ភ្នំពេញ: ការនាំចេញផលិតផលនំស្រួយ លីលី ទៅកាន់ទីផ្សារអន្តរជាតិបានចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ខណៈការផ្ទុះជំងឺកូវីដ ១៩ កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះឧស្សាហកម្មនេះ។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co., LTD បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការបញ្ជាទិញនំស្រួយ លីលី ពីអតិថិជននៅក្រៅប្រទេសចាប់ផ្តើមមានឡើងវិញជាបណ្តើរៗហើយតាំងពីចុងខែឧសភា។ លោកស្រីលើកឡើងថា ជាក់ស្តែងកាលពីថ្ងៃអង្គារ ក្រុមហ៊ុនបាននាំចេញចំនួន ១ កុងតឺន័រទៅកាន់ទីផ្សារអាមេរិក ហើយកាលពីសប្តាហ៍មុនក៏មានការនាំចេញ ១ កុងតឺន័រទៅកាន់ប្រទេសម៉ាឡេស៊ី ផងដែរ។
លោកស្រីថ្លែងថា៖ «កាលពីអំឡុងជំងឺកូវីដ ១៩ ផ្ទុះឡើងខ្លាំង ការនាំចេញបានធ្លាក់ប្រហែល ៥០ ភាគរយ ប៉ុន្តែពេលនេះការនាំចេញបានដំណើរការជាធម្មតាវិញហើយ ដោយភាគច្រើនគេទិញស្តុកទុកនៅផ្ទះសម្រាប់ជាអាហារទទួលទាន»។
លោកស្រីឲ្យដឹងទៀតថា រោងចក្រផលិតនំស្រួយ លីលីទាំង ២ នេះមានសមត្ថភាពផលិតនំសរុប ៦ ០០០ តោន ក្នុង ១ ឆ្នាំ។ ផលិតផលប្រហែល ៦៥ ភាគរយ សម្រាប់លក់នៅទីផ្សារក្នុងស្រុក និង ៣៥ ភាគរយ សម្រាប់នាំចេញ។ លោកស្រីនិយាយថា៖ «យើងសង្ឃឹមថា ក្រោយចប់ជំងឺកូវីដ១៩ នឹងអាចមានទីផ្សារថ្មីៗទៀត»។
បើតាមលោកស្រី កែវ មុំ ជាមធ្យមក្នុង ១ ខែ ក្រុមហ៊ុននាំចេញនំប្រមាណ ៣០ កុងតឺន័រ ទៅកាន់ទីផ្សារអន្តរជាតិដែលរួមមានប្រទេសអូស្ត្រាលី អាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី និងនូវែលសេឡង់ ជាដើម។
លោកស្រីបញ្ជាក់ថា៖ «ទីផ្សារបរទេសមានការគាំទ្រនំស្រួយលីលីច្រើន ព្រោះផលិតផលយើងមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ហើយវាត្រូវបានផលិតចេញពីអង្ករផ្ការំដួល។ គុណភាពផលិតផលរបស់យើងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន»។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយថា ការនាំចេញពាក់ព័ន្ធនឹងផលិតផលចំណីអាហាររបស់កម្ពុជាបានចាប់ផ្តើមមានសកម្មភាពឡើងវិញបណ្តើរៗហើយ។ លោកថ្លែងថា៖ «អ្វីជាការមើលឃើញរបស់ខ្ញុំ គឺពិតជាមានសកម្មភាពនាំចេញរើបឡើងមែន»៕LA