ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ បាន​ធ្លាក់​ចុះ​​ធៀប​នឹង​ចំណែក​ទីផ្សារ​ចិន​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​​បំពេញ​បែបបទ​នាំចេញ​អង្ករ​។

របាយការណ៍​បង្ហាញ​ថា ​ការនាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​​ ២០១៩ ​មាន​ចំនួន​ ២៨១ ៥៣៨​ ​តោន​កើនឡើង​ ៣,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ក្នុងនោះ​ចំណែក​ទីផ្សារ​ចិន​មាន​រហូត​ដល់​ទៅ​ជាង​ ៤០ ​ភាគរយ​នៃ​ការនាំចេញ​សរុប ខណៈ​អឺរ៉ុប​ជា​ទីផ្សារ​ឈាន​មុខ​នៃ​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​មក​នៅ​ជាង​​ ៣៣ ​ភាគរយ​ប៉ុណ្ណោះ​។

ក្នុង​ចំណោម​គោលដៅ​នាំចេញ​ទាំង​ ៥០ ​ប្រទេស ចិន គឺជា​ទីផ្សារ​នាំ​មុខ​គេ ដោយ​គិត​ពី​ដើម​ខែ​មករា​ដល់​ខែ​មិថុនា​មាន​ចំនួន ១១៨ ៤០១ ​តោន​ស្មើ​នឹង ៤២,០៦ ​ភាគរយ ខណៈ​ដែល​ការនាំ​ចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​តែ​ ៩៣ ៥០៣ ​តោន​ប៉ុណ្ណោះ​ស្មើ​នឹង​ជាង​ ៣៣ ភាគរយ​។

កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦២៦ ២២៥ តោន​កាលពី​ឆ្នាំ ២០១៨ ក្នុង​នោះ​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​រហូត​ដល់​ជាង ៤៣ ភាគរយ​នៃ​ការនាំចេញ​សរុប​ដែល​មាន​ចំនួន ២៦៩ ១២៧ តោន ខណៈ​ការនាំចេញ​ទៅ​ចិន​មាន​ ១៧ ​ម៉ឺនតោន​ស្មើ​នឹង ​២៧ ​ភាគរយ​។

លោក​ សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​ដែល​ជា​ក្រុមហ៊ុន​នាំចេញ​ឈាន​មុខ​គេ​ទី​ ៣ ​នៅ​ឆមាស​ទី​ ១ ​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​នៅពេល​នេះ​ភាគច្រើន​បាន​មកពី​បរិមាណ​នាំ​ចេញ​អង្ករ​ក្រអូប​កើនឡើង​ដែល​មាន​រហូត​ ៨៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​សូវ​ផ្តោត​តែ​លើ​បរិមាណ​នៃ​ការនាំចេញ​ច្រើន​ទៀត​ទេ តែ​យើង​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​នៃ​ការនាំចេញ​ដែល​អាច​ធ្វើឲ្យ​យើង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​»​។

បច្ចុប្បន្ន​អង្ករ​ក្រអូប​លេខ​ ១ របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រមាណ ៩៣០ ដុល្លារ​ក្នុង​ ១ ​តោន និង​អង្ករ​លេខ​ ២ តម្លៃ​ប្រហែល​ ៧៦០ ​ដុល្លារ​។ ចំណែក​អង្ករ​សមាន​តម្លៃ​ក្នុង​ចន្លោះ​ពី​ ៣៦០ ​ដុល្លារ​ទៅ​ដល់​ ៤៥០ ​ដុល្លារ​ក្នុង​ ១ ​តោន​។ នេះ​បើ​តាម​លោក សុង សារ៉ន​។

លោក​បន្ត​ថា​ការនាំ​ចេញ​អង្ករ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​ឆមាស​ទី​ ២ បើ​បរិមាណ​នៃ​ការនាំចេញ​ទៅ​កាន់​ប្រទេស​ចិន​អាច​សម្រេច​បាន​ទៅ​តាម​កូតា​ ៤០ ​ម៉ឺន​តោន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​។

ការបន្ថែម​កូតា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ចាប់​តាំងពី​ខែ​មករា​ទៅ​តាម​បណ្តឹង​របស់​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ​។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ថា ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ដើម្បី​បើក​ទីផ្សារ​ឲ្យ​កាន់តែ​ច្រើន ខណៈ​អាជ្ញាធរ​ក៏បាន​កាត់​បន្ថយ​ភាពស្មុគស្មាញ និង​ជួយ​សម្រួល​ដល់​ការធ្វើ​បែបបទ​ជាច្រើន​ផងដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ការបង្កើត​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​នាពេល​កន្លង​មក​សុទ្ធតែ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការគាំទ្រ​ទៅ​ដល់​ការនាំចេញ​អង្ករ​ឲ្យ​បាន​កាន់តែ​ច្រើន​»​។

ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា បរិមាណ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​អាច​សម្រេច​បាន​កំណើន​ប៉ុន្មាន​នោះ អាស្រ័យ​ទៅ​លើ​កិច្ចចរចា​រវាង​ក្រុមហ៊ុន​នាំចេញ និង​ប្រទេស​បញ្ជា​ទិញ​ផង​ដែរ​៕ LA