ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១ ៣៧២ ​តោន​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០២០ ធ្លាក់ចុះ​ប្រមាណ ៨០ ​ភាគរយ​ បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៨ ៧១០ ​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ចំពោះ​ការនាំចេញ​ផលនេសាទ​សរុប ១ ៣៧២ ​តោន​នេះ​ គឺ​ការនាំចេញ​ផលនេសាទ​ស្រស់​មាន​ចំនួន​ ១ ១៤០ ​តោន ​ធ្លាក់ចុះ ៧៩,១២ ​ភាគរយ​ ធៀប​ទៅនឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន ៥ ៤៦០ ​តោន​។ ចំណែក​ការនាំចេញ​ផលនេសាទ​កែច្នៃ​មាន​ចំនួន ២៣២ ​តោន ​ធ្លាក់ចុះ ៩៣ ​ភាគរយ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​វារីវប្បកម្ម ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ក្នុងស្រុក និង​ឈាន​ទៅ​ដល់​ការនាំចេញ​ផលនេសាទ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅពេល​អនាគត​។ លោក​បន្តថា រដ្ឋាភិបាល​មាន​ផែនការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ពី​ ៥ ​ទៅ​ ១០ ​ម៉ឺន​គ្រួសារ​ ចិញ្ចឹម​ត្រី និង​កង្កែប​នៅក្នុង​តង់​ប្លាស្ទិក​ដែល​រយៈពេល​ត្រឹម ៣ ​ខែ​អាច​នឹង​ប្រមូលផល​បាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​នាពេល​នេះ វិស័យ​ឯកជន​នឹង​មើលឃើញ​ថា កម្ពុជា​អាចឈាន​ដល់​ការនាំចេញ​ផល​នេសាទ​ទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ការចិញ្ចឹម​សម្រាប់​នាំចេញ​តាមបែប​ផែន​ផលិតកម្ម ដើម្បី​អាច​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ យើង​ត្រូវមាន​ការកែលម្អ​ការចិញ្ចឹម ដើម្បី​ឆ្លើយ​នឹង​ស្តង់ដា​របស់​គេ​ស្រប​ពេល​ប្រមុខ​រដ្ឋាភិបាល​កំពុង​ធ្វើការ​កែលម្អ​ការដឹកជញ្ជូន​ទំនិញ​»​។

ទិន្នន័យ​ឲ្យ​ដឹង​ទៀតថា សម្រាប់​ផលនេសាទ​ទឹកសាប​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ សម្រេច​បាន ​(​ដាយ​ត្រី​លក្ខណៈ​គ្រួសារ និង​តាម​វាលស្រែ​) ​សរុប​បាន​ ១៦៥ ២៣០ ​តោន​កើនឡើង ១,៦២ ​ភាគរយ​ធៀប​នឹង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។ ចំណែក​ផលនេសាទ​សមុទ្រ​អនុវត្តបាន​ចំនួន ៥៧ ១៦០ ​តោន​កើនឡើង ១,១០ ​ភាគរយ​។

រីឯ​ទិន្នន័យ​ផ្នែក​វារីវប្បកម្ម​ (​ការចិញ្ចឹម​ត្រី និង​បង្គា​) ​មាន​ចំនួន ១៣៥ ៤១៥ ​តោន កើនឡើង​ ២០ ​ភាគរយ​។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផលនេសាទ​កម្ពុជា​ភាគច្រើន​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ ហើយ​ផលនេសាទ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខ ខណៈ​ការធ្វើ​វារីវប្បកម្ម​កំពុង​កើនឡើង​នៅ​ស្ទើរ​គ្រប់​តំបន់ ពិសេស​មាត់សមុទ្រ និង​ទន្លេសាប​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារសួគ៌​លោក​ ហេង ម៉ាទីណេ ដែល​ស្ថិតក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល និង​មាន​ចិញ្ចឹម​កន្ធាយ​ជាង ៥០ ០០០ ​ក្បាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ជា​ទីផ្សារ​សត្វ​កន្ធាយ​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​ការចិញ្ចឹម​នាពេលនេះ​បែរជា​ធ្លាក់ចុះ​ទៅវិញ មូលហេតុ​គឺ​ដោយសារ​តែ​មាន​ការនាំចូល​យ៉ាងច្រើន​ពី​ប្រទេស​ជិតខាង ពិសេស​ប្រទេស​វៀតណាម​។

លោក​បន្ត​៖ «​តម្លៃ​កន្ធាយ​នាំចូល​ទាប​ជាង​កន្ធាយ​ក្នុង​ស្រុក​បាន​ធ្វើឲ្យ​បរិមាណ​នៃ​ការចិញ្ចឹម​ក្នុងស្រុក​ធ្លាក់ចុះ​ជាង ៥០ ​ភាគរយ​នៅក្នុង​រយៈពេល​ប្រហែល ២ ​ឆ្នាំ​ចុង​ក្រោយនេះ​»​។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​ការផលិត​ក្នុង​ស្រុក ដើម្បី​បង្កើត​ឱកាស​ការងារ​ថ្មីៗ សម្រាប់​ប្រជាកសិករ​បង្កើន​ប្រាក់ចំណូល​។ លោក​បាន​ប៉ាន់ប្រមាណ​នៅ​កម្ពុជា​មាន​តម្រូវការ​កន្ធាយ​ប្រមាណ ៤ ​តោន​ក្នុង​ ១ ​ថ្ងៃ​ក្នុង​នោះ​ប្រហែល ៦០ ​ភាគរយ​ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀតណាម​។

លោក​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់ ឬ​កាត់បន្ថយ​បរិមាណ​នាំចូល​កន្ធាយ ដើម្បី​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​បង្កើន​សមត្ថភាព​ចិញ្ចឹម ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​ជួយ​ឧបត្ថម្ភ​ទុនវិនិយោគ​បន្ថែម ដែល​ទីផ្សារ​សត្វ​កន្ធាយ​កំពុង​ពេញនិយម ជាពិសេស​អតិថិជន​ជនជាតិ​ចិន​»​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សរុប ១៤ ១០០ តោន​ ធ្លាក់ចុះ ២,២៥ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ចំនួន ១៤ ៥០០ តោន​។

របាយការណ៍​ពី​រដ្ឋបាល​ជលផល​ឲ្យ​ដឹងថា តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល​ឆ្នាំ​ ២០១៥-២០២៤ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម ២០១៦-២០៣០ កន្លង​មក​រដ្ឋបាល​ជលផល សង្ឃឹម​ថា នៅ​ឆ្នាំ​ ២០២៤ កម្ពុជា​អាច​ផ្គត់ផ្គង់​ផលជលផល តាមរយៈ​ការធ្វើ​វារីវប្បកម្ម​បាន ៧៤០ ០០០ ​តោន​៕