ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឱ្យដឹង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៤ ខែឧសភាថា ប្រទេស​ចិន​ បាន​ចាត់វិធានការ​ពិសេស​ ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចូល​ផ្លែស្វាយ​ស្រស់​ដែលមាន​គុណភាព​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន ហើយ​រំពឹងថា ស្វាយ​ស្រស់​ចំនួន ១០០ ០០០ ​តោន​នឹង​ចូល​ទីផ្សារ​ចិន​នៅក្នុង​ឆ្នាំនេះ​។

ការលើកឡើង​នេះ​ធ្វើឡើង​ បន្ទាប់ពី​ស្វាយ​ស្រស់​ពី​កម្ពុជា​ប្រហែល ១០០ ​តោន​ ត្រូវបាន​នាំចេញ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ៧ ឧសភា​។

លោកស្រី Hua Chunying បាន​ឆ្លើយតប​នឹង​សំណួរ​របស់ Beijing Youth Daily ថា នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ចិន​បាន​ជម្នះ​បញ្ហា​ជាច្រើន​ដែល​បណ្ដាលមកពី​ជំងឺ​កូវីដ​ ១៩ និង​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាក់ស្ដែង​ផ្នែក​ផលិតផល​កសិកម្ម តាមរយៈ​មធ្យោបាយ​នវានុវត្តន៍​នៃ​ការត្រួតពិនិត្យ​ដាច់ដោយឡែក​តាមរយៈ​វីដេអូ​ខន ហ្វើរិន​។

លោកស្រី​បន្តថា កិច្ចសហប្រតិបត្តិការ​នេះ​មិន​គ្រាន់តែ​ជួយ​សម្រេច​បាន​តាម​តម្រូវការ​អតិថិជន​ចិន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​កសិករ​កម្ពុជា​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ព័ត៌មាន​នេះ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង និង​ស្វាគមន៍​ដោយ​កក់ក្ដៅ​ពី​វិស័យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​នេះ​ គឺ​លើសពី​ផ្លែស្វាយ​ស្រស់​ទៅទៀត​។ វា​ជា ការបង្ហាញ​ពី​មិត្តភាព​ជា​បងប្អូន​រវាង​ប្រទេស​យើង​ទាំង​ ២»​។

លោកស្រី​បាន​បន្ថែមថា​៖ «​ក្នុងនាម​ជា​មិត្ត​ដែកថែប​កម្ពុជា​បាន​ចែករំលែក​សុវត្ថិភាព និង​ការពិបាក ហើយ​ប្រទេស​ចិន​នឹង​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​កាន់តែ​ស៊ីជម្រៅ​បន្តទៀត​នៅក្នុង​វិស័យ​នានា ដែល​រួមទាំង​ផលិតកម្ម​កសិកម្ម ដើម្បី​នាំយក​អត្ថប្រយោជន៍​ជាក់ស្ដែង​ដល់​ប្រជាជន​របស់​ប្រទេស​ទាំង​ ២»​។

ការនាំចេញ​ជា​ផ្លូវការ​នេះ​ធ្វើឡើង​ បន្ទាប់ពី​រដ្ឋបាល​គយ​ចិន កាលពី​ថ្ងៃទី​ ២៦ ខែមេសា បាន​អនុម័ត​ជា​ផ្លូវការ​នូវ​បញ្ជី​ចម្ការ​ស្វាយ និង​រោងចក្រ​វេចខ្ចប់​ចំនួន ៣៧ ដើម្បី​នាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​។

លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើងថា លោក​រំពឹងថា ការនាំចេញ​ស្វាយ​ស្រស់​នឹង​បន្ត​កើនឡើង​ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ​។

យោងតាម​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ ១៤២ ៥៥៦ តោន ​នៅ​រយៈពេល ៤ ​ខែ​ដំបូង ឆ្នាំ​ ២០២១ កើនឡើង ២៣៩,១៣ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

គិត​ត្រឹម​ឆ្នាំ​ ២០២០ ស្វាយ​ត្រូវបាន​ដាំដុះ​លើ​ផ្ទៃដី ១៣​ ម៉ឺន​ហិកតា​ក្នុង​នោះ ៩១ ១០៤ ​ហិកតា​​​ កំពុង​ប្រមូលផល​។

ទិន្នផល​ជា​មធ្យម ១,៣៨ ​លាន​តោន​ក្នុង​ ១ ​រដូវ​៕ LA