ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​ឆ្នាំ​ ២០១៨ ទាំង​ផ្លូវ​ការ ​និង​មិន​ផ្លូវ​ការ ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៥ ​ភាគរយ​ប្រមាណ​​ជា​ ១,៣៥ ​លាន​តោន​​។​ នេះ​បើ​យោង​តាម​របាយការណ៍​​របស់​អង្គការ​ស្បៀង​​អាហារ​ និង​​កសិកម្ម​របស់​​អង្គការ​សហប្រជាជាតិ (FAO)​។ យោង​តាម​របាយការណ៍​ក្នុង​បរិមាណ​នាំ​ចេញ​​អង្ករ​នេះ​ការ​នាំ​ចេញ​មិន​ផ្លូវ​ការ​សរុប​​ឆ្លង​កាត់​តាម​ព្រំដែន​នឹង​មាន​បរិមាណ​ ៦០ ម៉ឺនតោន ខណៈ​ការ​នាំ​ចេញ​ផ្លូវការ​នឹង​កើនឡើង​ដល់​ ៧៥ ​ម៉ឺន​តោន​។

បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ការ​នាំ​ចេញ​អង្ករ​ក្រៅ​ផ្លូវការ​ឆ្លងកាត់​តាម​ព្រំដែន​មាន​បរិមាណ ​៦៣៥ ៧០០ ​តោន​។​ នេះ​បើ​តាម​តួលេខ​របស់​​លេខាធិការដ្ឋាន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​​ការ​នាំ​ចេញ​អង្ករ​ដែល​បាន​លើក​ឡើង​ដោយ ​FAO ខណៈ​តួលេខ​របស់ FOA​ ក្នុង​រយៈពេល​ដូច​គ្នា​បាន​រកឃើញ​ថា អង្ករ​កម្ពុជា​សរុប​ដែល​នាំ​ចេញ​​ក្រៅ​ផ្លូវ​ការ​តាម​ព្រំដែន​មាន​​ចំនួន ៦៥ ​ម៉ឺន​តោន​។

លោកស្រី Shirley A. Mustafa D សេដ្ឋវិទូ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទីផ្សារ​របស់​អង្គការ FAO បាន​ឲ្យ​ដឹង​ថា៖ «​យើង​ពិចារណា​ពី​កត្តា​ប្រែប្រួល​នៅពេល​យើង​បែងចែក​ការព្យាករ​ពី​ការ​ជួញដូរ​អង្ករ​របស់​យើង​រួម​មាន​ចក្ខុវិស័យ​​ផ្គត់ផ្គង់ និង​តម្រូវការ​ ការ​បង្កើត​គោលនយោបាយ និង​តម្លៃ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក»។

លោកស្រី​បន្ត​ថា៖ «ដោយសារ​ការ​ប្រកាស​ជា​វិជ្ជមាន​ជាទូទៅ​​ពី​រដូវ​ប្រមូលផល​ឆ្នាំ ២០១៧/២០១៨ រហូត​ដល់​​បច្ចុប្បន្ន យើង​​ព្យាករ​ថា​កម្ពុជា​នឹង​ពឹង​ផ្អែក​លើ​ផល​លើស​ក្នុង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​»។

លោកស្រី Shirley អះអាង​ថា​ការ​បង្កើន​បរិមាណ​ទិញ​អង្ករ​​របស់​រដ្ឋាភិបាល​ចិន​នាពេល​ថ្មីៗ​នេះ​ពី​ប្រទេស​កម្ពុជា​រហូត​ដល់​ ៣០ ​ម៉ឺន​តោន​អាច​នឹង​ជំរុញ​កំណើន​នាំ​ចេញ​អង្ករ​នេះ»​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការ​នាំ​ចេញ​ផ្លូវការ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ វា​បាន​ផ្តល់​ឱកាស​ដល់​ការ​នាំ​ចេញ​អង្ករ​មិន​ផ្លូវការ​។

លោក​ថ្លែង​ថា៖ ​«​ដោយសារ​យើង​ស្ថិត​ក្នុង​រដូវ​ប្រមូលផល សមត្ថភាព​ផលិត​អង្ករ​របស់​ក្រុមហ៊ុន​កែច្នៃ​អង្ករ មិន​អាច​​ប្រមូល​ទិញ​ពី​កសិករ​បាន ដូច្នេះ​អង្ករ​ និង​ស្រូវ​របស់​យើង​ត្រូវ​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​តាម​ព្រំដែន ដោយសារ​កង្វះ​ហិរញ្ញវត្ថុ ការ​រក្សា​ទុក ​និង​ឃ្លាំង​ស្តុក​ស្រូវ»​។

