ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាទៅវៀតណាមបានបង្ហាញសញ្ញាវិជ្ជមានកាលពីឆ្នាំ ២០២០ ទោះបីជាមានការរឹតបន្តឹងតាមព្រំដែនដោយសារក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមទិន្នន័យថ្មីបំផុតពីក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣៨៥,៧៩ លានដុល្លារ កាលពីឆ្នាំ ២០២០ កើនឡើង ១៤,៨៨ ភាគរយបើធៀបនឹងចំនួន ៣៣៥,៨២ លានដុល្លារ កាលពីឆ្នាំ ២០១៩។ ទោះជាយ៉ាងណាការនាំចូលរបស់កម្ពុជាពីប្រទេសវៀតណាម បានធ្លាក់ចុះ ៣,១០ ភាគរយពីតម្លៃ ២,៦៣៤ ពាន់លានដុល្លារ ធៀបនឹង ២,៧១៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ៨ ខែមីនាថា ប្រទេសជិតខាងគឺជាទីផ្សារដ៏ល្អបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា។
លោកបន្តថា បើទោះបីជាមានការរឹតបន្តឹងមួយចំនួនតាមព្រំដែនកាលពីឆ្នាំមុនក៏រដ្ឋាភិបាលរបស់ប្រទេសទាំង ២ នៅតែរក្សាបានការបង្កើនការផ្លាស់ប្តូរទំនិញដោយបានជួយសម្រួលដល់ការដោះដូរទំនិញជាច្រើន។
លោកថ្លែងថា៖ «ការកើនឡើងការនាំចេញពីកម្ពុជាទៅវៀតណាមបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន ជាពិសេសការអភិវឌ្ឍដើម្បីប្រជាជននៅតាមព្រំដែន»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំហ៊ាននិយាយថា បណ្ដាប្រទេសជិតខាងគឺជាទិសដៅនាំចេញល្អបំផុតរបស់ប្រទេសយើង ដោយសារតែការនាំចេញមានភាពងាយស្រួល ពិសេសសម្រាប់ផលិតផលកសិកម្មរបស់យើង ដូចជា ស្រូវ ពោត កៅស៊ូ សណ្ដែក។ល។ ទោះបីយើងនាំចេញវត្ថុធាតុដើមភាគច្រើនទៅបណ្ដាប្រទេសទាំងនោះក៏ដោយ ក៏នៅតែល្អសម្រាប់កសិកររបស់យើង។ ប្រសិនបើយើងមិនមានប្រទេសថៃ និងវៀតណាម ទិញផលិតផលកសិកម្មនោះយើងនឹងមានបញ្ហាជាមិនខាន ព្រោះយើងនៅមានការខ្វះខាតលើឃ្លាំងស្តុក»។
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការកសាងផ្សារគំរូចំនួន ២ បន្ថែមទៀតនៅខេត្តកំពត និងខេត្តស្វាយរៀងជាកន្លែងដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាមក្នុងគោលបំណងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញការនាំចេញរបស់កម្ពុជា។ កាលពីខែធ្នូ ឆ្នាំ ២០១៩ កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារគំរូ «ដា» នៅខេត្តត្បូងឃ្មុំ រួចមកហើយ។
លោក លឹម ហេង បានបញ្ជាក់ថា ផ្សារជាប់ព្រំដែននឹងដើរតួនាទីសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាម។ លោកបន្តថា៖ «នៅពេលនេះយើងបានបង្កើតផ្សារគំរូនៅតាមព្រំដែនដូចជា នៅដា ខេត្តត្បូងឃ្មុំ និងនៅព្រែកចាក ខេត្តកំពត។ ផ្សារគំរូទាំងនេះនឹងជំរុញការនាំចេញផលិតផលកសិកម្មរបស់យើង»។
លោកបានបញ្ជាក់ថា៖ «ពិតហើយគោលនយោបាយរបស់រដ្ឋាភិបាលគឺយើងមិនចង់នាំចេញវត្ថុធាតុដើមទេ ព្រោះយើងខាតបង់តម្លៃបន្ថែម ប៉ុន្តែយើងមិនអាចរក្សាផលិតផលកសិកម្មបានយូរទេ ដោយសារយើងមិនមានឃ្លាំងស្ដុកគ្រប់គ្រាន់»។ លោកបន្ថែមថា៖ «នៅពេលយើងអាចទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើនចូលមកក្នុងវិស័យកែច្នៃ វានឹងជួយរួមចំណែកកាត់បន្ថយការនាំចេញនូវវត្ថុធាតុដើមទាំងនោះជាមិនខាន»៕ LA