ភ្នំពេញ៖ ការ​នាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា​នេះ បន្ទាប់​ពី​ការ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សាកល្បង និង​ឆ្លង​កិច្ច​ព្រមព្រៀង​យ៉ាង​ល្អិតល្អន់។ នេះ​បើ​យោង​តាម​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​នាំចេញ​កសិកម្ម។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​នឹង​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​បាន​អះអាង​ថា ក្រុមហ៊ុន​លោក​នឹង​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​នៅ​ចុង​ខែ​មេសា​នេះ តាម​កប៉ាល់​ផ្លូវ​សមុទ្រ។ ទោះ​បី​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​បរិមាណ​នាំចេញ​ក្នុង​គ្រា​ដំបូង​នេះ​ទេ។

លោក​បាន​បន្ត​ទៀត​ថា ការ​នាំចេញ​លើក​នេះ ភាគី​ចិន​មិន​កំណត់​ចំនួន​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​មាន​គុណភាព​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​លោក​ព្រួយ​បារម្ភ​នោះ​គឺ ស្វាយ​ដែល​ដាំដុះ និង​ថែទាំ​ដោយ​ប្រជាកសិករ​ខ្មែរ​កន្លង​មក​មិន​ត្រូវ​តាម​ស្តង់ដា​ដែល​កំណត់​ដោយ​ភាគី​ប្រទេស​នាំចូល​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ “ខ្ញុំ​ជឿ​ថា ផលិតផល​ស្វាយ​ស្រស់​ដែល​ថែទាំ​កន្លង​មក ភាគ​ច្រើន​មិន​ត្រូវ​តាម​ស្តង់ដា​ដែល​គេ​តម្រូវ​នោះ​ទេ”។

ក្នុង​ខែ​មិថុនា ឆ្នាំ ២០២០ កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន ដោយ​អាច​នាំចេញ​ស្វាយ​ស្រស់ ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។

បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ស្វាយ​ចុះបញ្ជី ដើម្បី​ត្រួត​ពិនិត្យ​គុណភាព​សម្រាប់​នាំចេញ ហើយ​ក្រោយ​មក​ភាគី​ចិន ​បាន​ទទួល​ស្គាល់​ក្រុមហ៊ុន​នឹង​កសិដ្ឋាន​ខ្លះ​ដែល​អាច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន។

បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់​ផល​ជា​មធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំ​គេ​អាច​ប្រមូល​ផលបាន ២ ដង៕