ភ្នំពេញៈ​ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស ​កម្ពុជា ត្រូវ​បាន​មើល​​ឃើញ​ថា មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច ​ក្នុង​អំឡុង​រយៈ​​​ពេល​ ​៣ ​ឆ្នាំ​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ ​២០១៨ ​ខណៈ​​វិស័យ​នេះ​​ពេល​នេះ​ហាក់​ដូច​ជា​ចូល​ទៅ​​ក្នុង​បញ្ហា​ប្រឈម​​បន្ថែម​​ទៀត ​ដែល​​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ ដើម្បី​រក្សា​វិស័យ​នេះ​​ឲ្យ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​។

បញ្ហា​ប្រឈម​ទាំង​នេះ​នឹង​ផ្ដោត​លើ​ទីផ្សារ​សហភាព​អឺរ៉ុប ​​ខណៈ​​ដែល​ប្លុក​នេះ​បាន​សម្រេច​​យក​ពន្ធ​នាំចូល​លើ​អង្ករ​កម្ពុជា​ ដែល​​​បាន​បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់​ដូច​ជា ​តម្លៃ​ផលិតកម្ម​​ខ្ពស់ ​និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះ​ជា​ដើម​។​

ប៉ុន្តែ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ទំហំ​ការ​នាំចេញ​អង្ករ​នៅ​ឆ្នាំ​នេះ​នឹង​រក្សា​ចំនួន​ស្រដៀង​គ្នា​នឹង​ឆ្នាំ​ទៅ​ដោយ​សារ​​កម្ពុជា​ទទួល​បាន​កូតា​ថ្មី​បន្ថែ​ម​ពី​​ ​ចិន និង​វៀត​ណាម​។​​

តាម​របាយ​ការណ៍​ពី​ក្រសួង​កសិកម្ម​បាន​​បង្ហាញ​ថា ​កម្ពុជា​បាន​នាំចេញ​អង្ករ​ ៦២៦ ​២២​៥ ​តោន​កាល​ពី​ឆ្នាំ ​២០១៨​ ធ្លាក់​ចុះ​ ១,៥ ​ភាគរយ​បើ​ធៀប​នឹង​ ៦៣៥ ៦៧៩ តោន​កាល​ពី​ឆ្នាំ ​២០១៧​។​

តួលេខ​​នេះ​បង្ហាញ​ទិសដៅ​សំខាន់​ៗ ​គឺ​សហភាព​អឺរ៉ុប​ (EU) ​មាន​ចំនួន​សរុប ​២៦៩ ​១២៧ ​តោន​ ឬ ​៤៣ ភាគរយ​នៃ​ចំណែក​ទីផ្សារ​នាំចេញ​សរុប​ ខណៈ​ប្រទេស ​ចិន ​ឈរ​លំដាប់​ទី​២ ដែល​​មាន​ចំនួន ​១៧០ ១​៥៤ ​តោន​។​

ប្រទេស ​កម្ពុជា ​បាន​នាំចេញ​អង្ករ ​៥៤២ ​១៤៤ ​តោន​កាល​ពី ឆ្នាំ ២០១៦​ កើន​ឡើង ​០,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៥​។ ​កំណើន​បន្តិច​បន្តួច​ បន្ទាប់​ពី​កំណើន​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ​ ២០១៥​ ដែល​បាន​មើល​ឃើញ​ការ​នាំចេញ​កើន​ឡើង ​៣៩ ​ភាគរយ​ធៀប​​កាល​ពី​ឆ្នាំ ​២០១៤​។​

លោក ​សុង ​សារ៉ន ​ប្រធាន​ និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ នាំចេញ​អង្ករ ​AMRU Rice Cambodia បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិលមិញ​ថា ​ដោយ​សារ​តែ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ផ្ដោត​លើ​អង្ករ​តម្លៃ​ខ្ពស់​ (អង្ករ​ក្រអូប) ​ដូច្នេះ​​ក្នុង​រយៈ​ពេល​ពី ៣-៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ការ​នាំចេញ​មិន​ខ្ពស់​នោះ​ទេ​។​

ដោយ​សំដៅ​ដល់ ​កូតា ​១០ ម៉ឺន​ ​តោន​​បន្ថែម ​ដែល​បាន​ផ្ដល់​ដោយ​ប្រទេស ​ចិន ​លោក​ សារ៉ន ​បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​អង្ករ​របស់​ប្រទេស ​កម្ពុជា ​នឹង​មិន​រង​ផល​ប៉ះពាល់​​ទេ បើ​ទោះ​បី​ត្រូវ​ប្រឈម​បញ្ហា​ខ្លះ​នៅ​ទីផ្សារ​អឺរ៉ុប​ក៏​ដោយ​​​។​ ​​

