ភ្នំពេញៈ ក្រុមហ៊ុន​រីចហ្វាមអេស៊ា ​នឹង​ចាប់ផ្តើម​នាំចេញ​ស្វាយ​កែវរមៀត​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ ក្រោយពី​ការនាំចេញ​សាកល្បង​ជាច្រើនលើក បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​នៃ​ការនាំ​ស្វាយ​កែវរមៀត​ស្រស់​ក្នុង​កូតា​ ៥០ ​ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​ កាលពី​ខែ​មិថុនា​កន្លង​មក​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក (Richfarm Asia Co., Ltd) ​ដែល​វិនិយោគ​លើ​ដំណាំ​ស្វាយ​កែវរមៀត​រាប់ម៉ឺន​ដើម​បាន​ឱ្យ​ដឹងថា ការចុះហត្ថលេខា​លើ​ខ្លឹមសារ​ពិធីសារ​ស្តីអំពី​ «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​កែវរមៀត​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​» ​កាលពី​ថ្ងៃទី ៩ ខែ​មិថុនា​ ឆ្នាំនេះ ​គឺជា​ការបើកផ្លូវ​ឱ្យ​វិស័យ​ឯកជន​អាច​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​ដ៏ធំ​នេះ​នៅ​តំបន់​អាស៊ី​។

លោក​អះអាងថា ក្រុមហ៊ុន រីចហ្វាម អេស៊ា គ្រោង​នឹង​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ទៅកាន់​ប្រទេស​ចិន​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ខាងមុខនេះ​។

លោក​បញ្ជាក់​៖ «​ខ្ញុំ​គិតថា នៅ​ដើមឆ្នាំ​ ២០២១ យើង​នឹង​អាច​នាំចេញ​ស្វាយកែវ​រមៀត​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​ហើយ ខណៈ​សព្វថ្ងៃ យើង​កំពុង​ខ្ចប់​ផ្លែស្វាយ​ទើប​នឹង​ចេញ​ក្តឹប​ដែល​យើង​អាច​ប្រមូលផល​ស្វាយ​ក្នុង​រយៈពេល ៥០ ​ថ្ងៃ​ទៀត​។ យើង​បាន​នាំចេញ​រួចហើយ​នូវ​តំណាប់​ស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ ហើយ​យើង​នឹង​ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយនេះ​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​ចំនួន​ ៤ ​ដែល​នឹង​បញ្ចប់​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) និង​ចំហាយ​ទឹកក្តៅ (VHT) ​ឱ្យ​រួចរាល់​ក្នុង​ខែធ្នូ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​ឱ្យដឹងថា ក្រុមហ៊ុន​នីមួយៗ​បាន​សន្យាថា នឹង​ចាប់ផ្តើម​នាំចេញ​ស្វាយ​ស្រស់​ក្នុង​បរិមាណ​ចន្លោះ​ពី ៥០០ ទៅ​ ១ ០០០ ​តោន​ បន្ទាប់ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​របស់​ពួកគេ​ធ្វើ​រួចរាល់​នៅ​ចុងខែ​ធ្នូ​នេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា បើទោះ​ជា​យើង​ដំឡើង​ឧបករណ៍​សម្លាប់​សមាស​ភាពចង្រៃ​មិន​ទាន់ពេល​ដោយសារ​ជំងឺ​កូវីដ​ ១៩ យើង​ក៏​អាច​នាំចេញ​ស្វាយ​ស្រស់​ទៅ​ចិន​បានដែរ គឺ​តាមរយៈ​ប្រទេស​វៀតណាម តែ​យើង​ចង់​នាំទៅ​ដោយផ្ទាល់​ជាង​»​។

លោក អ៊ុំ សាវឿន ប្រធាន​សមាគម​កសិកម្ម​ស្វាយ​កែវរមៀត​គិរីរម្យ​ដែលមាន​សមាជិក​ដាំ​ស្វាយ​ជាង ២ ០០០ ​ហិកតា នៅ​ខេត្តកំពង់ស្ពឺ បាន​ឱ្យ​ដឹងថា ស្វាយ​កែវរមៀត​ទើបនឹង​ចេញ​ផ្កា​ជាថ្មី បន្ទាប់ពី​បញ្ចប់​រដូវ​ប្រមូល​ចុងរដូវ​ចប់​កាលពី​ខែ​មុន ដោយ​លោក​រំពឹងថា​ទិន្នផល​ស្វាយ​នៅ​រដូវ​ក្រោយនេះ​មាន​ផល​ខ្ពស់​ដោយ​សមាគម​នេះ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ស្វាយ​ស្រស់​ចន្លោះ​ពី ៧០ ​ទៅ​ ៨០ ​ម៉ឺន​តោន​ក្នុង​ ១ ​រដូវ​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ស្វាយកែវ​រមៀត​នឹងមាន​តម្លៃ​ល្អ​សមរម្យ បន្ទាប់ពី​ប្រទេស​ចិន ​បើក​ទីផ្សារ​ឱ្យ​កម្ពុជា​»​។

ទោះយ៉ាងណា​លោក វេង សាខុន ព្រួយបារម្ភ​ថា តម្លៃ​ដើម​ផលិត​ខ្ពស់​របស់​កម្ពុជា​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​នាំចេញ​ពិបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ប្រទេស​ចិន​។ ជា​មធ្យម តម្លៃ​ជួល​លាង​សម្អាត​ផ្លែស្វាយ​នៅ​កម្ពុជា​សម្រាប់​នាំចេញ​ចន្លោះ​ពី ០,៨០ ដុល្លារ ទៅ​ ១ ​ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម ខណៈ​តម្លៃ​ស្វាយ​ស្រស់​នៅ​ប្រទេស​ចិន​ជាង ២ ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម និង​ពី​ ៣ ​ទៅ​ ៤ ​ដុល្លារ​ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។

រហូត​មក​ដល់​ពេលនេះ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ប្រមាណ ១២៤ ៣១៩ ហិកតា ដោយ​ផ្តល់​ផល​ជា​មធ្យម ​១៥,៥ ​តោន​ ក្នុង​ ១ ហិកតា សម្រាប់​ ១ ​រដូវកាល ខណៈ​ ១ ​ឆ្នាំ​អាច​ប្រមូលផល​បាន​ ២ ​ដង​៕ LA