ភ្នំពេញៈ ការនាំចេញ​ពោតក្រហម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា បណ្តាលមកពី​ភាពរាំងស្ងួត និង​ការបំផ្លាញ​ពី​សត្វល្អិត​។

ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ពោត​សរុប​ជាង​ ១១៩ ៩៩៣ តោន​ធ្លាក់ចុះ ៤១,២៣ ​ភាគរយ​ពី​ចំនួន​ជាង ២០៤ ១៨៤ តោន​កាលពី​ឆ្នាំ​ ២០១៨​។ ពោតក្រហម​ត្រូវបាន​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ វៀតណាម និង​កោះ​តៃវ៉ាន់​។

អ្នកស្រី សុខ ឡេង កសិករ​ដាំពោត​ក្រហម​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បាន​និយាយ​ថា អាកាសធាតុ​រាំងស្ងួត​បាន​ធ្វើឲ្យ​ទិន្នផល​ពោត​កាលពី​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ​យ៉ាងច្រើន ហើយ​តម្លៃ​ក៏​មិន​កើនឡើង​នោះទេ​។ អ្នកស្រី​បនុ្ត​ថា លើ​ផ្ទៃដី​ទំហំ ៧ ហិកតា​ការប្រមូលផល​ឆ្នាំ​ ២០១៩ សម្រេច​បាន​ទាំង ២ ​លើក​សរុប​ប្រហែល​ជាង​ ១០ ​តោន​ប៉ុណ្ណោះ ខណៈ​រយៈ​ពេលមុនៗ​មាន​ជាង​ ២០ ​តោន​។ អ្នកស្រី​ថ្លែងថា​៖ «​អ្នក​ដាំពោត​មួយចំនួន​កាលពី​ឆ្នាំមុន​បាន​ខាតបង់ ដោយសារ​តែ​ទិន្នផល​ធ្លាក់ចុះ​ច្រើន ហើយ​តម្លៃ​ក៏​មិន​កើនឡើង​ដែរ​»​។

អ្នកស្រី​បាន​បន្តថា បើទោះបី​ទិន្នផល​ប្រមូល​បាន​កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ​ក៏ដោយ ក៏​អ្នកស្រី​នៅតែ​បន្ត​ដាំពោត​ជា​បន្តទៀត ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន​ផល​ល្អ​ឡើងវិញ និង​ទទួល​បាន​តម្លៃ​ខ្ពស់ជាង​មុន​នៅ​ឆ្នាំនេះ​។

ពោតក្រហម​ភាគច្រើន​ត្រូវបាន​ដាំដុះ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា បាត់ដំបង ប៉ៃលិន កំពង់ចាម និង​ត្បូងឃ្មុំ​​ជាដើម​។ ពោតក្រហម​ភាគច្រើន​ត្រូវបាន​គេ​យកទៅ​កិន​ធ្វើជា​ចំណី​សត្វ​។

ម្ចាស់​ឡសម្ងួត​គ្រាប់ពោត​នៅ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បាន​ឲ្យ​ដឹងថា ទិន្នផល​ពោត​ក្នុង​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​ ២០១៩ បាន​ធ្លាក់​ប្រមាណ ៣០ ​ភាគរយ ដោយសារ​មិនមាន​ភ្លៀង​គ្រប់គ្រាន់ និង​មាន​ដង្កូវ​បំផ្លាញ​។ អ្នកស្រី​ថ្លែងថា​៖ «​កាលពី​ឆ្នាំមុន​ការប្រមូលទិញ​របស់​ខ្ញុំ​បាន​ធ្លាក់ចុះ​ប្រហែល​ ៣០ ​ភាគរយ​ដោយ​មិនសូវ​មាន​អ្នក​យក​មក​លក់ ហើយ​គុណភាព​ក៏​ធ្លាក់ចុះ​ផងដែរ​»​។

បើតាម​អ្នកស្រី ចាន់ មួយ កាលពី​ឆ្នាំ​ ២០១៩ តម្លៃ​ពោតក្រហម​មាន​ការប្រែប្រួល​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដោយ​ពោត​ជាប់​ស្នូល​មាន​តម្លៃ​ចន្លោះ​ពី​ ៥៤០ ​ទៅ​ ៦៦០​​ រៀល​ក្នុង​ ១ គីឡូក្រាម ខណៈ​ពោត​គ្រាប់​មាន​តម្លៃ​ចន្លោះ​ពី​ ៩៤០ ​រៀល​ទៅ​ ១ ០៨០ ​រៀល​។

ទោះបី​ថៃ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​តែ​ពោត​គ្រាប់​ (​ពន្លះ​រួច​)​ ក៏ដោយ ប៉ុន្តែ​ជាក់ស្តែង​ការនាំចេញ​ពោតក្រហម​ពី​កម្ពុជា​ទៅ​ថៃ​ភាគច្រើន​ជា​ពោត​ជាប់​ស្នូល ដែល​ធ្វើ​ឡើង​តាម​ច្រករបៀង​។ នេះ​បើតាម​អ្នកស្រី ចាន់ មួយ​។

តាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម ការនាំចេញ​ពោតក្រហម​ចាប់ពី​ឆ្នាំ​ ២០១៤ សម្រេច​បាន ១០៦ ៦៨២ ​តោន ឆ្នាំ​ ២០១៥ បាន ៥៦ ៤២២ ​តោន ឆ្នាំ​ ២០១៦ បាន ៧០ ៤៨៧ ​តោន និង​ឆ្នាំ​ ២០១៧ បាន​ ១៦៨ ៦៨៥ ​តោន​៕LA