
កាតាបស្ពាយ និងកាបូបដៃដែលដាក់លក់នៅក្នុងហាងមួយក្នុងទីក្រុងភ្នំពេញ។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរមានតម្លៃ ១,២ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ១០០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៦០០ លានដុល្លារ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
មុនពេលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកនៅខែកក្កដា ឆ្នាំ ២០១៦ ការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជាសម្រចបានត្រឹមតែ ៥០ លានដុល្លារ ហើយអាមេរិកជាទីផ្សារនាំចេញផលិតផលធ្វើដំណើរធំបំផុតរបស់កម្ពុជា ដែលមាន ៨០ ភាគរយ នៃការនាំចេញសរុប។ នេះបើយោងតាម GMAC។
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានបន្តកើនឡើងចាប់តាំងពីផលិតផលធ្វើដំណើរ រួមមានកាបូបដៃ កាបូបស្ពាយ និងវ៉ាលិស ទទួលបានការនាំចូលលើកលែងពន្ធទៅអាមេរិកក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP កាលពីឆ្នាំ ២០១៦។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា៖ «កំណើននៃការនាំចេញដ៏សម្បើមនេះ ដោយសារកិច្ចខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក្នុងការបញ្ចុះបញ្ចូលទៅសភាអាមេរិករហូតនាំឲ្យមានការពិនិត្យឡើងវិញនៃ GSP នៅឆ្នាំ ២០១៦ ហើយអាមេរិកបានបញ្ចូលមុខទំនិញផលិតផលធ្វើដំណើរនៅក្នុងបញ្ជី GSP»។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា៖ «ក្រឡេកមើលទៅភាពជោគជ័យនៃការនាំចេញនេះ GMAC សូមថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះការដឹកនាំ និងការគាំទ្របានធ្វើឲ្យញត្តិនោះទទួលបានជោគជ័យ។ យើងក៏ថ្លែងអំណរគុណអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអតីតឯកអគ្គរដ្ឋទូតអាមេរិកចំពោះការគាំទ្រក្នុងការជួយជំរុញបន្ថែមឲ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ដោយបានចូលរួមដំណើរទស្សនកិច្ចជំរុញការវិនិយោគរបស់យើងទៅទីក្រុងហុងកុងកាលពីឆ្នាំ ២០១៦»។
អគ្គលេខាធិការងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជាសម្រេចបានជិត ៦០០ លានដុល្លារ កាលពីឆ្នាំ ២០១៨។ លោកថ្លែងថា៖ «ការនាំចេញនេះមានកំណើនប្រហែល ២ ដង បើធៀបនឹងឆ្នាំមុន»។
ទន្ទឹមនឹងនេះ លោកបន្តថា ការនាំចេញរបស់កម្ពុជានឹងរងផលប៉ះពាល់នៅឆ្នាំនេះ ដោយសារការផ្ទុះជំងឺកូវីដ ១៩។ លោកថ្លែងថា៖ «ការព្រួយបារម្ភកាន់តែខ្លាំងឡើងៗគឺ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុប ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ ១៩។ យើងមិនដឹងថា វានឹងប៉ះពាល់ដល់ពេលណា និងក្នុងកម្រិតណាដល់សេដ្ឋកិច្ច ពិសេសចំណូលប្រជាជន និងទំនុកចិត្តអ្នកប្រើប្រាស់»។
លោកបញ្ជាក់ថា៖ «តែបែបនេះក្តី កង្វះវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងស្បែកជើង នឹងដោះស្រាយបាននៅប៉ុន្មានខែខាងមុខទៀត ដោយសង្ឃឹមថា ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេស ចិន មានស្ថានភាពធូរស្រាល»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ កម្ពុជាប្តេជ្ញាពង្រីកការនាំចេញទៅប្រទេស ចិន កូរ៉េខាងត្បូង និងអង់គ្លេស។
លោកថ្លែងថា៖ «រដ្ឋាភិបាលកំពុងតែធ្វើការចរចាកិច្ចព្រមព្រៀងសេរីជាមួយប្រទេស កូរ៉េខាងត្បូង អង់គ្លេស ខណៈការចរចាជុំទី១ លើកិច្ចព្រមព្រៀងសេរីរវាងកម្ពុជា និងចិន បានបង្ហាញពីលទ្ធផលវិជ្ជមាន។ ប្រសិនបើយើងឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងជាមួយទាំងនោះ ដូច្នេះផលិតផលយើងនឹងនាំទៅកាន់ប្រទេសទាំងនេះ»។
បើតាមរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជាការនាំចេញផលិតផលរបស់កម្ពុជាមានតម្លៃ ១៤,៦៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ១២,៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈការនាំចូលសម្រេចបាន ២២,៣៤ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយ។
កម្ពុជាបាននាំចេញផលិតផលរួមមាន សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និងផលិតផលវាយនភណ្ឌផ្សេងទៀត ខណៈកម្ពុជានាំចូលមកវិញ ប្រេងឥន្ធនៈ រថយន្ត សម្ភារសំណង់ ភេសជ្ជៈនិងអាហារ ព្រមទាំងវត្ថុធាតុសម្រាប់បម្រើដល់វិស័យកម្មន្តសាលក្នុងស្រុកផងដែរ៕