
ទិដ្ឋភាពសម្បុកត្រចៀកកាំ នៅក្នុងផ្ទះត្រចៀកកាំមួយកន្លែងក្នុងខេត្តកោះកុង។ សហការី
ភ្នំពេញៈ ខណៈអាជីវកម្មសម្បុកត្រចៀកកាំរបស់កម្ពុជាបានបង្ហាញពីកំណើនជាបន្តបន្ទាប់ ការនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនត្រូវបានគេរំពឹងថានឹងកើតឡើងឆាប់ៗ។ នេះបើយោងតាមប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីខែមុនធ្លាប់បាននិយាយថា ក្រសួងនឹងធ្វើសំណើផ្លូវការដើម្បីឈានឆ្ពោះទៅដល់ការធ្វើពិធីសារសម្រាប់ការនាំចេញផលិតផលសម្បុកសត្វត្រចៀកកាំកម្ពុជាទៅទីផ្សារប្រទេស ចិន។
លោក ណាង សុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា កាលពីម្សិលមិញ បាននិយាយថា ខណៈចិន គឺជាទីផ្សារធំជាងគេសម្រាប់សម្បុកត្រចៀកកាំនៅទូទាំងពិភពលោក ការនាំចេញផលិតផលនេះពីកម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការអាចនឹងកើតឡើងក្នុងពេលឆាប់ៗ។ លោកថ្លែងថា៖ «តាមខ្ញុំដឹង រដ្ឋាភិបាលកម្ពុជា និងចិន មានការឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយគ្រាន់តែនៅមិនទាន់មាននីតិវិធី និងពិធីសារជាមួយគ្នាតែប៉ុណ្ណោះ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបើកសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេស ចិន កាលពីថ្ងៃទី ១០ ខែ ឧសភា បានលើកឡើងថា ក្នុងខែមិថុនានេះលោកនឹងធ្វើលិខិតស្នើទៅភាគីចិន ដើម្បីឈានឆ្ពោះទៅចុះពិធីសារសម្រាប់ការនាំចេញសម្បុកត្រចៀកទៅកាន់ប្រទេស ចិន។
គុណភាពសម្បុកត្រចៀកកាំកម្ពុជា ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា មានគុណភាពល្អ ព្រោះប្រទេស កម្ពុជា មានតំបន់ធម្មជាតិច្រើន ដោយមិនសូវមានឧស្សាហកម្មធំៗ ដែលបញ្ចេញផ្សែង នាំឲ្យសម្បុកត្រចៀកកាំមិនល្អ។ នេះបើតាមលោក សុធី។
លោកបានប្រាប់ទៀតថា បច្ចុប្បន្ននិន្នាការនៃការចិញ្ចឹមសត្វត្រចៀកកាំបានស្ទុះឡើងយ៉ាងលឿននៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ពិសេសក្នុងខេត្តកោះកុង។ លោកបញ្ជាក់ថា៖ «កំណើននេះភាគច្រើនដោយសារអ្នកចិញ្ចឹមពួកគាត់មានក្តីរំពឹងទៅលើទីផ្សារប្រទេស ចិន ស្របពេលដែលបច្ចេកវិទ្យាថ្មីៗសម្រាប់ការចិញ្ចឹមក៏មានភាពងាយស្រួលជាងមុនផងដែរ»។
ខណៈសម្បុកត្រចៀកកាំកាន់តែមានទីផ្សារល្អនោះ បានធ្វើឲ្យចំនួនផ្ទះត្រចៀកកាំកម្ពុជា កើនឡើងជាលំដាប់ ពិសេសក្នុងរយៈពេល ៣-៤ ឆ្នាំ ចុងក្រោយនេះ។
បើតាមលោក សុធី នៅកម្ពុជាបច្ចុប្បន្នមានផ្ទះអភិរក្សត្រចៀកាំ ចន្លោះពី ៣,០០០-៥,០០០ ផ្ទះ។
លោកបន្តថា បច្ចុប្បន្នសម្បុកត្រចៀកកាំមិនទាន់សម្អាត មានតម្លៃចន្លោះពី ៧៥០ ដុល្លារទៅ ៨៥០ ដុល្លារ ក្នុង ១ គីឡូក្រាម ចំណែកសម្បុកដែលសម្អាតរួច មានតម្លៃចន្លោះពី ១,៥០០ ដុល្លារ រហូតដល់ ៣,៥០០ ដុល្លារ អាស្រ័យទៅលើគុណភាព។ ទោះយ៉ាងណាលោកប្រាប់ថា បើធៀបនឹងតម្លៃកាលពីដើមឆ្នាំ ២០១៩ នេះវាមិនមានការប្រែប្រួលច្រើនទេ ព្រោះតម្លៃនៅកម្ពុជា គឺប្រហាក់ប្រហែលទៅនឹងតម្លៃទីផ្សារអន្តរជាតិទៅហើយ។
តាមការប៉ាន់ស្មាន ក្នុង ១ ខែ កម្ពុជាអាចប្រមូលផលសម្បុកត្រចៀកកាំ បានយ៉ាងតិចចន្លោះពី ៨០០-១,៥០០ គីឡូក្រាម ក្នុងនោះតម្រូវការក្នុងស្រុកមានប្រមាណ ៣០ ភាគរយ។ នេះបើតាមលោក សុធី។
អ្នកស្រី សុខ ហុង ម្ចាស់ផ្ទះអភិរក្សត្រចៀកកាំ ១ កន្លែងស្ថិតក្នុងខេត្តកោះកុង បាននិយាយថា កំណើនតម្រូវការបានធ្វើឲ្យចំនួនផ្ទះអភិរក្សត្រចៀកកាំមានការកើនឡើងយ៉ាងច្រើន។
អ្នកស្រីបានបន្តថា ការចិញ្ចឹមសត្វត្រចៀកកាំមិនសូវមានបញ្ហាប្រឈមច្រើនទេ តែវាត្រូវការចំណាយច្រើននៅពេលដំបូងសម្រាប់ការទិញដី និងការរៀបចំផ្ទះឲ្យត្រចៀកកាំរស់នៅ។
អ្នកស្រីបន្តថា៖ «ការចិញ្ចឹមត្រចៀកកាំ អាចនិយាយថា ជាមុខរបរមួយដែលងាយស្រួល និងទទួលបានផលច្រើនគួរសម»។ អ្នកស្រីបានបន្តថា ដោយសារសម្បុកត្រចៀកកាំមានទីផ្សារល្អ បច្ចុប្បន្ននេះនៅក្នុងខេត្តកោះកុង គេសង្កេតឃើញមានផ្ទះត្រចៀកកាំលេចឡើងយ៉ាងច្រើន។
យោងតាមការចុះផ្សាយរបស់ភ្នំពេញ ប៉ុស្តិ៍ ការស្រាវជ្រាវកាលពីឆ្នាំ ២០១៦ បានរកឃើញថា តម្លៃពាណិជ្ជកម្មសម្បុកត្រចៀកកាំ នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥ ពាន់លានដុល្លារក្នុង ១ ឆ្នាំ។ ចិនគឺជាទីផ្សារធំជាងគេ ខណៈឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសផ្គត់ផ្គង់ឈានមុខគេក្នុងពិភពលោក៕ LA