ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ផលិតផល​ម្រេច​ចំនួន​ជាង ៤ ១២១ តោន ​ក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ ដោយ​មាន​កំណើន​ជាង ២១ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន​ជាង ៣ ៤០៤ តោន​។ នេះ​យោង​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក សាខុន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​ម្រេច​សម្គាល់​ភូមិសាស្ត្រ GI និង​នៅក្រៅ​តំបន់​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជាច្រើន​រួមមាន ជប៉ុន បែលហ្ស៊ិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​ឆែក នូវែលសេឡង់ អូស្ត្រាលី ថៃ តៃវ៉ាន់ ស៊ុយអែត សិង្ហបុរី និង​អូស្ត្រាលី​។

លោក​ថ្លែងថា​៖ «​ម្រេច​របស់​យើង​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​អន្តរជាតិ​ក្នុង​រយៈប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​»​។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៨ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បើទោះបី​ជា​បរិមាណ​នៃ​ការនាំចេញ​ម្រេច​បន្ត​កើនឡើង​ក្នុង​អំឡុង​ពេល​នេះ ប៉ុន្តែ​តម្លៃ​ម្រេច​មិនទាន់​ងើប​ឡើងវិញ​នោះទេ បន្ទាប់ពី​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោក​បានឱ្យ​ដឹងថា សមាជិក​របស់​សហព័ន្ធ​ទាំងអស់​បាន​នាំចេញ​ម្រេច​ក្នុង​បរិមាណ​សរុប​ប្រមាណ ៣ ០០០ តោន ​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំនេះ ចំណែក​តម្លៃ​ម្រេច​ស្ថិត​នៅ​ចន្លោះ​ពី​ ៩ ០០០ រៀល​ទៅ ១០ ០០០ រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​តម្លៃ​ម្រេច​នេះ​មិន​អាច​ឱ្យ​កសិករ​ដាំ​ម្រេច​ចំណេញ​បាន​នោះទេ ព្រោះ​ថ្លៃដើម​ផលិត​របស់​យើង​នៅ​ខ្ពស់​ជាងគេ ហើយ​ខ្ញុំ​ជឿថា តម្លៃ​ដែល​កសិករ​អាច​ទទួល​ប្រាក់ចំណេញ​គឺ​ចាប់ពី​ ១២ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ឡើងទៅ​»​។

តម្លៃ​ម្រេច​ក្រៅ​តំបន់​សម្គាល់​ភូមិសាស្ត្រ «​កំពត-កែប​» បាន​ហក់​ឡើង​បន្តិច​វិញ​កាលពី​អំឡុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ បន្ទាប់ពី​ម្រេច​នៅ​ប្រទេស​វៀតណាម​ឡើងថ្លៃ ប៉ុន្តែ​ក្រោយមក​ក៏​ធ្លាក់ចុះ​វិញ ប៉ុន្តែ​តម្លៃ​ម្រេច​នៅក្នុង​តំបន់​សម្គាល់​ភូមិសាស្ត្រ GI គ្មាន​ការប្រែប្រួល​ឡើយ​អស់​រយៈពេល​ ៥ ​ឆ្នាំ​ជាប់​គ្នា​។

សព្វថ្ងៃ​ម្រេច​របស់​កម្ពុជា​ស្ទើរ​ទាំងស្រុង​ពឹងផ្អែក​លើ​ទីផ្សារ​របស់​វៀតណាម និង​ថៃ ហើយ​ផលិតផល​ម្រេច​ ១ ​ផ្នែក​ទៀត​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាល្លឺម៉ង់​តាមរយៈ​ក្រុមហ៊ុន​ឯកជន​ដែល​ជា​សមាជិក​សហព័ន្ធ​។

លោក​ប៉ាន់​ប្រមាណ​ថា ទិន្នផល​ម្រេច​ឆ្នាំ​ ២០២០ ​នេះ​នឹង​បន្ត​ធ្លាក់ចុះ​ដោយ​ប្រមូលផល​បាន​ចន្លោះ​ពី ១៥ ០០០ តោន ទៅ ១៧ ០០០ តោន​នៃ​ផ្ទៃ​ដាំដុះ​ម្រេច​សរុប​ប្រមាណ ៧ ០០០ ហិកតា ខណៈ​ឆ្នាំមុន​ទិន្នផល​ទទួលបាន​ចំនួន ២១ ០០០ តោន​។

លោក​បញ្ជាក់ថា​៖ «​ទិន្នផល​ម្រេច​ធ្លាក់ចុះ​ច្រើន​ឆ្នាំនេះ ដោយសារ​ដំណាំ​ម្រេច​រង​ការខូចខាត​ជាច្រើន​ហិកតា​ដោយសារ​បញ្ហា​អាកាសធាតុ និង​ការបោះបង់​ការថែទាំ​របស់​កសិករ​បណ្តាលមកពី​តម្លៃ​ម្រេច​ចុះថោក​ពេក​នា​ឆ្នាំកន្លងមក​»​។

ទោះ​ជា​បែបនេះ​ក្តី លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-ចិន​ដែល​នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំក្រោយ នឹង​ជួយ​បើក​ទីផ្សារ​ឱ្យ​ម្រេច​ក្រៅ​តំបន់ GI បន្ថែមទៀត​។

លោក​ថា​៖ «​យើង​ពិតជា​ចង់​បាន​ទីផ្សារ​នៅ​ប្រទេស​ចិន អាមេរិក កូរ៉េ និង​ទិស​ផ្សេងទៀត ព្រោះ​ម្រេច​យើង​មាន​គុណភាព​ល្អ និង​ឈ្ងុយឆ្ងាញ់ បើ​ធៀប​ជាមួយ​ម្រេច​របស់​វៀតណាម​»​។

លោក​បន្តថា​៖ «​យើង​សប្បាយចិត្ត​ដែល​រដ្ឋាភិបាល​បង្កើត​ឱ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ព្រមទាំង​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​នឹង​ផ្តល់​ឱកាស​សមាជិក​របស់​យើង​អាច​នាំចេញ​ម្រេច​ទៅ​ផ្សារ​ពិភពលោក​»​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​អះអាងថា តម្លៃ​ម្រេច​កំពត​មាន​ស្ថិរភាព​រយៈពេល​ ៥ ​ឆ្នាំ​រួមទាំង​ឆ្នាំនេះ​ផង ដោយ​ម្រេចខ្មៅ​មាន​តម្លៃ​ ១៥ ​ដុល្លារ ម្រេច​ក្រហម​មាន​តម្លៃ​ ២៥ ​ដុល្លារ និង ម្រេចស​មាន​តម្លៃ​ ២៨ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​ដូចគ្នា​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ការនាំចេញ​ម្រេច​សរុប​ទាំង​ម្រេច​សម្គាល់​ភូមិសាស្ត្រ និង​នៅក្រៅ​តំបន់​សម្គាល់​ភូមិសាស្ត្រ​ចំនួន​ជាង ៣ ៦៩៣ តោន​ កាលពី​ឆ្នាំ​ ២០១៩ ដោយមាន​កំណើន ៥៣,១៧ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែល​មាន ២ ៤១១ តោន​៕ LA