ភ្នំពេញ: ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ជាង ៣,៧ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ធ្លាក់​ចុះ​ជាង ៥ ​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​មុន​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​របស់​រដ្ឋាភិបាល​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​ថា ការនាំចេញ​ផលិតផល​វិស័យ​វាយនភណ្ឌ​កាត់ដេរ​របស់​កម្ពុជា​សម្រេច​បាន ៣ ៧៨៤ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ ធ្លាក់​ចុះ ៥,៤ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​មុន ដែល​មាន​ជាង ៤ ០០០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ថយចុះ​នេះ​គឺ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​តម្រូវការ និង​ការបញ្ជា​ទិញ​ថយចុះ​ជា​បន្តបន្ទាប់​។ ការថយចុះ​នេះ មិនមែន​ប៉ះពាល់​តែ​នៅក្នុង​វិស័យ​កាត់ដេរ​នេះ​នៅ​កម្ពុជា​ទេ គឺជា​សកល​តែម្តង​»​។

លោក​បន្តថា ក្នុង​ឆមាស​ទី​ ១ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​ចំនួន ៤៥០ បាន​ព្យួរការងារ ខណៈ​រោងចក្រ​ ៨៣ បាន​បិទទ្វារ​។ ក្នុងនោះ​រោងចក្រ​ចំនួន ១០ ​បាន​បង្វែរ​ទៅ​ផលិត​ម៉ាស់​សម្រាប់​នាំចេញ ខណៈ​ផលិតផល​នេះ​កំពុង​មាន​តម្រូវការ​ខ្ពស់​។

លោក​បន្ថែមថា​៖ «​បើ​គ្មាន​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​កាត់បន្ថយ​បន្ទុក​វិនិយោគ​ចំនួន​រោងចក្រ​បិទទ្វារ​នឹងមាន​ច្រើនជាង​នេះ​»​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា ទោះបី​ការនាំ​ចេញ​វិស័យ​វាយនភណ្ឌ​ធ្លាក់ចុះ​នៅ​ឆមាស​ទី​ ១ ប៉ុន្តែ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​រួមមាន កង់ និង​អង្ករ​នៅតែ​រក្សា​កំណើន​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។ លោក​ថ្លែងថា​៖ «​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ធ្លាក់ចុះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មែន តែ​ការនាំ​ចេញ​ទៅ​អាមេរិក​កើនឡើង​វិញ ដូច្នេះ​ទើប​ការនាំចេញ​នេះ​ធ្លាក់​ប៉ុណ្ណឹង​»​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​ឧសភា​ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​នឹង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​ច្រើន​ខែ​ទៅមុខ​ទៀត​ដោយសារ​ការព្យួរ​ការបញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ​ធំៗ​នៅ​អឺរ៉ុប និង​អាមេរិក​។

លោក​ប្រាប់ថា​៖ «​វា​នឹង​មាន​ការធ្លាក់ចុះ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់​ក្នុង​រយៈពេល​ច្រើន​ខែ​ខាងមុខ​។ ខ្ញុំ​ជឿថា ផលិតផល​នាំចេញ​ដែលមាន​ស្រាប់​ផ្សេងទៀត​ដូចជា ស្បែកជើង នឹង​ធ្លាក់ចុះ ហើយ​សម្ភារ​ធ្វើ​ដំណើរ​អាចមាន​ស្ថិរភាព ឬ​ធ្លាក់ចុះ​បន្តិច​។ មិន​មាន​ការបញ្ជាទិញ​សម្រាប់​ផលិតផល​កាត់ដេរ​ត្រូវបាន​បញ្ជាក់​នោះ​ទេ រហូត​មក​ដល់​ពេលនេះ អាច​មាន​តែ​សម្រាប់​ផលិតផល​ការពារ​វេជ្ជសាស្ដ្រ និង​ថែរក្សា​សុខភាព​មួយចំនួន​ប៉ុណ្ណោះ​»​។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មាន​តម្លៃ ១៤,៦៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ១២,៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការនាំចូល​មាន​ចំនួន ២២,៣៤ ​ពាន់​លាន​ដុល្លារ​កើនឡើង ១៨,៦ ​ភាគរយ​៕ LA