ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា កំណើន​នៃ​ការនាំចេញ​ផលិតផល​ពី​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​តម្លៃ​សរុប​រហូតដល់ ២ ៦៨៨ លាន​ដុល្លារ​ កើនឡើង​ប្រមាណ​ជាង ២៧ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក​បាន​បន្តថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មាន​សរុប​ចំនួន ៥៤ ដោយមាន​ក្រុមហ៊ុន​វិនិយោគ ៤៦៥ និង​មាន​កម្មករ​ប្រមាណ​ជាង ១០ ​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​។

លោក លី គីមហុង ប្រធាន​សាខា​តំបន់​សេដ្ឋកិច្ច​ពិសេស Oneang ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ (​ព្រំដែន​កម្ពុជា​-​ថៃ​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​ថា ទោះបី​លោក​មិនទាន់​មាន​តួលេខ​ច្បាស់​ពី​បរិមាណ​នៃ​ការនាំចេញ​ទំនិញ​ផលិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Oneang ក៏ដោយ ប៉ុន្តែ​លោក​ដឹងថា ការនាំចេញ​កាលពី​ឆ្នាំមុន​បាន​កើនឡើង​ច្រើន​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​រោងចក្រ​​ធំៗ​ចំនួន​ ៤ ដែល​កំពុង​ដំណើរ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Oneang ខ្ញុំ​ឃើញថា បរិមាណ​នៃ​ការផលិត និង​នាំចេញ​កំពុង​មាន​កំណើន​ជា​បន្តបន្ទាប់​»​។

លោក​បន្តថា មាន​មូលហេតុ​ជាច្រើន​កំពុង​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ដែល​មាន​ដូចជា ច្បាប់​វិនិយោគ​មាន​ភាព​ល្អ​ប្រសើរ​កម្លាំង​ពលកម្ម​ជំនាញ​មាន​ភាព​សម្បូរបែប និង​មានតម្លៃ​សមរម្យ ប្រជាជន​ប្រទេស​ជិតខាង​ (​ថៃ​) កំពុងមាន​និន្នាការ​ផ្លាប់​ប្តូរ​ទៅ​ធ្វើការងារ​ផ្សេងៗ​ក្រៅពី​រោងចក្រ​ជាដើម​។

បច្ចុប្បន្ននេះ​តំបន់​សេដ្ឋកិច្ច​ពិសេស Oneang មាន​រោងចក្រ​ចំនួន ៤ កំពុង​ដំណើរការ​ក្នុង​នោះ ២ ជា​របស់​វិនិយោគិន​មកពី​ថៃ ១ ​មកពី​ចិន និង​ ១ ​មកពី ប្រទេស​ជប៉ុន​ដោយ​មាន​កម្មករ​ប្រមាណ ៧ ០០០ ​នាក់ ខណៈ ២ ផ្សេង​ទៀត​កំពុងស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​។

លោក គីមហុង បាន​អះអាង​ថា ភាពល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​មាន​ភាពទាក់ទាញ​នឹង​ធ្វើឲ្យ​ចំនួន​នៃ​ការចូលមក​វិនិយោគ​ថ្មីៗ និង​ការនាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បន្ត​កើនឡើង​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ការនាំចេញ​ផលិតផល​គ្រប់​ប្រភេទ​ពី​តំបន់​សេដ្ឋកិច្ច​នឹង​មាន​កំណើន​ច្រើន​បន្តទៀត​ក្នុងឆ្នាំនេះ​»​។

បច្ចុប្បន្ន​ទំនិញ​ដែល​ផលិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក មានដូចជា ថៃ ជប៉ុន វៀតណាម ចិន ម៉ាឡេស៊ី អាមេរិក អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី ជាដើម​។ ចំណែក​ផលិតផល​ទាំងនោះ​មាន​ដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​រថយន្ត អេឡិចត្រូនិក អគ្គិសនី និង​ប្រអប់​ដាក់​គ្រឿងអលង្ការ ជាដើម​។ នេះ​បើតាម​លោក គីមហុង​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​មិន​ទទួល​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា​ជាមួយ​នឹង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​នឹង​ធ្វើឲ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្ត​កើន​ខ្ពស់​ក្នុង​រយៈពេល​យូរ​បន្ថែមទៀត​។ ទោះយ៉ាងណា លោក​ប្រាប់​ថា​កម្ពុជា​ក៏ត្រូវ​តែ​ចាំបាច់​ធ្វើការ​អភិវឌ្ឍ​គុណភាព​ផលិតផល និង​ធនធាន​មនុស្ស​របស់ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដើម្បី​រក្សា​និរន្តរភាព និង​បង្កើន​ការនាំចេញ​ផលិតផល​របស់ខ្លួន កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ពង្រឹងសមត្ថភាព​ផលិត និង​គុណភាព​ផលិតផល​ឲ្យ​កាន់តែ​ប្រសើរ​ស្របតាម​ការចង់​បាន​របស់​ប្រទេស​ដែល​ត្រូវ​នាំចេញ​»​។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ​ដំបូង ឆ្នាំ​ ២០១៩ ការនាំ​ទំនិញ​គ្រប់​ប្រភេទ​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​កាន់​បរទេស​មាន​តម្លៃ​សរុប ១០,៩ ​ពាន់​លាន​ដុល្លារ​ ដែល​នាំមុខ​ដោយ​អាមេរិក ដែលមាន​ចំណែក​ទីផ្សារ ២៩ ​ភាគរយ ខណៈ​ជប៉ុន​ស្ថិត​នៅ​លេខ​ ២ ជាមួយ​នឹង​ចំណែក​ទីផ្សារ ៨ ​ភាគរយ​៕