ភ្នំពេញៈ ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​ជិត​ ១១ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង ឆ្នាំ​ ២០១៩ ដែល​រួមចំណែក​ភាគច្រើន​មកពី​វិស័យ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពាណិជ្ជកម្ម​។

របាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បង្ហាញថា ការនាំចេញ​ទំនិញ​កម្ពុជា​សម្រេច​បាន​ជាង​ ១០,៨ ​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​ឆ្នាំ​នេះ​កើនឡើង ៦,៤៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​តម្លៃ​ ១០,១៤ ពាន់​លាន​ដុល្លារ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១៩ និង​ទិសដៅ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២០ ពីថ្ងៃ​ពុធ​ថា ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ ក្រសួង​កំពុង​បន្ត​ពង្រឹង​ចង្វាក់​ផលិតកម្ម និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​ការធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី និង​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​កំពុងតែ​ត្រូវបាន​យកចិត្ត​ទុកដាក់​»​។

លោក​បាន​បន្តថា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក្រសួងពាណិជ្ជកម្ម​កំពុង​ខិតខំ ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​​ការងារ​មន្ត្រីរាជការ​តាមរយៈ​ការពង្រឹង​ធនធាន​មនុស្ស ការធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​​រដ្ឋបាល គ្រប់គ្រង និង​ការកែលម្អ​សេវាសាធារណៈ​ជាដើម​។

លោក​បន្តថា​៖ «​ការការពារ​​កម្មសិទ្ធិបញ្ញា ការការពារ​អ្នកប្រើប្រាស់ និង​ការបង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ ព្រម​ទាំង​ការបង្ក្រាប​ការក្លែងបន្លំ​ផលិតផល និង​សេវាកម្ម​ក៏​ត្រូវបាន​អនុវត្ត​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ផងដែរ​»​។

លោក វ៉ាន់ សូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ថ្លែង​ក្នុង​សន្និសីទ​នេះ​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើឲ្យ​មាន​ភាពងាយស្រួល​នូវ​នីតិវិធី​ការងារ ការធ្វើ​ទំនើបកម្មវិធី​សាស្ត្រ និង​ការកាត់បន្ថយ​ការចំណាយ​ប្រាក់ និង​ពេលវេលា​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​តំបន់ យើង​ឃើញ​ថា​ការកើនឡើង​ថ្លៃដើម​យ៉ាង​ឆាប់រហ័ស​ដែល​ទាមទារ​ឲ្យ​មាន​ការទូទាត់​ពី​ការ​សន្សំ​ពី​តំបន់​ផ្សេងៗ​ទៀត ដូចជា​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​ការកាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​អាជីវកម្ម​»​។ លោក​បន្តថា​៖ «​ដោយមាន​អ្នកបញ្ជា​ទិញ​កាន់តែច្រើន​ទាមទារ​ពេលវេលា​កាន់តែ​ខ្លី ការកម្រិត​ចង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក​របស់​យើង​តម្រូវ​ឲ្យ​មាន​គោលនយោបាយ​គាំទ្រ ដើម្បី​ដោះស្រាយ​»​។

លោក​បន្ថែមថា​៖ «​ក្នុង​កម្រិត​អន្តរជាតិ យើង​ឃើញ​មាន​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដែល​កំពុង​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ពិភពលោក ការគំរាមកំហែង​ពី​បញ្ហា​ EBA ការចាកចេញ​ពី​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស និង​បញ្ហា​បរិយាកាស​ពាណិជ្ជកម្ម និង​ជំនួញ​ដែល​មាន​ភាពប្រែប្រួល​លឿន​ពិបាក​ប៉ាន់ស្មាន​បាន​»​។

លោក​បន្តថា ជាការ​ពិតណាស់​នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការឆ្លើយតប​ទៅនឹង​បរិយាកាស​ពិភពលោក​ដែល​មាន​ការប្រែប្រួល​យ៉ាងលឿន ខណៈ​ក្រសួង​ត្រូវតែ​បន្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​មាន​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ការអភិវឌ្ឍ និង​និន្នាការ​សកល និង​ត្រៀមខ្លួន​ក្នុង​ការសម្រប​ខ្លួន ឬ​ផ្លាស់ប្តូរ​នៅពេល​ដែល​ស្ថានភាព​តម្រូវ​។

លោក​បាន​ថ្លែងថា​៖ «​ពេលនេះ​ជាង​ពេលណាៗ​ទាំងអស់​ដែលថា ផលប្រយោជន៍​រួម​របស់​ជាតិ​គួរ​មាន​ឧត្តមភាព​លើ​ផលប្រយោជន៍​បុគ្គល​។ កម្ពុជា​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ដ៏ត្រចះត្រចង់ ហើយ​យើង​ទាំងអស់​គ្នា​មាន​ភារកិច្ច​ក្នុង​ការទាមទារ​យកមក​វិញ​នូវ​ភាពរុងរឿង​ត្រចះត្រចង់​នេះ​លើ​ឆាក​អន្តរជាតិ​»​។

បើ​យោងតាម​ទិន្នន័យ​ការនាំចេញ​សម្លៀកបំពាក់​មាន​តម្លៃ​ ៦,៤ ​ពាន់​លាន​ដុល្លារ វាយនភណ្ឌ​ ៤០ ​លាន​ដុល្លារ​ ស្បែកជើង ៩០៥ ​លាន​ដុល្លារ អង្ករ​ជាង ២៨៦ ​លាន​ដុល្លារ និង​ផលិតផល​ផ្សេងទៀត​ជាង ៣,១ ​ពាន់​លាន​ដុល្លារ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ (CRF) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​ជាង​ ៥១ ​ម៉ឺន​តោន​ ក្នុង​រយៈពេល​ ១១ ​ខែ​ដំបូង​ឆ្នាំ ២០១៩ ​នេះ កើនឡើង​ ៣,៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​លោក​ថ្លែងថា​៖ «​ការកើនឡើង​នេះ​ជាការ​រួមចំណែក​ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិន និង​ការពង្រីក​ទីផ្សារ​ថ្មីៗ​នៅ​តំបន់​អាស៊ាន និង​ប្រទេស​អូស្ត្រាលី​»៕