
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅក្រុងតាខ្មៅ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក បានបង្ហាញពីកំណើនខ្លាំងក្នុងរយៈពេល ៩ ខែដំបូង ឆ្នាំ ២០១៨ នេះ ដោយសម្រេចបានអត្រាកំណើនរហូតដល់ ២៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
នេះបើតាមទិន្នន័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាព។
ទិន្នន័យពីការិយាល័យស្ថិតិរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅអាមេរិកមានតម្លៃជាទឹកប្រាក់ចំនួន ២,៨៦ ពាន់លានដុល្លារក្នុងរយៈពេលពីខែ មករា ដល់ខែ កញ្ញា ឆ្នាំនេះ គឺកើនឡើង ២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យដដែលបានបង្ហាញថា អាមេរិក បាននាំចេញទំនិញមានតម្លៃ ៣២២ លានដុល្លារ មកកម្ពុជា នៅក្នុងអំឡុងពេលនេះ កើនឡើង ១២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
លោក ចាប សុថារិទ្ធ នាយកផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងសន្ដិភាពកម្ពុជា (CICP) បានឲ្យដឹងកាលពីម្សិលមិញថា កំណើនការនាំចេញទំនិញទៅទីផ្សារអាមេរិក បានបង្ហាញការបន្តភាពវិជ្ជមានលើសមត្ថភាពនាំចេញរបស់ប្រទេស កម្ពុជា និងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក។
លោកបានប៉ាន់ប្រមាណថា ការនាំចេញនៅពេលអនាគតពីកម្ពុជា ទៅអាមេរិក នឹងនៅតែមានភាពវិជ្ជមាន ខណៈអាមេរិក បានសម្រេចចិត្តបង្កើនពន្ធនាំចូលលើទំនិញរបស់ប្រទេស ចិន ដែលធ្វើឲ្យតម្លៃទំនិញរបស់ប្រទេស ចិន ទៅទីផ្សារអាមេរិកកាន់តែខ្ពស់។ ការបង្កើនពន្ធនាំចូលនេះ លោក សុថារិទ្ធ ឲ្យដឹងថា អាចធ្វើឲ្យអ្នកទិញមួយចំនួនយល់ថា ប្រទេស ចិន មានផលប្រយោជន៍កាន់តែតិចនិងយល់ថា កម្ពុជាជាប្រទេសមានការទាក់ទាញកាន់តែខ្លាំង។
លោកបន្តថា៖ «ក្រុមហ៊ុនផលិតជាច្រើននៅប្រទេស ចិន កំពុងជម្នះនឹងកំណើនពន្ធនាំចូលសម្រាប់ទីផ្សារអាមេរិក ហើយពួកគេអាចយល់ថា កម្ពុជាជាមូលដ្ឋានផលិតថ្មីសម្រាប់ការនាំចេញរបស់អាមេរិក»។
ទោះបីទិន្នន័យពាណិជ្ជកម្ម របស់រដ្ឋាភិបាលអាមេរិក មិនបានលម្អិតលើទំនិញនាំចេញរបស់កម្ពុជាក៏ដោយប៉ុន្តែផលិតផលសម្លៀកបំពាក់ និងស្បែកជើង ជាទំនិញដែលកម្ពុជានាំ ចេញភាគច្រើនទៅទីផ្សារអាមេរិក ខណៈទំនិញធ្វើដំណើរ ដូចជាវ៉ាលីស និងកាបូបទទួលបានការអនុគ្រោះពន្ធ ទៅអាមេរិកកាលពីខែ កក្កដា ឆ្នាំ ២០១៦។
កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក មានតម្លៃប្រហែល ៥០ លានដុល្លារក្នុង ១ ឆ្នាំមុនពេលទទួលបានការ អនុគ្រោះពន្ធ ប៉ុន្តែទំហំបាន កើនឡើងដល់ ១៦០ លានដុល្លារគ្រាន់តែក្នុងឆមាសទី ១ ឆ្នាំ ២០១៨៕LA