ក្រុង​បាងកកៈ ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស ​ថៃ ​បាន​កើន​ឡើង​​ឥត​រំពឹង​ទុក​កាល​ពី​ខែ​កុម្ភៈ បន្ទាប់​ពី​ធ្លាក់​ចុះ ​៣​ខែ​ជាប់​គ្នា ដោយសារ​ការ​នាំចេញ​ម្តងម្កាល​នូវ​​អាវុធ និង​សព្វាវុធ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការ​នាំចេញ​នៅ​ខែ​កុម្ភៈ បាន​កើន​​ឡើង ៥,៩១ ភាគរយ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ការ​ព្យាករ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​បង្ហាញ​ថា​ធ្លាក់ចុះ ១ ភាគរយ។ ការ​នាំចេញ ​គឺ​ជា​កត្តា​​ចម្បង​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ថៃ។

កាល​ពី​ខែ​មករា ការ​នាំចេញ​ធ្លាក់ ៥,៦៥ ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​នាំចេញ​នៅ​ខែ​កុម្ភៈ​នេះ កើត​មាន​ឡើង​ដោយសារ​ការ​នាំចេញ​អាវុធ និង​សព្វាវុធ បន្ទាប់​ពីមាន​សមយុទ្ធ​យោធា បើ​មិន​ដូច្នេះ​ទេ ​នឹង​​ធ្លាក់ចុះ ៣,៤ ភាគរយ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ទៀត​ថា ការ​នាំចេញ​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​បាន​ធ្លាក់ចុះ ៧,៩ ភាគរយ​នៅ​ខែ​កុម្ភៈ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​​ដែល​ការ​នាំចេញ​កុំព្យូទ័រ និង​​គ្រឿង​បន្លាស់​កុំព្យូទ័រ​បាន​ធ្លាក់ចុះ ១៤,១ ភាគរយ។

នៅ​ខែ​កុម្ភៈ ការ​នាំចូល​បាន​ធ្លាក់ចុះ ១០,៣ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន បន្ទាប់​ពី​កើន​ឡើង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ១៣,៩៩ ភាគរយ​នៅ​ខែ​មករា។

សម្រាប់​ខែ​កុម្ភៈ ថៃ​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម ៤,០​៣ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ការ​​ព្យាករ​ដែល​ថា​មាន​ត្រឹមតែ ០,១៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​រង​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៤,០៣​ ពាន់​លាន​ដុល្លារ​នៅ​ខែ​មករា។

ក្រសួង​​ព្យាករ​ថា ការ​នាំចេញ​នឹង​កើន ៨ ភាគរយ​នៅ​ឆ្នាំ​​នេះ បន្ទាប់​ពី​ធ្លាក់ចុះ ៦,៧ ភាគរយ​នៅ​ឆ្នាំ ២០១៨៕ KC