ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​អាច​ធ្វើការ​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ទៅ​ទីផ្សារ​ប្រទេស​ចិន​ នៅ​ចុងឆ្នាំ​ ២០២១ ឬ​ដើមឆ្នាំ​ ២០២២ ខាងមុខ​ពោល​គឺ​បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​ផ្លូវការ​ទៅ​ប្រទេស​ចិន​លេចចេញ​ជា​រូបរាង​ពិត​។ នេះ​បើតាម​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

កាលពី​ដើម​ខែមិថុនា កម្ពុជា និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការនាំចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង ១ ​ឆ្នាំ ប៉ុន្តែ​មកដល់​ពេល​នេះ​ការនាំចេញ​នោះ​មិនទាន់​កើតឡើង​ទេ ព្រោះ​សមត្ថភាព​ (​បរិមាណ​ផលិត​ក្នុង​ ១ ​ថ្ងៃ​) របស់​រោងចក្រ​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ​នៅ​ប្រទេស​កម្ពុជា​ នៅ​មាន​កម្រិត​នៅឡើយ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក ងិន ឆាយ បាន​និយាយថា ជាមួយ​នឹង​ការខិតខំ និង​កិច្ចសហការ​ល្អ​រវាង​កម្ពុជា និង​ប្រទេស​ចិន លោក​សង្ឃឹម​ថា ការនាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០២១ ឬ​ដើម​ឆ្នាំ​ ២០២២​។

លោក​បន្តថា ការអូសបន្លាយ​ពេលនេះ​គឺ​ដោយសារ​តែ​អាជ្ញាធរ​គយ​ប្រទេស​ចិន តែង​ធ្វើការ​ពិនិត្យ​លើ​ការស្នើសុំ​នាំចូល​ផលិតផល​កសិកម្ម​ម្តង​ ១ ​មុខៗ​គឺ​ទាល់តែ​ចប់​ ១ ​ទើប​គេ​ចាប់ផ្តើម​ ១ ​ទៀត ខណៈ​បច្ចុប្បន្ន​ការនាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​ចិន​មិន​ទាន់​កើតឡើង​នៅឡើយ​ទេ ទោះបី​ជា​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ហើយ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ក្រោយ​នាំចេញ​ផ្លែ​ស្វាយ​បាន​ភ្លាម ភាគី​ចិន​នឹង​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ផ្លែមៀន​ប៉ៃលិន​។ អ៊ីចឹង​នេះ​ជា​ការប៉ាន់ស្មាន និង​ព្យាករ​របស់​យើង​ក្នុង​ដើមឆ្នាំ​ ២០២១ ខាងមុខ​ដោយ​យើង​អាច​នាំចេញ​ស្វាយ ហើយ​ប្រហែល​ចុងឆ្នាំ​ ២០២១ ​ឬ​ដើម​ឆ្នាំ​ ២០២២ យើង​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​បាន​»​។

លោក​បាន​បន្ថែមថា កម្ពុជា​បាន​ផ្ញើ​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ និង​សមាសភាព​ចង្រៃ​នៅលើ​ផ្លែ​មៀន​ប៉ៃលិន ទៅ​ប្រទេស​ចិន​ រួចរាល់​អស់ហើយ ខណៈ​បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​កំពុង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​សម្លាប់​មេរោគ និង​វេចខ្ចប់​ក្នុង​ខេត្ត​ប៉ៃលិន​ផងដែរ​។

លោក ងិន ឆាយ ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ហ៊ាន រង្សី

ខណៈ​បច្ចុប្បន្ន​គ្រប់ការ​ចុះមក​ពិនិត្យមើល​ភូតគាម​អនាម័យ​របស់​អាជ្ញាធរ​ចិន តែ​ធ្វើឡើង​ម្តង​ ១ ​ៗ​នោះ​លោក ងិន ឆាយ និយាយ​ថា​៖ «​ខ្ញុំ​នៅ​មិនទាន់​ហ៊ាន​ធ្វើការ​វាយតម្លៃ​ថា នៅក្រោយ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន​ចូល​ជាធរមាន តើ​យើង​អាច​ស្នើសុំ​ឲ្យ​គេ​មក​ពិនិត្យ​ជា​កញ្ចប់​បានដែរ ឬ​យ៉ាងណា​នោះទេ​»​។

ក្រៅពី​ផ្លែមៀន​ប៉ៃលិន ដំណាំ​ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​មួយចំនួន​ទៀត​ក៏​ត្រូវបាន​ក្រសួង​កសិកម្ម​ត្រៀម​បញ្ជូន​ទៅ​ឲ្យ​ភាគី​ចិន​មក​ពិនិត្យ​ដែរ ដែល​មាន​ដូចជា ម្រេច ទឹកមាត់​ត្រចៀកកាំ ទុរេន ដូងក្រអូប ស្រកានាគ ខ្នុរ និង​ពោតក្រហម ជាដើម​។

លោក ងិន ឆាយ បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​មៀន​ប៉ៃលិន យើង​អាចដាក់​ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​»​។

របាយការណ៍​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិកម្ម​ជា​ផ្លូវការ​ទៅ​ក្រៅប្រទេស​បាន​ចំនួន ២,៦៨ ​លាន​តោន​កើនឡើង ៩,០៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ដោយឡែក​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន មាន​ចំនួន ២៨៦ ៧៩០ ​តោន​។

កម្ពុជា​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ក្នុង​ខែសីហា​នេះ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ធ្វើជា​សាក្សី​ក្នុង​ការចុះហត្ថលេខា​នេះ​៕ LA