លោក​ថ្លែង​ថា​៖ «​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ ​អាច​រក្សា​ចំនួន​ស្រដៀង​គ្នា ដូចឆ្នាំ​មុន ដោយ​សារ​តែ​​ប្រទេស ​ចិន ​យល់​ព្រម​ ក្នុង​ការ​ទិញ​អង្ករ​កាន់​តែ​ច្រើន​ពី​ពួក​យើង ​ដែល​នឹង​ជំរុញ​ទីផ្សារ​អង្ករ​តម្លៃ​ខ្ពស់​របស់​កម្ពុជា​»។ ​លោក​បន្ថែម​ថា កម្ពុជា​នាំចេញ​ជិត​ ៩០ ​ភាគរយ​នៃ​អង្ករ​ក្រអូប ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

អង្ករ​ក្រអូប​របស់​កម្ពុជា​ ត្រូវ​បាន​​លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៩៥០ ​ដុល្លារ​ទៅ ​៩៦០ ​ដុល្លារ​ក្នុង ​១ ​តោន ​ខណៈ​អង្ករ​ធម្មតា (IR) ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ ៤២០ ​ដុល្លារ​ក្នុង​ ១​ តោន​។ នេះ​បើ​យោង​តាម​លោក សុង សារ៉ន។​

ប៉ុន្តែ​លោក​ សារ៉ន ​បាន​ឲ្យ​ដឹង​​ថា ប្រទេស ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​ទាក់ទង​នឹង​​ភាព​​ប្រកួត​​​ប្រជែង​។​ ​លោក​បាន​បញ្ជាក់​ថា៖ «​យើង​នៅ​តែ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ក្នុង​ការ​​ផ្សព្វផ្សាយ​នូវ​​ផលិតផល​​អង្ករ​របស់​យើង​ទៅ​ឆាក​អន្តរជាតិ»​​។ ​លោក​បន្ថែម​ថា វិស័យ​កសិកម្ម​របស់​​កម្ពុជា នៅ​តែ​ក្មេង​ខ្ចី ​បើ​ធៀប​​នឹង​ប្រទេស​ឈាន​មុខ​គេ​មួយ​ចំនួន​។​

លោក ​ច័ន្ទ ​សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ឲ្យ​ដឹង​ថា ខណៈ​ប្រទេស​ កម្ពុជា ​មិន​អាច​​​សម្រេច​តាម​ទិសដៅ​កំណត់​ការ​នាំចេញ ​១ ​លាន​តោន​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥ ​មក​ ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​ស្ថិត​ក្នុង​រង្វង់ ​៦០០ ​០០០​ តោន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​ឲ្យ​ដឹង​ថា តម្លៃ​ផលិត​កាន់​តែ​ខ្ពស់ និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​​វិស័យ​នេះ កំពុង​កម្រិត​សមត្ថភាព​ប្រកួត​​ប្រជែង​របស់​កម្ពុជា​​។​

លោក​ថ្លែង​ថា​៖ «​សម្រាប់​ការ​នាំចេញ​នៅ​ឆ្នាំ​នេះ ​ខ្ញុំ​ព្យាករ​ថា ​មិន​អាច​កើត​ឡើង​បាន​ទេ ​ដោយ​​សារ​តែ​ការ​នាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា​ត្រូវ​បង់​ពន្ធ​នៅ​ក្នុង​ផ្សារ​ EU»។​

លោក សុផល បាន​ឲ្យ​ដឹង​ថា ​​ទោះ​បី​​រដ្ឋាភិបាល​​​ពេល​នេះ​កំពុង​ព្យាយាម​ដើម្បី​ជួយ​សម្រួល​វិស័យ​នេះ ដោយ​ការ​កាត់​បន្ថយ​​តម្លៃ​ផលិត ដើម្បី​កែ​លម្អ​សមត្ថភាព​​ប្រកួត​ប្រជែង​ ក៏​ដោយ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន ​និង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ច្រើន ដូច​ជា​​ផ្លូវ​​ថ្នល់ និង​​ប្រព័ន្ធ​ធារាសាស្ត្រ។​​

ដោយ​​សារ​តែ​កំពុង​រង​នូវ​​ការ​ហូត​ពន្ធ​​នាំចូល​របស់​សហភាព​​អឺរ៉ុប ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ អាច​ធ្លាក់​ទៅ​ក្នុង​បញ្ហា​បន្ថែម​ទៀត​ ប្រសិន​បើ​ EBA ​ត្រូវ​បាន​ដក​​។

