ភ្នំពេញៈ ការនាំចេញ​ដំឡូងមី​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​តិចតួច​ក្នុង​រយៈពេល ៣ ​ខែ​ ដំបូង​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៣ ​ខែ ​ដំបូង​ឆ្នាំ​ ២០២០ ការនាំចេញ​ដំឡូងមី​ពី​កម្ពុជា​សម្រេច​បាន ១ ១១៥ ៣៦៥ ​តោន ​កើនឡើង​ជិត ២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន ១ ០៩៧ ៨០៣ ​តោន​។

របាយការណ៍​បន្តថា ផល​ដំឡូងមី​ដែល​នាំចេញ​រួមមាន ចំណិត​ដំឡូងមី ដំឡូងមី​ស្រស់ ម្សៅដំឡូង​មី និង​កាកសំណល់​ដំឡូងមី ហើយ​ត្រូវបាន​នាំទៅ​ទីផ្សារ​ប្រទេស ​ថៃ វៀតណាម ឥណ្ឌា ចិន និង​បែលហ្ស៊ិក​។

ដំឡូងមី គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែ​ឧសភា និង​ប្រមូលផល​ចាប់ពី​ខែ​វិច្ឆិកា​រហូត​ដល់​ខែកុម្ភៈ​ក្នុង​ឆ្នាំ​នីមួយៗ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​លោក គឹម ហួត កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់ថា ការនាំចេញ​ដំឡូងមី​ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ឆ្នាំនេះ ដោយសារ​បញ្ហា​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​តម្លៃ​ដំឡូងមី​ទាប​មែនទែន​នៅក្នុង​ឆ្នាំនេះ ព្រោះ​មិនមាន​ការបញ្ជាទិញ​ពី​ឈ្មួញ​ថៃ​ដែល​បណ្តាល​មកពី​បញ្ហា​ជំងឺ​កូវីដ​១៩»​។

បើ​យោងតាម​លោក ហួត ដំឡូងមី​ស្រស់​មាន​តម្លៃ​ចន្លោះ​ពី​ ២៥០-២៦០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម និង​ដំឡូងមី​ស្ងួត​មាន​តម្លៃ ៧០០-៧២០ ​រៀល​។

លោក​បន្តថា ដំឡូងមី​នៅក្នុង​ខេត្តបាត់ដំបង​ប្រហែល ៨០ ​ភាគរយ ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញយក​ទៅ​ប្រទេស ​ថៃ​។

របាយការណ៍​ពី​មន្ទីរ​កសិកម្ម ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា ផ្ទៃដី​ដាំដុះ​ដំឡូងមី​ក្នុង​ខេត្ត​នា​រដូវកាល​ប្រមូលផល​ឆ្នាំ​ ២០១៩-២០២០ មាន​ទំហំ ១១២ ៥៤៣ ​ហិកតា ដោយ​ផ្តល់​​ទិន្នផល​ជា​មធ្យម ២៦,៤៣ តោន ក្នុង​ ១ ​ហិកតា​។

ការនាំចេញ​ដំឡូងមី​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មាន​ចំនួន​ជាង ៣,២៩ ​លាន​តោន កើន ២៧ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ២,៥៩ ​លាន​តោន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​កាលពី​ខែ​មករា​ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​គ្រប់​មុខ​សរុប ៦,៩ ​លាន​តោន​កាលពី​ឆ្នាំ​ ២០១៩ ដោយ​តាម​ការប៉ាន់ប្រមាណ​មាន​តម្លៃ​ប្រហែល ១,៩ ​ពាន់​លាន​ដុល្លារ​។

យោងតាម​ការសិក្សា​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​ដែល​ចេញផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ការអភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​នៅ​កម្ពុជា​ចាំបាច់​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន ២៩៦ ​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​សម្រាប់​វិស័យ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ការនាំ​ចេញ​ទៅ​បរទេស​៕ LA