ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែលមាន​ស្ករ​គ្រប់​ប្រភេទ​ជា​វត្ថុធាតុដើម​សំខាន់​មានតម្លៃ​ជិត ១៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៤ ភាគរយ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ បើ​ធៀប​នឹង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ពី​ស្ករ​មាន​តម្លៃ​ជាង ១៨,៩៥ លាន​ដុល្លារ​ ចាប់ពី​ខែ​មករា ដល់ ខែ​មិថុនា ​ធ្លាក់​ចុះ ៤៣,៨៩ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​តម្លៃ​ ៣៣,៧៩ លាន​ដុល្លារ​។ ទិន្នន័យ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​ទំនិញ​នៃ​ផលិតផល​ពី​ស្ករ​ជាក់លាក់​នោះទេ​។

ទោះយ៉ាងណា​ស្ថិតក្រោម​បន្ទាត់​ពន្ធគយ​នៃ​ផលិតផល​ពី​ស្ករ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​នាំចេញ​រួមមាន​ស្ករអំពៅ (​ឬ​ស្ករ​បែតឺរ៉ាវ​) និង​សាក់​ការូស​សុទ្ធ​ក្នុង​ស្ថានភាព​រឹង ស្ករ​ឆៅ​គ្មាន​បន្ថែម​រសជាតិ ឬ​ពណ៌ និង​ស្ករអំពៅ​ផ្សេងៗ​ទៀត រួមមាន​ឡាក់តូស ម៉ាល់តូស គ្លុយកូស ស្ករ​គ្រាប់ (​រួមទាំង​សូកូឡា​ពណ៌​ស​) ​គ្មាន​កាកាវ​ជាដើម​។ នេះ​បើ​តាម​លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ (KSPSPA) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ករតោ្នត​កំពង់ស្ពឺ​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​ពុំ​ទទួលរង​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​នេះ​ទេ ដោយ​បរិមាណ​លក់​ទៅ​កាន់​ទីផ្សារ​គឺ​ប្រហាក់ប្រហែល​រដូវកាល​នៃ​ឆ្នាំមុន​។ ម្យ៉ាងទៀត​ក្នុង​រដូវកាល​បន្ទាប់​នេះ តម្រូវការ​ស្ករតោ្នត​បែរជា​កើនឡើង​លើស​សមត្ថភាព​ផ្គត់ផ្គង់​ពី​សមាគម​។

លោក​ថ្លែងថា​៖ «​រដូវ​ប្រមូលផល​ឆ្នាំនេះ អ្នក​ផលិត​យើង​ផ្គត់ផ្គង់​មិនអាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​តាម​តម្រូវការ​ទីផ្សារ​ដែលមាន​ប្រមាណ​ ២០០ ​តោន ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។

លោក​បន្តថា ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នាំចេញ សមាគម​នឹង​បង្កើន​សមាជិក​អ្នក​ផលិត​នាពេល​បច្ចុប្បន្ន​ពី ១០០ នាក់ ឲ្យ​ដល់ ១៥០ នាក់ ​ដែល​រដូវ​ប្រមូល​នឹង​ចាប់ផ្តើម​ពី​ខែធ្នូ​ឆ្នាំនេះ​ដល់​ខែមិថុនា​ឆ្នាំក្រោយ​។

លោក​បញ្ជាក់ថា​៖ «​សមាគម​ក៏​កំពុង​ជំរុញ​ការផ្សព្វផ្សាយ​ដល់​អ្នក​ប្រើប្រាស់​ក្នុងស្រុក​ពី​ស្លាក​សញ្ញា​សម្គាល់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ដើម្បី​ទប់ស្កាត់​ការក្លែងបន្លំ​ស្ករត្នោត​»​។

លោក​បាន​ឲ្យ​ដឹងថា ស្ករត្នោត​ដែល​ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ពី​អ្នក​ផលិត​ក្នុង​រដូវកាល​បន្ទាប់​នេះ​គឺមាន​តម្លៃ ៦ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ដែល​ប្រហាក់ប្រហែល​នឹង​តម្លៃ​ឆ្នាំមុន​។

បើ​យោងតាម​លោក សារឿន សព្វថ្ងៃ ក្រុមហ៊ុន​ចំនួន​ ១០ ដែល​បាន​នាំចេញ​ផលិតផល​ស្ករត្នោត​ទៅ ២៥ ប្រទេស ដោយ​មាន​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប​ជា​ទីផ្សារ​ធំ​ក្នុង​ពេល​កន្លងមក​។ ក្រៅពីនេះ មាន​ទីផ្សារ​ប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ក្នុង​អំឡុងពេល​ទស្សនកិច្ច​ចង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ផលិត​ស្ករស​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គ័រ កាលពី​ខែ​ធ្នូ​ ឆ្នាំមុន​ថា រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស្ករស ១ ​ពាន់​តោន និង​ស្ករឆៅ ១ ​ពាន់​តោន ​ក្នុង​ ១ ​ថ្ងៃ​។ សព្វថ្ងៃ​ទីផ្សារ​ស្ករស​ធំជាងគេ​របស់​ក្រុមហ៊ុន​នេះ​គឺ​ប្រទេស​វៀតណាម និង​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​នាពេល​អនាគត ក្រុមហ៊ុន​នេះ​គ្រោង​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​តំបន់​បន្ថែមទៀត​»​។

ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គ័រ​ជា​ក្រុមហ៊ុន​ផលិត​ស្ករស​ទី​ ២ បន្ទាប់ពី​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ​នៅ​ខេត្តកោះកុង ដោយ​ក្រុមហ៊ុន​ទាំង​ ២ ​ផ្តួចផ្តើម​វិនិយោគ​ដោយ​លោក លី យ៉ុងផាត់​៕ LA