ភ្នំពេញ: ប្រទេស​កម្ពុជា​ បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​ ២,៦៨ លាន​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ ដែល​ឆ្លុះបញ្ចាំង​អំពី​សញ្ញា​វិជ្ជមាន​នៃ​វិស័យនេះ ទោះបី​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​ទេសចរណ៍ ឧស្សាហកម្ម កាត់ដេរ និង​អាកាសចរណ៍​ដែល​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​បង្ហាញ​ថា ការនាំចេញ​ផលិតផល​កសិកម្ម​រយៈពេល​ ៧ ​ខែ ឆ្នាំ​នេះ​កើន​ខ្ពស់ជាង​រយៈពេល​ ៧ ​ខែ​ ១៩ ​ថ្ងៃ​នៃ​ឆ្នាំ​ ២០១៩ ដែល​មាន​​ត្រឹម​តែ​ជាង​ ២,៥៨ ​លាន​តោន​ប៉ុណ្ណោះ​។

ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ការនាំចេញ​ផ្លែស្វាយ និង​ដំណាប់​ស្វាយ​មាន​ចំនួន ៤៩ ៩៣៧ តោន គ្រាប់ស្វាយចន្ទី​ចំនួន​ ១៩៤ ៥២៥ តោន ចេកអំបូង​លឿង​ស្រស់​ចំនួន ១៦៧ ៧៥៤ តោន និង​ម្រេច​ចំនួន ៣ ៤៣០ តោន​។

ការនាំចេញ​អង្ករ​មាន​ចំនួន​ជាង ៤២ ​ម៉ឺន​តោន ផលិតផល​ផ្សេងៗ​ពី​ដំឡូងមី​ជាង ១,៥៥ លាន​តោន គ្រាប់ពោត ១៤៤ ៧២១ ​តោន ដូងប្រេង ៣២ ៨១០ ​តោន និង​ថ្នាំជក់ ៤ ២៨៣ ​តោន​ជាដើម​។

អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន Kirirom Food Product Co., Ltd ដែល​ជា​រោងចក្រ​កែច្នៃ​ផលិតផល​ពី​ផ្លែស្វាយ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ផលិតផល​កសិកម្ម​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ល្អ​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

អ្នកស្រី​បន្តថា ការនាំចេញ​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​អ្នកស្រី​សម្រេចបាន​ចំនួន ១ ៤០០ ​តោន​ក្នុង​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំនេះ កើនឡើង​ប្រហែល ៣០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

អ្នកស្រី​និយាយ​ថា​៖ «​យើង​រំពឹងថា​ការនាំចេញ​ផលិតផល​កែច្នៃ​ពី​ផ្លែស្វាយ​នឹង​ទទួលបាន​ ៣ ០០០ ​តោន​ឆ្នាំនេះ​»​។

លោក Sebastien Lesieur ​អគ្គនាយក​ក្រុមហ៊ុន Farm Link Ltd ដែលជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ​បាន​និយាយថា ក្រុមហ៊ុន​របស់​លោក​បាន​នាំចេញ​ម្រេច​កំពត​ប្រមាណ​ ១០ ​តោន ក្នុង​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំនេះ ហើយ​រំពឹងថា​ការនាំចេញ​ម្រេច​នឹង​សម្រេចបាន​ចន្លោះ​ពី​ ១៧ ​ទៅ​ ២០ ​តោន​នៅ​ឆ្នាំនេះ​។

លោក​អះអាង​ថា ប្រទេស​អេស្ប៉ាញ បារាំង និង​អាល្លឺម៉ង់ ជា​ទីផ្សារ​សំខាន់ៗ​របស់​ផលិតផល​ម្រេច​កំពត​នៅ​សហគមន៍​អឺរ៉ុប​នាពេល​បច្ចុប្បន្ននេះ​។

លោក​ជឿថា ផលិតផល​ម្រេច​កំពត​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រោយពី​ប្រទេស​ទាំង​ ២ ​សម្រេច​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។

លោក​ថ្លែងថា​៖ «​វា​ត្រូវការ​ពេលវេលា​ដូច​នៅ​ទីផ្សារ​អឺរ៉ុប​ដែរ ដើម្បី​ធ្វើឲ្យ​ផលិតផល​នេះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​យើង​ជឿជាក់​ថា ម្រេច​កំពត​នឹង​មាន​លក់​យ៉ាង​ទូលំទូលាយ​នៅតាម​ភោជនីយដ្ឋាន​ល្អ​បំផុត​នៅ​ទីក្រុង​ស៊ាងហៃ និង​ហុងកុង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។

កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​មាន​តម្លៃ​ទឹកប្រាក់ ១ ៥០០ ​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៩ ​ពី​ជិត​ ១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០១៣៕ LA