ភ្នំពេញៈ ការនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារតម្រូវការកាន់តែច្រើនពីប្រទេសកូរ៉េ និងបារាំង។ នេះបើតាមតំណាងសមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្តកំពង់ស្ពឺ (KSPSPA)។
លោក សំ សារឿន ប្រធានសមាគម KSPSPA បានថ្លែងថា ទំហំនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺបានកើនដល់ ៧៥ តោននៅឆ្នាំនេះ ពោលគឺកើនឡើង ៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកមានប្រសាសន៍ថា៖«តួលេខកំណើននេះ ត្រូវបានជំរុញដោយតម្រូវការស្ករត្នោតពីប្រទេសកូរ៉េ និងបារាំង។ យើងបានទទួលការបញ្ជាទិញច្រើនជាងមុនពីក្រុមហ៊ុននាំចេញក្នុងស្រុក ដែលកំពុងនាំចេញទៅកាន់តែទីផ្សារបារាំង និងកូរ៉េ ហើយការបញ្ជាទិញនេះ មានបរិមាណប្រមាណជា ៣៥ តោន»។
លោកបន្តថា សមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្តកំពង់ស្ពឺក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអតិថិជនកូរ៉េនៅខែតុលាឆ្នាំនេះផងដែរ ដែលនឹងជួយជំរុញដល់ផលិតកម្ម និងការនាំចេញស្ករត្នោត។
លោកថ្លែងថា៖ «អតិថិជនកូរ៉េ តាមរយៈក្រុមហ៊ុននាំចេញក្នុងស្រុកមួយ កំពុងស្វែងរកការផ្គត់ផ្គង់ស្ករត្នោតចំនួន ៣០ តោនក្នុងមួយខែពីយើង។ បើកិច្ចព្រមព្រៀងនេះសម្រេចមែននោះ យើងនឹងត្រូវពង្រីកតំបន់ផលិតស្ករត្នោត និងបន្ថែមសមាជិក ដើម្បីអាចផ្គង់ផ្គង់កំណើនតម្រូវការនេះ»។
ផលិតកម្មស្ករត្នោតនាពេលបច្ចុប្បន្នមានធ្វើនៅក្នុងស្រុកចំនួនពីរប៉ុណ្ណោះក្នុងចំណោមស្រុកចំនួនបីនៅក្នុងខេត្តកំពង់ស្ពឺ ដែលទទួលបានងារជាតំបន់ផលិតស្ករតោ្នជាទំនិញភូមិសាស្រ្តនេះ។ ដោយមានសមាជិក ១៤២ គ្រួសារ ផលិតកម្មស្ករត្នោតរបស់សមាគមសរុបមានបរិមាណប្រហែល ៣០០ ទៅ ៤០០តោនក្នុងមួយឆ្នាំ។ រដូវប្រមូលផលស្ករត្នោត GI កំពង់ស្ពឺ ចាប់ផ្តើមពីខែធ្នូរហូតដល់ ខែឧសភា។
ស្ករត្នោតកំពង់ស្ពឺបានទទួលលិខិតបញ្ជាក់ទីតាំងភូមិសាស្រ្ត GI កាលពីឆ្នាំ ២០១០ ក្រោមការទទួលស្គាល់ពីអង្គការពាណិជ្ជកម្មពិភពលោក។
លោក កែន រដ្ឋា អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្មបានឲ្យដឹងថា ការកើនឡើងវត្តមានរបស់ផលិតផលកម្ពុជានៅពិព័រណ៍ផលិតផល និងទីផ្សារអន្ដរជាតិជាហេតុធ្វើឲ្យមានកំណើនតម្រូវការនេះ។ លោកថ្លែងថា៖ «លោករដ្ឋមន្រ្តីតែងតែផ្តល់ជាវត្ថុអនុស្សាវរីយ៍ និងផ្សព្វផ្សាយអំពីផលិតផលកម្ពុជា រួមមានស្ករត្នោតកំពង់ស្ពឺ ម្រេចកំពត និងអង្ករ ទៅដល់ភ្ញៀវអន្តរជាតិ និងតែងតែលើកឡើងពីលទ្ធភាពដែលពួកគេអាចធ្វើការនាំចូលផលិតផលទាំងនេះពីប្រទេសកម្ពុជា»។
លោកបន្តថា៖ «ហើយផលិតផលសម្គាល់ភូមិសាស្ត្រនេះ ជាផលិតផលមានអាទិភាពដែលក្រសួងកំពុងយកចិត្តទុកដាក់ផ្សព្វផ្សាយ។ បច្ចុប្បន្ន យើងកំពុងទាក់ទាញម្ចាស់ជំនួយ ដើម្បីគាំទ្រលើការបន្ថែមមុខទំនិញជាអាទិភាពទៅជាផលិតផលសម្គាល់ភូមិសាស្ត្របន្ថែមទៀត»។
ក្រសួងពាណិជ្ជកម្មកំពុងមានគម្រោងមួយផ្សេងទៀត ដើម្បីរួមបញ្ចូលផលិតផល ២២ មុខទំនិញទៀតទៅជាផលិតផលសម្គាល់ភូមិសាស្ត្រក្នុងបំណងជំរុញការនាំចេញ និងលើកស្ទួយជីវភាពកសិករ។
ក្រុមហ៊ុន Farmlink Cambodia ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញផលិតផលកម្ពុជាដែលមានងារជាទំនិញសម្គាល់ភូមិសាស្រ្ត បាននាំចេញស្ករត្នោតចំនួន ៣ តោនទៅប្រទេសបារាំងកាលពីឆ្នាំមុន និងអាចនាំចេញ ៥ តោននៅឆ្នាំនេះ។
លោក Christophe Lesieur សហប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Farmlink Cambodia បានសរសេរក្នុងអ៊ីមែលមួយផ្ញើមកកាន់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖ «យើងបានចាប់ផ្តើមនាំចេញស្ករត្នោតទៅប្រទេសបារាំង ៣ ឆ្នាំមុន។ ការលក់នៅប្រទេសបារាំងមានស្ថិរភាព តែយើងបានឃើញពីកំណើនលក់នៅទូទាំងពិភពលោកពីទីផ្សារថ្មីមួយគឺប្រទេស អាល្លឺម៉ង់»។
ទោះជាយ៉ាងនេះក្តី លោកបានឲ្យដឹងថា យើងមិនបានធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីផលិតផលសម្រាប់ទីផ្សារបារាំងបានគ្រប់គ្រាន់នៅឡើយទេ។
លោកបានសរសេរថា៖ «ខ្ញុំគិតថា មិនមានការធ្វើទីផ្សារគ្រប់គ្រាន់សម្រាប់ផលិតផលនេះនៅឡើយទេ ដោយសារវានៅតែជាផលិតផលថ្មីមួយចំពោះអតិថិជនបារាំង ហើយយើងត្រូវការពេលវេលាដើម្បីបង្កើតទម្លាប់ថ្មីមួយ។ ក្រុមហ៊ុនចែកចាយវិនិយោគយ៉ាងយឺត ដោយសារវានៅតែជាទីផ្សារតូច។ ពួកគេចាំបាច់ត្រូវអប់រំអតិថិជនអំពីគុណភាព និងរស់ជាតិរបស់ស្ករត្នោតនេះ ហើយវាត្រូវចំណាយពេល»៕ BP