ភ្នំពេញៈ កម្ពុជា​រំពឹង​ថា​នឹង​ធ្វើការ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន (​តាង៉ែន) ទៅកាន់​ទីផ្សារ​បរទេស ពិសេស​ការនាំចេញ​ផ្ទាល់​ទៅ​ប្រទេស​ចិន បន្ទាប់ពី​ការសាប​រលត់​នៃ​ជំងឺ​កូវីដ​ ១៩ ដោយសារ​រោងចក្រ​សម្ងួត​មួយកន្លែង​ដោយ​វិនិយោគិន​ចិន​ក្នុង​ខេត្ត​ប៉ៃលិន​បើក​ដំណើរការ​ជា​ផ្លូវការ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​។

លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ប្រទេស​ចិន​ នឹង​កើនឡើង​នៅពេល​ជំងឺ​កូវីដ ១៩ ត្រូវ​បញ្ចប់ ព្រោះ​បច្ចុប្បន្ន​ទោះបី​ក្នុង​ខេត្ត​ប៉ៃលិន ទើប​មាន​រោងចក្រ​សម្ងួត​មួយ​សាងសង់​រួចរាល់ ប៉ុន្តែ​វា​មិនទាន់​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ទេ​។ លោក​បន្តថា ភាពយឺតយ៉ាវ​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​រង់ចាំ​ឲ្យ​ជំងឺ​កូវីដ​មាន​ភាពធូរស្រាល​សិន​។

លោក​បន្ថែមថា នៅពេល​រោងចក្រ​ដែល​មាន​សមត្ថភាព​សម្ងួត​ផ្លែមៀន បាន ២,៤ ​តោន​ក្នុង ១ ​ម៉ោង​ដំណើរការ វា​នឹង​ជួយ​ធ្វើឲ្យ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន កាន់​តែមាន​សក្តានុពល ខណៈ​បច្ចុប្បន្ន​ដោយសារ​ការនាំចេញ​ប្រហែល ៧០ ​ភាគរយ ​ត្រូវ​ពឹង​ទៅលើ​ប្រទេស​ថៃ​ហេតុនេះ​តម្លៃ​ដែល​កសិករ​ទទួលបាន​ គឺ​មិនសូវ​ខ្ពស់​ទេ​។

លោក​ថ្លែងថា​៖ «​ដោយសារ​មិនមាន​រោងចក្រ​សម្ងួត មៀន​ប៉ៃលិន​ប្រហែល ៥ ៥០០-៦ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំៗ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ថៃ​។ នៅពេល​រោងចក្រ​បើក​ដំណើរការ យើង​សង្ឃឹម​ថា វា​នឹង​ធ្វើឲ្យ​ការនាំចេញ​របស់​យើង​ដោយ​ផ្ទាល់​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​នឹង​មាន​កំណើន​កាន់តែ​ច្រើន ហើយ​តម្លៃ​ក៏​ខ្ពស់​ជាង​ពេលបច្ចុប្បន្ន​ដែរ​»​។

លោក​បន្ថែម​ថា នៅពេល​រោងចក្រ​ចាប់ផ្តើម​ដំណើរការ ការដាំដុះ និង​គុណភាព​ក៏​នឹង​មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​ដែរ​។ លោក​បញ្ជាក់​ថា​៖ «​ជាមួយ​នឹង​កំណើន​ការដាំដុះ​របស់​ប្រជាកសិករ ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​មាន​វិនិយោគិន​ថ្មីៗ​ទៀត​ចូលមក​បណ្តាក់ទុន​សាងសង់​រោងចក្រ​សម្ងួត​បន្ថែម​សម្រាប់​លើកកម្ពស់​គុណភាព និង​ការនាំចេញ​របស់​កម្ពុជា​»​។

បើតាម​លោក ធូ ភា បច្ចុប្បន្ន​មៀន​ប៉ៃលិន​មាន​តម្លៃ​ក្នុង​រង្វង់ ៥ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ តម្លៃ​នេះ​បើ​ធៀប​នឹង​ឆ្នាំមុន គឺ​ធ្លាក់ចុះ​បន្តិច​។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ប្រាប់ថា បើទោះបី​អាកាសធាតុ​មិនសូវ​អំណោយផល​ល្អ ប៉ុន្តែ​ការកើនឡើង​នៃ​ផ្ទៃដី​ដាំដុះ​បាន​ធ្វើ​ឲ្យ​ទិន្នផល​ផ្លៃ​មៀន​ឆ្នាំនេះ​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក​បន្តថា នៅពេល​ដែល​រោងចក្រ​សម្ងួត​ដំណើរការ ការដាំដុះ​ប្រាកដ​ជា​នឹង​កើនឡើង​ខ្ពស់ ហើយ​ការសម្រិត​សម្រាំង​ពូជ និង​គុណភាព​ក៏កើនឡើង​ទៅ​តាម​នោះដែរ​។

លោក​និយាយថា​៖«​ទីផ្សារ​មៀន​ប៉ៃលិន​នឹង​ល្អ​ខ្លាំង​ពេល​មាន​កន្លែង​សម្ងួត​ក្នុងស្រុក​ដោយ​មិនចាំបាច់​ពឹង​ការ​នាំទៅ​សម្ងួត​នៅ​ប្រទេស​ថៃ​»​។

បើតាម​លោក សុផាត ផ្លែមៀន ផ្តល់​ផល​ក្នុង​ចន្លោះ​ពី​ ១០ ​ទៅ​ ១៥ ​តោន​ក្នុង​ ១ ​ហិកតា​ដោយ​អាស្រ័យ​លើ​អាកាសធាតុ និង​អាយុកាល​។

របាយការណ៍​ពី​រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​ដំណាំ ០៤ ​ប្រភេទ​ដែល​កំពុងមាន​សក្តានុពល​ខ្ពស់​ក្នុង​ការដាំដុះ និង​នាំចេញ រួមមាន មៀន​ប៉ៃលិន (​តាង៉ែន​) ស្វាយកែវ​ល្មៀត ដំណាំដំឡូងមី និង​ពោតក្រហម​។ បច្ចុប្បន្ន​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន (​តាង៉ែន​) មាន​ទំហំ ៤ ៣៨៣ ហិកតា​។

មកដល់​ពេល​នេះ​មាន​ផលិតផល​កសិកម្ម​កម្ពុជា​តែ ៤ ​មុខ​គត់​ដែល​ត្រូវ​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​នាំ​ទៅ​ប្រទេស​ចិន រួមមាន ពោត ដំឡូងមី អង្ករ និង​ចេក ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ចរចា​នាំចេញ​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា ទឹកមាត់​ត្រចៀកកាំ ស្វាយ ម្រេច ស្រកានាគ តាង៉ែន និង​ដូងក្រអូប​។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ដើម​ខែ​ឧសភា​នេះ​ថា ផែនការ​នាំចេញ​ផលិតផល ទឹកមាត់​ត្រចៀក កាំ ស្វាយ ម្រេច ស្រកានាគ តាង៉ែន និង​ដូងក្រអូប​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់​ប្រហែល​ជា​មិនអាច​លេចចេញ​ជា​រូបរាង​ទេ​នៅ​ក្នុង​ឆ្នាំនេះ​៕ LA