៦ មក​។

ទន្ទឹមនឹង​កំណើន​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​នេះ​លោក វណ្ណៈ ក៏បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​ក្នុង​ការធ្វើ​ពិពិធកម្ម​ផលិតផល​ថ្មីៗ​ដែល​អាច​នាំទៅ​អាមេរិក​ផងដែរ​។ លោក​ថ្លែងថា​៖ «​កម្ពុជា​ត្រូវតែ​ពិនិត្យ​លទ្ធភាព​របស់ខ្លួន​បន្ថែម​ទៀត​ទៅលើ​វិស័យ​ផ្សេងៗ​ពិសេស​វិស័យ​កសិកម្ម ដែលមាន​តម្រូវការ​ខ្ពស់​នៅ​អាមេរិក​»៕ LA