ភ្នំពេញៈ ​ទោះបី​កម្ពុជា​បាន​​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​​អង្ករ​ទៅ​​សហភាព​អឺរ៉ុប (EU) ​​ក៏​ដោយ​ក៏​ការ​នាំចេញ​អង្ករ​​​​របស់​កម្ពុជា​បាន​មើល​ឃើញ​កំណើន​ ​៦ ​ភាគរយ​នៅ​ត្រីមាស​ទី​១ ​​ឆ្នាំ​នេះ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​នេះ​បើ​​តាម​តួលេខ​បាន​ពី​លេខាធិការ​ដ្ឋាន​​សេវា​ ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ការ​បំពេញ​បែប​បទ​ការ​នាំចេញ​អង្ករ​​​​។​

អ្នក​​​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា​ កំណើន​នេះ​គឺ​បាន​មក​ពី​ទីផ្សារ​របស់​ប្រទេស ចិន​ ដែល​ប៉ះប៉ូវ​​ដល់​ដំណើរការ​យឺត​នៅ​ក្នុង​ទីផ្សារ ​EU។

របាយការណ៍​​បាន​​បង្ហាញ​ថា ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​នេះ​មាន​ចំនួន​ ​១៧០ ​៨២១ ​តោន កើន​ឡើង ​៦ ​ភាគរយ​ពី​ ១៦១​ ១១៥ ​តោន​កាល​ពី​ឆ្នាំ​មុន​។​

លោក ​ហ៊ុន ​ ឡាក់ ​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា ​កំណើន​នេះ​ដោយសារ​តែ​កូតា​ថ្មី ​ដែល​​ផ្ដល់​ដោយ​រដ្ឋាភិបាល​​ចិន ​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​អង្ករ​ដោយ​រួច​ពន្ធ​ទៅ​ទីផ្សារ​ចិន​​រហូត​ដល់​ ៤០០ ​០០០ ​តោន​។​ លោក​ថ្លែង​ថា​៖ «​អត្រា​កំណើន​នេះ​គឺ​បាន​មក ​[ពី​កូតា​ទីផ្សារ​ចិន]​ ដែល​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​នាំចេញ​ ក្នុង​ការ​ផ្ដោត​លើ​ទីផ្សារ​ប្រទេស ​ចិន​»។​

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន ​បាន​ជួប​ជាមួយ​​លោក​ប្រធានាធិបតី​ ស៊ី ជីនភីង ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ​៤ ថ្ងៃ​ទៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​មករា ដោយ​លើក​ឡើង​ថា លោក​ ស៊ី បាន​យល់ព្រម​បន្ថែម​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​រហូត​ដល់ ​៤០០ ​០០០​ ​តោន​។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក ​ហ៊ុន ​ឡាក់ ​បាន​ឲ្យ​ដឹង​ថា ​ទីផ្សារ​ EU ​នៅ​តែ​មាន​ស្ថិរភាព ​ដោយសារ​តែ​អតិថិជន​ នៅ​តែ​គាំទ្រ​អង្ករ​កម្ពុជា​ ទោះ​បី​ជា​ចំនួន​​អាច​នឹង​មិន​កើន​ឡើង​នៅ​ពេល​អនាគត​ក៏​ដោយ​។​

ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា ​បាន​ធ្លាក់ចុះ​រួច​ហើយ​ក្នុង​រយៈពេល​ជិត ​២ ឆ្នាំ​ជាប់​គ្នា ​ក្នុង​គ្រា​ដែល ​EU ​មិន​បាន​ហូត​ពន្ធ​ម្ល៉េះ​ ​ហើយ​អ្នក​នៅ​ក្នុង​​ឧស្សាហកម្ម​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ​បញ្ជាក់​ថា ​ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​​​ក្នុង​ចំណោម​ទីផ្សារ​អន្តរជាតិ​។​

វិស័យ​អង្ករ​កម្ពុជា ​បាន​បាត់បង់​ការ​អនុគ្រោះ​​ពន្ធ​ពាណិជ្ជកម្ម​នាំចេញ​ដោយ​រួច​ពន្ធ​ទៅ​កាន់​សហភាព​អឺរ៉ុប​រយៈពេល ​៣ ​ឆ្នាំ ​កាល​​ពី​ថ្ងៃ​ទី ​១៧ ​ខែ​ មករា​ ឆ្នាំ ​២០១៩ ​តាម​បណ្តឹង​របស់​អ៊ីតាលី ​និង​អេស្ប៉ាញ​។​ ការ​យក​ពន្ធ​នេះ​ នឹង​ធ្វើ​ឲ្យ​ក​ម្ពុជា​ខាត​បង់​ប្រាក់​ប្រហែល ​៥៣ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ដំបូង​បើ​​​ផ្អែក​លើ​ចំនួន​ដែល​​កម្ពុជា​បាន​នាំចេញ​ទៅ​ EU កាល​ពី​ឆ្នាំ​មុន​។​

ប៉ុន្តែ​លោក​ សុង សារ៉ន ​ប្រធាន​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ EU អាច​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​នេះ​។​

លោក​ថ្លែង​ថា​៖ «​​​ប្រសិន​បើ​យើង​នៅ​តែ​មាន​ទីផ្សារ​ EU ​អត្រា​នេះ​នឹង​កើន​ឡើង​ដល់​ជាង ​១០ ​ភាគរយ​ធៀប​នឹង​ចំនួន​សរុប​»​។ លោក​បន្ត​ថា​៖ «​យើង​អរគុណ​ទីផ្សារ​ចិន​ ដោយសារ​តែ​ទីផ្សារ​នេះ​ជួយ​ធ្វើ​ឲ្យ​​តម្លៃ​ស្រូវ​​​មាន​ស្ថិរភាព​សម្រាប់​កសិករ​»​។​​

ចិន ​គឺ​ជា​ទីផ្សារ​ឈាន​មុខ​គេ​ទីពីរ​​សម្រាប់​អង្ករ​កម្ពុជា​បន្ទាប់​ពី​ប្លុក​អឺរ៉ុប។

កាល​ពី​ឆ្នាំ​មុន ​ប្រទេស ​កម្ពុជា ​បាន​នាំចេញ​អង្ករ​ ១៧០ ​១៥៤ ​តោន​ទៅ​ប្រទេស ​ចិន​ ខណៈ​ការ​នាំចេញ​ទៅ​ EU ​មាន​ចំនួន​ ២៦៩ ​១២៧ ​តោន។​ កាល​ពី​ឆ្នាំ​មុន​កម្ពុជា​ បាន​នាំចេញ​អង្ករ ​៦២៦ ​២២៥ ​តោន​ ធ្លាក់​ចុះ​បន្តិច​ពី ​៦៣៥ ​៦៧៩ ​តោន​កាល​ពី​ឆ្នាំ ​២០១៧៕LA