ភ្នំពេញៈ ការនាំចេញ​សរុប​នៃ​ផលិតផល​កសិកម្ម​កម្ពុជា​បាន​កើន​ឡើង​ដល់ ៥,១៣ លាន​តោន​កាលពី​ឆ្នាំ ២០១៧ ដែល​កើនឡើង​ពី ៤,៧ លាន​តោន​កាលពី​ឆ្នាំ​ ២០១៦ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា វិស័យ​នេះ​កំពុង​ស្ថិត​លើ​ផ្លូវ​ត្រឹមត្រូវ​។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម វេង សាខុន​។

ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ការ​បូក​សរុប​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ក្រសួង​នេះ​លោក វេង សាខុន ឲ្យ​ដឹង​ថា ខណៈ​ការ​បង្កបង្កើនផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​កន្លង​មក​មាន​ការងារ​ត្រូវ​ធ្វើ​ជាច្រើន​ទៀត ដើម្បី​បង្កើន​ការនាំ​ចេញ​ធានា​ដំណាំ​កសិកម្ម​ត្រូវ​បាន​កែច្នៃ​នៅក្នុង​ប្រទេស​នេះ និង​បង្កើន​ការគោរព​ស្ដង់ដារ​សុខភាព​ និង​សុវត្ថិភាព​។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា​៖ «​វិស័យ​របស់​យើង​នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ហើយ​យើង​ត្រូវការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ផ្គូផ្គង​ជាមួយ​គោលនយោបាយ​រដ្ឋាភិបាល​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​»​។ លោក​បន្ត​ថា​៖ «​តើ​យើង​ធ្វើ​អន្តរាគមន៍​ដូចម្ដេច ក្នុង​ការ​បង្កើន​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​?»​។

ការ​នាំចេញ​អង្ករ​បាន​កើនឡើង ១៧,៣ ភាគរយ​ដល់ ៦៣៥ ៦៩៧ តោន​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​កៅស៊ូ​បាន​កើនឡើង ៣០,១៤ ភាគរយ​ដល់ ១៨៨ ៨៣២ តោន​។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។

ការ​រីករាលដាល​ការរត់ពន្ធ​នៅតែ​មាន​ចំនួន​ច្រើន​នៃ​ពាណិជ្ជកម្ម​កសិកម្ម​របស់​ប្រទេស​នេះ​។ ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ជាង​ ៤០ ​ភាគរយ​ធ្វើ​តាម​បណ្ដាញ​ក្រៅ​ប្រព័ន្ធ​។ នេះ​បើ​តាម​ការប៉ាន់​ប្រមាណ​របស់​អង្គការ​សហប្រជាជាតិ​ថ្មីៗ​នេះ ខណៈ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ និង​ក្រុមហ៊ុន​កែច្នៃ​កៅស៊ូ​បាន​ត្អូញត្អែរ​ថា កសិករ​មាន​ទុន​តូច​ទទួល​បាន​តម្លៃ​កាន់តែ​ខ្ពស់ ដោយ​ការ​លក់​ឲ្យ​ឈ្នួញ​វៀតណាម ដែល​មិន​បាន​គោរព​តាម​ច្បាប់​ពន្ធ​របស់​ប្រទេស​កម្ពុជា ធ្វើឲ្យ​ក្រុមហ៊ុន​ស្រុក​ដែល​បង់ពន្ធ​ពិបាក​រស់​។

លោក វេង សាខុន មិន​បាន​លើក​ឡើង​ពី​ការ​រត់ពន្ធ​ផលិតផល​កសិកម្ម​នៅក្នុង​សុន្ទរកថា​របស់​លោក​នោះ​ទេ​។

ការនាំចេញ​គ្រាប់​ស្វាយចន្ទី​បាន​កើនឡើង ២០ ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ដល់ ៨៧ ៨៥៣ តោន​។ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​បាន​ផ្ដល់​ដោយ​ក្រសួង ទោះបី​ជា​ព័ត៌មាន​អំពី​​វិស័យ​ស្វាយចន្ទី​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ក៏ដោយ​។

រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​មួយ​កាលពី​ខែ​មករា​ដើម្បី​នាំ​ចេញ​ស្វាយចន្ទី ឲ្យ​បាន​​ ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០២៨ ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​វៀតណាម ប៉ុន្តែ​មិន​មាន​ផែនការ​ត្រូវ​បាន​បង្ហាញ​ទេ​ថា​តើ​ទិសដៅ​កំណត់​នេះ​នឹង​ត្រូវ​សម្រេច​បាន​យ៉ាង​ណា​នោះ​ទេ​៕LA