The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិកនៅ​ត្រីមាស​ទី១ កើន​ឡើង​ដល់​ជាង ​១,១២ ​ពាន់​លាន​ដុល្លារ

ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិកនៅ​ត្រីមាស​ទី១ កើន​ឡើង​ដល់​ជាង ​១,១២ ​ពាន់​លាន​ដុល្លារ

Content image - Phnom Penh Post
រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែង ស្ថិតក្នុងខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្នំពេញ ប៉ុស្តិ៍

ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិកនៅ​ត្រីមាស​ទី១ កើន​ឡើង​ដល់​ជាង ​១,១២ ​ពាន់​លាន​ដុល្លារ

ភ្នំពេញៈ ទឹក​ប្រាក់​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​​អាមេរិក​​បាន​កើន​លើស ​១ ​ពាន់​លាន​ដុល្លារ​​​​លើក​ដំបូង​សម្រាប់​រយៈពេល​ត្រឹម ​៣ ខែ​​ ដោយសារ​កំណើន​​ខ្លាំង​នៃ​ការ​នាំចេញ​ផលិតផល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ ដែល​កម្ពុជា​​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​អាមេរិក​។ នេះ​បើ​​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អាមេរិក។ ​

ផលិតផល​ទាក់ទង​នឹង​ការ​ធ្វើ​​ដំណើរ​ពី​កម្ពុជា​ដូច​ជា កាបូប​​ដៃ​ កាបូប​យួរ ឬ វ៉ាលិស​ជា​ដើម ត្រូវ​​បាន​រាប់​បញ្ចូល​ជា​ផលិតផល​​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ពី​អាមេរិក (GSP) តាំង​​ពី​ខែ​កក្កដា​ ឆ្នាំ ២០១៦ ដែល​​ចាប់​​ពី​ពេល​នោះ​មក​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ឆ្នាំ។ ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ផលិត​ពី​កម្ពុជា​ មិន​ទាន់​រាប់​បញ្ចូល​ក្នុង​ប្រព័ន្ធ GSP របស់​អាមេរិក​ទេ​។

តាម​ទិន្នន័យ​​​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ​​ប្រទេស​ កម្ពុជា​ ​នាំចេញ​ទំនិញ​ទៅ​អាមេរិក​ក្នុង​​រយៈពេល​ពី​ខែ​មករា ដល់​ខែ​​មីនា​ឆ្នាំ​នេះ​ មាន​តម្លៃ​ជា​ទឹក​ប្រាក់​​ ១,​១២ ​ពាន់​លាន​ដុល្លារ ​កើន​ឡើង​ ២៤ ភាគរយ ពី ៩០៣ លាន​ដុល្លារ​កាល​ពី​​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨។ លោក​ Arend C. Zwartjes ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​​កម្ពុជា​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​កាល​​ពី​ម្សិលមិញ​​ថា អាមេរិក​នៅ​តែ​ជា​ទីផ្សារ​​នាំចេញ​ឈាន​មុខ​គេ​​​របស់​​​កម្ពុជា​​ហើយ​កំណើន​ការ​នាំចេញ​របស់​​​កម្ពុជា ​គឺ​ដោយសារ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​នៃ​ការ​ចូល​ទីផ្សារ​ដោយ​រួច​ពន្ធ​ស្ថិត​ក្រោម​​កម្មវិធី​​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ (GSP) ​របស់​អាមេរិក​។

លោក​បន្ថែម​ថា ​ការ​នាំចេញ​ស្ថិត​ក្រោម​ GSP ដែល​បាន​នាំ​មុខ​ដោយ​ទំនិញ​​​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ បាន​កើន​​ជាង ​២ ដង ​ដល់​ជាង ​៧២០ លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​មុន​។​

លោក​ថ្លែង​ថា​៖ «​ស្ថានទូត​របស់​យើង​បាន​ខិតខំ​​យ៉ាង​ខ្លាំង ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ដាក់​​បញ្ចូល​​ក្នុង​បញ្ជី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក​ GSP ហើយ​បាន​សម្រេច​​​កាល​ពី​ឆ្នាំ ​២០១៦។ កិច្ច​ការ​នេះ​​បាន​ជួយ​ដល់​ការ​នាំចេញ​របស់​កម្ពុជា​គ្រាន់​តែ​​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​​តែ ​១ មុខ បាន​​​កើន​ឡើង​ពី​ប្រហែល ​៥០ ​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៦ ​ដល់​ជិត​ ៤០០ ​លាន​​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន​ ព្រម​ទាំង​ទទួល​បាន​ទុន​​​​វិនិយោគ​រាប់​លាន​ដុល្លារ​​»។​

លោក​ Arend បាន​បញ្ជាក់​ថា​ មុខ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ទៅ​អាមេរិក​ភាគ​ច្រើន​ជា​ផលិតផល​វាយនភណ្ឌ និង​ស្បែក​ជើង​ ខណៈ​អាមេរិក​នាំចេញ​មក​កម្ពុជា​ភាគ​ច្រើន​ រថយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន។

