ភ្នំពេញៈ បើទោះបី​វិបត្តិ​ជំងឺ​ផ្តាសាយ​សកល​កូវីដ ​១៩ បាន​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ប្រទេស​ជាច្រើន​ធ្លាក់ចុះ ក៏​ការនាំចេញ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​ទេ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​សម្រេចបាន​ជាង​ ១៧ ​ពាន់​លាន​ដុល្លារ កើន​ជិត ១៧ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​។

កំណើន​នាំចេញ​នេះ​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៣៥ ៨០៥,៨៥ ​លាន​ដុល្លារ កើនឡើង ២,៥៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ទោះយ៉ាងណា​ការនាំ​ចូល​របស់​កម្ពុជា​មិនបាន​កើនឡើង​នោះទេ ដោយ​មាន​តម្លៃ ១៨ ៥៩០,៤៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ​ភាគរយ​ពី ២០ ១៧១,៨១ ​លាន​ដុល្លារ​។

របាយការណ៍​ឱ្យដឹង​ទៀត​ថា អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ឈានមុខ​គេ​ពី​កម្ពុជា​ដោយ​មាន​តម្លៃ ៥ ២៥៨,៨៨ ​លាន​ដុល្លារ​កើន ១៩,៤៦ ​ភាគរយ​តាម​ពីក្រោយ​ដោយ​សហភាព​អឺរ៉ុប​មាន​តម្លៃ ៣ ២០៣,៨៧ ​លាន​ដុល្លារ​ធ្លាក់​ចុះ ១៧,៧៣ ​ភាគរយ​, ចិន មាន ១ ០៨៦,២៦ ​លាន​ដុល្លារ កើនឡើង ៨,១១ ​ភាគរយ​, ជប៉ុន មាន ១ ០៥៥,៥៥ ​លាន​ដុល្លារ​ធ្លាក់ចុះ ៧,១៣ ​ភាគរយ​, ចក្រភព​អង់គ្លេស​មាន ៨២៦,១៦ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,៤៨ ​ភាគរយ​, កាណាដា មាន ៧៤៥,០៤ ​លាន​ដុល្លារ ធ្លាក់ ១០,៩៤ ​ភាគរយ​, ថៃ​មាន ៦៥០,៦៧ ​លាន​ដុល្លារ កើនឡើង ២៩,៥៩ ​ភាគរយ និង​វៀតណាម​មាន ៣៨៥,៧៩ ​លាន​ដុល្លារ​កើន ១៤,៨៨ ​ភាគរយ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ១ ខែ​មេសា បានឱ្យ​ដឹងថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​នេះដែរ ព្រោះ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​នូវ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​តំបន់ និង​ពិភពលោក​។

លោក​បន្តថា ទោះយ៉ាងណា​ក្នុង​ពេល​ដ៏លំបាក​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រែក្លាយ​ពី​ការគំរាមកំហែង​នេះ​ឱ្យ​ទៅ​ជា​ឱកាស​មួយ​នៃ​ការធ្វើកំណែទម្រង់​ដើម្បី​ភាពរីកចម្រើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​ដំណើរការ​ផលិតកម្ម ការជំរុញ​ផលិតកម្ម​ក្នុងស្រុក ការនាំ​-​ចេញ ក៏ដូចជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​សំដៅ​ជំរុញ​កំណើន និង​បង្កើនល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ពាណិជ្ជកម្ម​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​ទំនិញ​កម្ពុជា​នៅ​រក្សាបាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៩ គឺ ១៦,៧ ​ភាគរយ​ដោយសារ​កម្ពុជា​ពុំបាន​ដាក់​ការរឹតត្បឹត ឬ​ហាមឃាត់​ការនាំចេញ​ទេ​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៤ ខែ​មេសា​ថា ទោះបី​ចំនួន​ប្រាក់នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ទាប​ជា​ការចំណាយ​លើ​ការនាំចូល ប៉ុន្តែ​កំណើន​ការនាំចេញ​នេះ វា​បង្ហាញ​ថា ការផលិត និង​ដាំដុះ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​ភាពល្អប្រសើរ​ជា​បណ្តើរៗ​ហើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា កំណើន​នាំចេញ​របស់​កម្ពុជា​នឹងមាន​សញ្ញា​វិជ្ជមាន​ថែមទៀត​នៅពេល​ខាងមុខ ខណៈ​ការអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មីៗ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​មាន​ជា​បន្តបន្ទាប់​ផងដែរ​ពេលនេះ​»​។

ទោះយ៉ាងណា លោក​លើកឡើង​ថា បើ​ពិនិត្យ​ជារួម​ទៅលើ​ជញ្ជីង​ពាណិជ្ជកម្ម គឺ​មិនទាន់​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ទេ ព្រោះ​ពាណិជ្ជកម្ម​អន្តរជាតិ គេ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​ការនាំចេញ​បាន​ច្រើនជាង​ការនាំ​ចូល​។

យោងតាម​លោក ប៉ាន សូរស័ក្តិ ក្នុង​ឆ្នាំ​ ២០២០ ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ ការកាត់បន្ថយ​ចំណាយ និង​ការពង្រឹង​ភាពប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​លើកឡើង​ថា​៖ «​យើង​អាច​រក្សាបាន​កំណើន​នៃ​ការនាំចេញ​តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​អនុគ្រោះ​ដែល​មាន​ស្រាប់ និង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​បន្ថែម​ដូចជា ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដើម្បីឱ្យ​ទីផ្សារ​ទំនិញ សេវាកម្ម និង​វិនិយោគ​កម្ពុជា​កាន់តែ​ទូលំទូលាយ​»៕ LA