ភ្នំពេញៈ ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង (GTF) មានតម្លៃ​ជាង​ ៣,១៣ ​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំនេះ​កើន​ ១,៦៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ចំពេល​កូវីដ​ ១៩ កំពុង​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​។

ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​បង្ហាញថា ប្រទេស​កម្ពុជា​នាំចេញ​សម្លៀកបំពាក់​មានតម្លៃ​ជាង​ ២,៣២ ​ពាន់​លាន​ដុល្លារ​នៅក្នុង​អំឡុងពេល​នេះ​ធ្លាក់ចុះ​ ៣,៤០ ​ភាគរយ បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​គ្រាន់តែ​ការនាំចេញ​ស្បែកជើង​មានតម្លៃ​ជាង ៤១២ ​លាន​ដុល្លារ ​កើនឡើង ១៨,០៦ ​ភាគរយ និង​ទំនិញ​ធ្វើដំណើរ​មានតម្លៃ​ជាង ៣៨៨ ​លាន​ដុល្លារ​ កើនឡើង ២២,០៦ ​ភាគរយ ​ក្នុងអំឡុង​ពេលនេះ​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការកើនឡើង​នេះ​ត្រូវ​ជំរុញ​ដោយ​ការបញ្ជា​ទិញ​របស់​អ្នកទិញ​មុនពេល​ការរីករាលដាល​កូវីដ​ ១៩​។ ទោះយ៉ាងណា​វា​នឹង​ធ្លាក់ចុះ​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​នេះ ដោយសារ​តែ​ការព្យួរ​ការបញ្ជា​ទិញ​របស់​អ្នកទិញ​សំខាន់ៗ​នៅ​អាមេរិក និង​អឺរ៉ុប​សម្រាប់​ផលិតផល​មួយចំនួន ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ពិភពលោក​។

លោក ស៊ូអៀង បាន​និយាយថា​៖ «​នឹងមាន​ការធ្លាក់ចុះ​ក្នុងការ​នាំចេញ​សម្លៀកបំពាក់​ក្នុង​រយៈពេល​ច្រើន​ខែ​ខាងមុខ​។ ខ្ញុំ​ជឿជាក់​ថា ផលិតផល​នាំចេញ​ដែលមាន​ស្រាប់​ផ្សេងទៀត ដូចជា ស្បែកជើង​នឹង​ធ្លាក់ចុះ ចំណែក​សម្ភារ​ធ្វើដំណើរ​អាច​មាន​ស្ថិរភាព ឬ​ធ្លាក់ចុះ​បន្តិច​។ មិនមាន​ការបញ្ជាទិញ​សម្រាប់​ផលិតផល​កាត់ដេរ​ត្រូវបាន​បញ្ជាក់​នោះទេ​រហូត​មកទល់​ពេលនេះ អាច​មាន​តែ​សម្រាប់​ផលិតផល​ការពារ​វេជ្ជសាស្ដ្រ និង​ថែរក្សា​សុខភាព​មួយចំនួន​ប៉ុណ្ណោះ​»​។

ជំងឺ​កូវីដ​ ១៩ បាន​បណ្ដាល​ឲ្យ​មានការ​រំខាន​ការរស់នៅ​របស់​មនុស្ស​ក្នុង​ពិភពលោក ព្រមទាំង​រំខាន​ដល់​ការធ្វើ​អាជីវកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​លើ​ពិភពលោក​ផងដែរ​។

កាលពី​ខែមេសា រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ បាន​អំពាវនាវ​ឲ្យ​អ្នកទិញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​មាន​ប្រភពពី​ប្រទេស​ កម្ពុជា​ ត្រូវ​រក្សា​ការប្ដេជ្ញាចិត្ត​ដោយ​ទទួល​យក​ផលិតផល​ដែល​ត្រូវបាន​ផលិត​រួចហើយ ស្របតាម​កិច្ចសន្យា​។

លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់ដៃ​គូ​របស់​យើង អ្នកទិញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ដែលមាន​ប្រភពពី​ប្រទេស​កម្ពុជា​ត្រូវ​រក្សា​ការប្ដេជ្ញាចិត្ត ចំពោះ​ប្រទេស​កម្ពុជា និង​ជាពិសេស​ដល់​កម្មករ​របស់​យើង​។ យើង​សូមអ្នក​គោរព​តាម​កិច្ចព្រមព្រៀង​របស់​អ្នក និង​កុំ​លុបចោល​ការបញ្ជាទិញ​ដែល​បាន​ដាក់​រួចហើយ និង​ទំនិញ​ដែល​បាន​ផលិត​រួចហើយ ឬ​កំពុង​ផលិត​នៅពេល​បច្ចុប្បន្ន​»​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​សម្លឹងមើល​ក្នុង​រយៈពេល​មធ្យម​ក្នុង​ការរក្សា និង​ការពារ​ការផលិត​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ និង​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​ដើម្បី​ប្រទេស​កម្ពុជា​អាច​ត្រៀម​ខ្លួន​សម្រាប់​អាជីវកម្ម នៅពេល​ការរីករាលដាល​នេះ​ត្រូវបាន​ដោះស្រាយ​។

លោក​បន្ថែមថា កម្ពុជា​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​ភាព​ប្រកួតប្រជែង​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​ដូចជា វៀតណាម បង់ក្លាដែស និង​មីយ៉ាន់ម៉ា​។

លោក​អះអាង​ថា ការចំណាយ​ប្រតិបត្តិការ និង​ការចំណាយ​លើ​ប្រាក់ឈ្នួល និង​ការចំណាយ​លើ​ការផ្គត់ផ្គង់​វត្ថុធាតុដើម សុទ្ធតែ​ជា​កត្តា​ដែល​គេ​ត្រូវ​ដោះស្រាយ​ដើម្បី​រក្សា​ស្ថិរភាព​វិស័យនេះ​បម្រើ​សេដ្ឋកិច្ចជាតិ​។

លោក​លើកឡើង​ថា​៖ «​នោះ​ជា​មូលហេតុ​ដែល GMAC ស្នើ​ឲ្យ​មាន​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​ ៣០ ​ភាគរយ​ ក្នុង​រយៈពេល​ ២ ​ឆ្នាំ ឬ​ព្យួរ​គោលនយោបាយ​ប្រាក់​ឈ្នួល​អប្បបរមា​រយៈពេល​ ២ ​ឆ្នាំ​ ដើម្បី​អាច​ឲ្យ​រោងចក្រ​ប្រកួតប្រជែង និង​រក្សា​ការងារ ឬ​បង្កើត​ការងារ ការងារ​ត្រូវ​ចំណាយ​លើ​ប្រាក់ខែ​តាម​ទីផ្សារសេរី​»​។

លោក​កត់សម្គាល់​ថា ការកាត់បន្ថយ​ការចំណាយ និង​ការព្យួរ​កាតព្វកិច្ច​បង់បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​រហូត​ដល់​ចុងឆ្នាំ​ ២០២១ និង​ការលើក​ទឹកចិត្ត​ពន្ធ​ជាមួយ​នឹង​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​ ១ ​ភាគរយ ​ដោយ​ស្វ័យប្រវត្ដិ​ដោយ​មិនចាំបាច់​មាន​លក្ខខណ្ឌ​ណាមួយ​សម្រាប់​ឧស្សាហកម្ម​នាំចេញ​នឹង​ជួយ​ឲ្យ​កម្ពុជា​មាន​ឧត្តមភាព​ក្នុង​ការប្រកួតប្រជែង​លើ​ទីផ្សារអន្តរជាតិ​។

GMAC លើកឡើង​ថា រោងចក្រ​ជាង​ ១៨០ ​នៅក្នុង​ប្រទេស​ កម្ពុជា​ បាន​ព្យួរ​ប្រតិបត្តិការ ខណៈ​ដែល​ ៦០ ​រោងចក្រ​ផ្សេងទៀត​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការបិទទ្វារ​។ ស្ថានការណ៍​​នេះ​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​ ២០ ​ម៉ឺន​នាក់ ដោយផ្ទាល់ និង​ ២ ​លាន​នាក់​ផ្សេងទៀត​ដោយ​ប្រយោល​។

ក្តី​ព្រួយបារម្ភ​នេះ​ហាក់​ផ្ទុយ​ពី​ការអះអាង​របស់​លោក ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​ថ្លែង​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ចុងខែ​មេសា​ថា កម្ពុជា​ទទួល​បាន​ចំនួន​រោងចក្រ​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ មាន​ចំនួន ៧៧ ក្នុង​នោះ ៧៥ ជា​រោងចក្រ​ថ្មី និង ២ ​រោងចក្រ​ទៀត​ជា​ការបើក​ដំណើរការ​ឡើងវិញ ដោយ​រោងចក្រ​ទាំងនេះ​អាច​បង្កើត​ការងារ​ថ្មី​បាន ២៧ ៩០៩ នាក់​៕ LA