បើ​ទោះ​​ជា​យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា​អាជ្ញាធរ​នឹង​គ្មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ។​ លោក​បន្ត​ថា៖ «​​ទោះបី​ជា​​យើង​​ដឹង​ថា​ វា​មិន​ចំណេញ​ដល់​​រដ្ឋក្តី​ តែ​យើង​មិន​អាច​រារាំង​​ការ​នាំ​ចេញ​អង្ករ​មិន​ផ្លូវការ​​នេះ​បាន​ទេ ​ដោយសារ​​វា​នឹង​ប៉ះពាល់​ដល់​កសិករ​យើង​»​។

យោង​តាម​ទិន្នន័យ​ដែល​ទទួល​​បាន​ពី​ក្រសួង​កសិកម្ម​កម្ពុជា​មាន​ផល​ស្រូវ​លើស​ ៥ ​លាន​តោន តែ​ជាក់​ស្តែង​កម្ពុជា​ពុំ​មាន​សមត្ថភាព​រក្សា​ទុក​ផល​ស្រូវ​លើស​នេះ​បាន​។

លោក ហ៊ាន វណ្ណហន លើក​ឡើង​ថា៖ «​ដូច្នេះ​បន្ទាប់ពី​ប្រមូលផល​រួច អង្ករ ​និង​ស្រូវ​របស់​យើង​ត្រូវ​ហូរ​ទៅ​កាន់​​ប្រទេស​ជិត​ខាង»​។ ​លោក​បន្ត​ថា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​អាច​នឹង​មាន​ចំនួន ៧០ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ​។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​យល់​ស្រប​​ចំពោះ​ទិន្នន័យ​របស់​អង្គការ FAO ហើយ​ថា​សមត្ថភាព​រក្សា​ទុក​ស្រូវ​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​។​

លោក​ថ្លែង​ថា៖ «​វា​ពិបាក​នឹង​គ្រប់គ្រង​ដោយសារ​យើង​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រើន​នៅ​តាម​ព្រំដែន​​»។

លោក​​បន្ថែម​ថា៖ «​ទោះ​ជា​យ៉ាង​​នេះ​ក្តី​ការ​នាំ​ចេញ​អង្ករ​មិន​​ផ្លូវការ​ក៏​ជា​កត្តា​វិជ្ជមាន​ផង​ដែរ​ចំពោះ​កសិករ​ដោយសារ​ពួកគាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ការ​ដាំដុះ​ស្រូវ​លើក​ក្រោយ​ទៀត​ តែ​កត្តា​អវិជ្ជមាន​ផ្សេង​ទៀត គឺ​យើង​ពិបាក​នឹង​សម្រេច​បាន​គោលដៅ​​នាំ​ចេញ​ ១ ​លាន​តោន​តាម​គោលដៅ​របស់​រដ្ឋាភិបាល​»។

ទោះបី​យ៉ាង​នេះ​ក្តី​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ចាត់​ទុក​ការ​នាំ​ចេញ​​ក្រៅ​ផ្លូវការ​ច្រើន​លើសលប់​ថា​ធ្វើឲ្យ​ខូចខាត​ដល់​កំណើន​សេដ្ឋកិច្ច​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging markets បាន​និយាយ​ថា ​រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចេញ​ក្រៅ​​ផ្លូវការ​នេះ​ ព្រោះ​វា​ធ្វើឲ្យ​កម្ពុជា​ខាត​បង់​ប្រាក់​ចំណេញ​ពី​ការ​នាំ​ចេញ​តម្លៃ​ពលកម្ម និង​ផលិតកម្ម​បន្ថែម​តម្លៃ​។

លោក​ថ្លែង​ថា​៖ «ខណៈ​ការ​នាំ​​ចេញ​ក្រៅ​ផ្លូវការ​ធំ​ជាង​នាំ​ចេញ​ផ្លូវការ ​វា​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​បាត់បង់​អត្ថប្រយោជន៍​ដូច​ជា​ចំណូល​ពី​ការ​នាំ​ចេញ​ឱកាស​ការងារ​តម្លៃ​បន្ថែម​ កេរ្តិ៍​ឈ្មោះ​ទីផ្សារ​ និង​ឱកាស​ជាមួយ​អ្នក​បញ្ជា​ទិញ​ចុង​ក្រោយ​»៕ BP