ភ្នំពេញ: ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ​នេះ​បាន​កើនឡើង​ជាង​ ៨ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (Jetro)​។

យោងតាម​ទិន្នន័យ Jetro កម្ពុជា​បាន​នាំចេញ​ផលិតផល​គិត​ជា​ទឹកប្រាក់​ជាង ១,២ ​ពាន់​លាន​ដុល្លារ ​គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ​កើនឡើង ៨,៤ ភាគរយ ខណៈ​ការនាំ​ចូល​របស់​កម្ពុជា​មក​វិញ​មាន​តម្លៃ​ជាង ៣៩៨ ​លាន​ដុល្លារ កើនឡើង​ ៣៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា កំណើន​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ជប៉ុន​គឺជា​ការរួម​ចំណែក​របស់​រដ្ឋាភិបាល​ក្នុង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​នាំ​ចេញ​ក្នុងការ​កាត់បន្ថយ​ភាពស្មុគស្មាញ​លើ​ឯកសារ​នាំចេញ ពិសេស​ការប្រតិបត្តិការ​ឯកសារ​នាំចេញ​តាម​ប្រព័ន្ធ​អនឡាញ​។

លោក​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ចំពោះ​តួលេខ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មាន​ការកើនឡើង និង​ជា​ការខិតខំ​របស់​ប្រទេស​ទាំង​ ២ ក្នុង​ការកៀរគរ វិនិយោគិន​ធុរកិច្ច និង​ការសម្រួល​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាក់ព័ន្ធ​ដែល​ធ្វើឲ្យ​តួលេខ​ពាណិជ្ជកម្ម​កើនឡើង​»​។

បើ​តាម​លោក ស៊ាង ថៃ កម្ពុជា​បាន​នាំចេញ​ផលិតផល​ទៅ​ប្រទេស​ជប៉ុន​ភាគច្រើន សម្លៀកបំពាក់ និង​ស្បែកជើង គ្រឿងបន្លាស់​រថយន្ត គ្រឿង​ផ្គុំ​អេឡិចត្រូនិក ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា កំណើន​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​នៅពេល​នេះ​គឺ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ពី​កំណើន​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​ថ្លែងថា​៖ «​រោងចក្រ​ជប៉ុន​គាត់​មក​កម្ពុជា​ច្រើន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ភាគច្រើន​ផលិត​ដើម្បី​នាំ​ចេញ​ទៅ​ជប៉ុន​វិញ វា​ជា​សញ្ញា​ល្អ​ដែល​បង្ហាញថា ក្រុមហ៊ុន​មាន​ការកើនឡើង​»​។

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា ជប៉ុន លើក​ទី​ ១៨ កាលពី​ថ្ងៃទី​ ៧ វិច្ឆិកា លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​ឲ្យ​ដឹងថា វិនិយោគ​របស់​ជប៉ុន​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​នភណ្ឌ រួមមាន​ការផលិត​បរិក្ខារ អេឡិចត្រូនិក និង​អគ្គិសនី ការផលិត​គ្រឿងបន្លាស់​រថយន្ត ជាដើម​បាន​រួម​ចំណែក​ដល់​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍ​ធនធាន​មនុស្ស ដែល​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥​។

យោងតាម​ទិន្នន័យ CDC គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ នេះ​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន​ ១៤១ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​ ២,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​គម្រោង​ចំនួន ៦៦ ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទុនវិនិយោគ​ប្រមាណ ៣៤០ ​លាន​ដុល្លារ​។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) បាន​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប ៦,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ជប៉ុន​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ជាមួយ​នឹង​ចំណែក​ទីផ្សារ ៧,៧ ​ភាគរយ​។ រីឯ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា​ប្រទេស​ ជប៉ុន​ ឈរ​នៅ​លេខ​រៀង​ទី​ ៤ ដោយមាន​ចំណែក​ទីផ្សារ ៤,៥ ​ភាគរយ​ ក្នុង​ចំណោម​ការនាំ​ចូល​សរុប ១០,៥ ​ពាន់​លាន​ដុល្លារ​៕LA