រយៈពេល ​៣ ខែ​​ដំបូង​ឆ្នាំ ​២០១៩ នេះ​​ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អាមេរិក បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​-អាមេរិក ​បាន​កើន​ដល់​ ​១,​២៤ ពាន់​លាន​ដុល្លារ​​ ​​ក្នុង​នោះ​ការ​នាំចេញ​របស់​អាមេរិក​មក​កម្ពុជា​មាន​ចំនួន​ ​១២២ ​លាន​ដុល្លារ​។ ទិន្នន័យ​នេះ​បង្ហាញ​ថា អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​​ជាមួយ​កម្ពុជា​មាន​ចំនួន​​ ៩៩៨​ លាន​ដុល្លារ​។​​

កាល​ពី​ឆ្នាំ ២០១៨ ​កម្ពុជា​​​ជា​ប្រទេស​​ដែល​បាន​នាំចេញ​ទំនិញ​ទៅ​អាមេរិក​ច្រើន​លំដាប់​ទី៥៧ ខណៈ​កម្ពុជា​ជា​ទីផ្សារ​ទី១០៤ ​របស់​អាមេរិក​។ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨ មាន​តម្លៃ​ជា​ទឹក​ប្រាក់​ ៣,៨ ពាន់​លាន​ដុល្លារ ​ខណៈ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​អាមេរិក​មាន​តម្លៃ​​ ៤៤៧ លាន​ដុល្លារ។

លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​​រោងចក្រ​កាត់​ដេរ​​កម្ពុជា (GMA​C) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា កំណើន​ដ៏​ធំ​នៃ​ការ​នាំចេញ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​អាមេរិក ​គឺ​ជា​មូលហេតុ​ដ៏​សំខាន់​​ ដែល​ធ្វើ​ឲ្យ​មាន​​កំណើន​ខ្លាំង​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក។

លោក ​ស៊ូអៀង​ បញ្ជាក់​ថា​ ទឹក​ប្រាក់​នៃ​ការ​នាំចេញ​ផលិតផល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​បាន​កើន​ឡើង​ជាង ១០ ​ដង ពី​ជាង ​៥០ ​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ ​ដល់​ជាង​ ៥៥០ ​លាន​ដុល្លារ​នៅ​​ឆ្នាំ ​២០១៨។​ ចំនួន​រោងចក្រ​សម្រាប់​ផលិត​ផលិតផល​នេះ​ក៏​បាន​​​កើន​ឡើង​យ៉ាង​ខ្លាំង​ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​ប្រហែល ​៨០ ​រោងចក្រ​។

លោក​ថ្លែង​ថា៖ «​ការ​នាំចេញ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ពី​​ប្រទេស ​កម្ពុជា ទៅ​​អាមេរិក នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ ហើយ​ខ្ញុំ​គិត​ថា​ អត្រា​កំណើន​នឹង​មាន​យ៉ាង​ហោច​ណាស់​​ ​៣០ ​ទៅ ​៤០ ​ភាគរយ​»។ លោក​បន្ត​ថា​៖ «​​តាមរយៈ​លទ្ធផល​នា​ដើម​ឆ្នាំ​នេះ ​ខ្ញុំ​គិត​ថា ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​​នឹង​បន្ត​កើន​​​ខ្លាំង​សម្រាប់​រយៈពេល ​១ ​ឆ្នាំ ​​ពេញ ឆ្នាំ​នេះ​​»​។​

ប៉ុន្តែ​មាន​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​ ដោយសារ​​ការ​បារម្ភ​ថា អាមេរិក​អាច​​ពិនិត្យ​ឡើង​វិញ​កិច្ច​ព្រមព្រៀង​ប្រព័ន្ធ​​អនុគ្រោះ​របស់​ខ្លួន​ជាមួយ​ប្រទេស ​កម្ពុជា។​ ​លោក Arend ​មក​ពី​ស្ថានទូត​អាមេរិក​​បាន​ឲ្យ​ដឹង​ថា អាមេរិក​នៅ​តែ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​នៅ​​​​កម្ពុជា និង​ការ​​ចុះ​​ខ្សោយ​ស្ថាប័ន​ប្រជាធិបតេយ្យ​។ លោក​បន្ថែម​​ថា សមាជិក​​សភា​អាមេរិក បាន​លើក​ឡើង​ពី​​ការ​បារម្ភ​ទាំង​នេះ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​ច្បាប់​ដែល​ស្នើ​ឡើង​​​នេះ​ កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​​​សភា​ ដែល​រួម​មាន​បញ្ញត្តិ​ដែល​​នឹង​​​​ទាមទារ​​ឲ្យ​រដ្ឋបាល​របស់​លោក ​ត្រាំ ត្រូវ​ពិនិត្យ​ឡើង​វិញ​ពី​ប្រព័ន្ធ​​ ​GSP​។ ប៉ុន្តែ​រដ្ឋបាល​នេះ​​មិន​​ទាន់​បញ្ជាក់​ពី​សំណើ​ច្បាប់​ទាំង​​នេះ​នៅ​ឡើយ​ទេ​ ហើយ​​យើង​​​​មិន​ទាន់​ដឹង​ថា តើ​​ពួក​គេ​​​នឹង​ចាត់ចែង​​​ដូចម្ដេច​​ទេ?»​៕​ LA

អត្ថបទគួរចាប់អារម្មណ៍