ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ឲ្យ​មាន​ការនាំចេញ​ស្រូវ អង្ករស និង​ត្រី​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ពុធ​ទៅ ក្រោយពី​បាន​សម្រេច​ឲ្យ​ផ្អាក​កាលពី​អំឡុង​ដើម​ខែ​មេសា ខណៈ​អ្នក​សេដ្ឋកិច្ច​និយាយថា វា​នឹង​ចូលរួម​ចំណែក​ប៉ះប៉ូវ​ការខាតបង់​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ បាន​មួយ​ចំណែក​។

លទ្ធផល​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់​ការអនុញ្ញាត​ឲ្យ​ធ្វើការ​នាំចេញ​ស្រូវ អង្ករស និង​ត្រី​ទៅ​ក្រៅ​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ២០ ខែ​ឧសភា ឆ្នាំ​ ២០២០ នេះ​តទៅ​គឺ​ដូច​មុនពេល​ប្រកាស​បិទ ដោយ​ផ្អែកលើ​តុល្យភាព​ស្បៀង​សម្រាប់​តម្រូវការ​ក្នុង​ប្រទេស បន្ទាប់ពី​ត្រូវបាន​ផ្អាក​ការនាំចេញ​នាពេល​កន្លងមក​។

ការនាំចេញ​ស្រូវ អង្ករស និង​ផល​នេសាទ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​កាលពី​អំឡុង​ដើម​ខែ​មេសា ក្រោម​ហេតុផល​ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុង​ស្រុក ខណៈ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​តម្រូវការ​ស្តុក​ទុក​ស្បៀង​បាន​កើនឡើង​យ៉ាងច្រើន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការសម្រេច​ដាក់ចេញ​នូវ​វិធានការ​ផ្អាក​ការនាំចេញ​គឺ​ដើម្បី​ធានា​ស្ថិរភាព​ស្តុក​ក្នុងស្រុក​ឲ្យ​មាន​ភាពរឹងមាំ ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​តែងតែ​ឃ្លាំមើល​ស្ថានភាព​ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ ការស្តុក​ទុក និង​ទីផ្សារ​ពិភពលោក​ជា​ប្រចាំ ហេតុនេះ​ការសម្រេច​បើក​ឲ្យ​មាន​ការនាំចេញ​ឡើងវិញ​គឺ​មានន័យថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក និង​នាំចេញ​វិញ​បាន​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​ខណៈ​ប្រទេស​មួយ​ចំនួន​នៅ​បន្ត​បិទ​ការនាំចេញ​ផលិតផល​កសិកម្ម និង​ផល​នេសាទ​នោះ ការបើក​ឡើងវិញ​ពេលនេះ​វា​មិន​ត្រឹមតែ​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ឱកាស​ក្នុង​ការពង្រីក​ទីផ្សារ​ផងដែរ​»​។

លោក​បន្ថែមថា ការនាំចេញ​អង្ករស ស្រូវ និង​ត្រី នឹង​ជួយ​ប៉ះប៉ូវ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការធ្លាក់ចុះ​នៃ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍​បាន​មួយកម្រិត​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ដើម​ខែឧសភា​នេះ​ថា ក្រសួង​កំពុង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការពង្រីង និង​ពង្រឹក​ការដាំដុះ​ដំណាំ​កសិកម្ម និង​ធ្វើ​វារីវប្បកម្ម​ដើម្បី​បង្កើន​សក្តានុពល​ក្នុង​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ឈានទៅ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ប្រាប់ទៀត​ថា​លោក និង​ក្រុមការងារ​ជំនាញ​តែងតែ​ចុះ​ទៅ​ពិនិត្យ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ និង​ក្រុមហ៊ុន​បង្កើន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ធ្វើ​វារីវប្បកម្ម​ជា​ប្រចាំ ព្រោះ​វា​មិន​ត្រឹម​តែ​អាចជួយ​បង្កើត​ការងារ​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​បង្កើន​សក្តានុពល​ផលិតផល​ផលិត​ក្នុង​ស្រុក​ដើម្បី​នាំចេញ​ផងដែរ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​និយាយ​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការបើក​ឲ្យ​មាន​ការនាំ​ចេញ​ស្រូវ អង្ករស និង​ត្រី​នៅពេល​ខាងមុខ​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការបិទ​នាំចេញ​កន្លង​មក​កម្ពុជា​គឺ​អាច​បំពេញ​ស្តុក​ទុក​ក្នុងស្រុក​គ្រប់គ្រាន់​ហើយ​។ ការរក្សា​ស្តុក​ទុក​ច្រើន​ហួសកំណត់​មិនមែន​ជា​រឿង​ល្អ​ទេ ដោយ​វា​អាច​ទាញ​ទម្លាក់​តម្លៃ​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន​ទៀតផង​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ការបិទ​នាំចេញ​មួយរយៈ​ដើម្បី​រក្សា​ស្ថិរភាព​ស្បៀង​ទាំង​បរិមាណ និង​តម្លៃ​រួចមក ការបើក​ឲ្យ​នាំចេញ​វិញ​នេះ​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​មួយកម្រិត​»​។

លោក​បន្ថែមថា ការដែល​​រដ្ឋាភិបាល​សម្រេច​បើក​ឲ្យ​មាន​ការនាំចេញ​នេះ ក៏ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ក៏​ដូចជា​ប្រទេស​មួយ​ចំនួន​កំពុងមាន​ភាពល្អ​ប្រសើរ​។

លោក វណ្ណៈ លើកឡើង​ថា បទពិសោធ​កូវីដ​១៩​គឺជា​ការដាស់តឿន​មួយ​ឲ្យ​ប្រជាកសិករ និង​ក្រុម​អ្នកវិនិយោគ​ត្រូវ​ខិតខំ​ពង្រឹង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យ​បាន​កាន់តែ​ច្រើន និង​មាន​គុណភាព សុវត្ថិភាព ដើម្បី​ឈាន​ទៅ​ឯករាជភាព​ការផ្គត់ផ្គង់​ក្នុងស្រុក និង​ឈាន​ទៅ​នាំចេញ​ឲ្យ​បាន​ច្រើន​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ៣០០ ២៥២ ​តោន​កើនឡើង ៤០,៤៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ២១៣ ៧៦៣ ​តោន​។ ចំណែក​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការនាំចេញ​ក្នុង​រយៈពេល ៤ ​ខែ​នេះ​គឺ ២១០ ​លាន​ដុល្លារ​។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០១៩ ការនាំ​អង្ករ​កម្ពុជា​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រមាណ ៥០១ លាន​ដុល្លារ​ធ្លាក់ចុះ ៤,៣ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៨ ដែល​មាន ៥២៤ ​លាន​ដុល្លារ​។

ចំណែក​ក្នុង​រយៈពេល ៣ ​ខែ ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផល​នេសាទ ៣ ៤៧៥ ​តោន កើន ០,៧២ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែល​មាន ៣ ៤៥០ ​តោន​។ កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ផល​នេសាទ​សរុប​ ១៤១០០ ​តោន​ធ្លាក់ ២,២៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន ១៤ ៥០០ ​តោន​។ នេះ​បើ​តាម​ក្រសួង​កសិកម្ម​៕ LA

វីដេអូ៖