ត្រង់​ចំណុច​នេះ លោក ​ច័ន្ទ ​សុផល ​បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា ​យក​ល្អ​ត្រូវ​ធ្វើ​ពិពិធកម្ម​ទិសដៅ​​​នាំចេញ​របស់​ខ្លួន​​ឲ្យ​បាន​​ច្រើន ជា​ជាង​ការ​ពឹងផ្អែក​លើ​ទីផ្សារ​តែ​ ១ ​គត់​។

បន្ទាប់​ពី​ការ​សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​​របស់​សហភាព​អឺរ៉ុប ប្រទេស ​ចិន ​បាន​​យល់​ព្រម​កាល​ពី​ខែ​មករា​ ​ក្នុង​ការ​បង្កើន​កូតា​នាំចូល​​​អង្ករ​ពី​​កម្ពុជា​ ដល់ ៤០០ ០០០ តោន​ នៅ​ឆ្នាំ​នេះ​ពី ៣០០ ០០០​ តោន​កាល​ពី​ឆ្នាំ​​មុន និង​​បន្ទាប់​មក​ប្រទេស​ ​វៀតណាម ​ដែល​យល់​ព្រម​នៅ​ខែ​​​នេះ ​ក្នុង​ការ​បន្ត​ផ្តល់​កូតា​ឲ្យ​កម្ពុជា​ ​៣០០ ០០០ ​តោន។​

លោក ​ហ៊ុន ឡាក់ អនុ​ប្រធាន​​សហព័ន្ធ​ស្រូវ​អង្ករ និង​ជា​ប្រធាន​​​ក្រុមហ៊ុន Mekong Oryza Trading Co. Ltd បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​​កម្ពុជា​មាន​កិច្ច​ព្រមព្រៀង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ជា​មួយ​ប្រទេស ​ចិន ​និង​វៀតណាម ​តែ​ប៉ុណ្ណោះ​ ដែល​អាច​ឲ្យ​ការ​នាំចេញ​អង្ករ​ដោយ​រួច​ពន្ធ​។​

លោក​សង្ឃឹម​ថា​ ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ នៅ​ឆ្នាំ​នេះ អាច​មាន​ចំនួន​ស្រដៀង​នឹង​ឆ្នាំ​មុន ខណៈ​ដែល​​ប្រទេស​ ​​កម្ពុជា ​ទទួល​បាន​កូតា​កាន់​តែ​ច្រើន​​ពី​ប្រទេស​ ​ចិន​។​ ​លោក​បាន​​លើក​ឡើង​ថា​៖ «​ការ​នាំ​ចេញ​ទៅ​ប្រទេស ​ចិន​ អាច​សម្រេច​បាន​តាម​ទិសដៅ​កំណត់​ដោយ​សារ​​​តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ដាក់​វិធានការ​គាំទ្រ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​តម្លៃ​​ផលិត​»។​

លោក​ ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ​ក្រសួង​តែង​តែ​ស្វែង​រក​ទីផ្សារ​ថ្មីៗ សម្រាប់​ផលិតផល​របស់​​កម្ពុជា​។​ ​លោក​បាន​ឲ្យ​ដឹង​ថា ​ខណៈ​​​កម្ពុជា​​ ពេល​នេះ​មាន​កិច្ច​ព្រមព្រៀង​កូតា ជា​មួយ​​ប្រទេស​តែ ២ គត់​ គឺ ចិន​ និង​វៀតណាម ​កម្ពុជា​កំពុង​ធ្វើ​ការងារ​ទ្វេ​ភាគី​ជា​មួយ​​ប្រទេស​ជា​ច្រើន​​ដើម្បី​ជំរុញ​ការ​នាំចេញ​​។​

លោក​ថ្លែង​ថា​៖ «​ដោយ​សារ​តែ​​​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទិស​ដៅ​ជា​ច្រើន​លើ​ពិភព​លោក»។

តាម​របាយការណ៍​នាំ​ចេញ​អង្ករ​ ប្រទេស ​កម្ពុជា ​បាន​​​នាំចេញ​ទៅ​​ទីផ្សារ​ជាង ​៣០ ​​ប្រទេស​ទូទាំង​ពិភព​លោក​ ក្នុង​​នោះ​​គ្រាន់​​តែ EU ​​មាន​ ​១៨ ​ប្រទេស​៕LA